លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ បានដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងមន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពទឹកតាមសណ្ដស្ទឹងព្រែកត្នោត នៅថ្ងៃទី១០តុលា ឆ្នាំ២០២១ (រូបភាពពី រដ្ឋបាលរាជធានីភ្នំពេញ)

ទឹកស្ទឹងព្រែកត្នោតបានចាប់ផ្ដើមហក់ឡើងខ្ពស់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ប៉ុន្តែ មិនទាន់ឈានដល់កម្រិតប្រកាសអាសន្ននៅ​ឡើយទេ ខណៈអាជ្ញាធរ បានត្រៀមសម្ភារដូចជាគ្រឿងចក្ររំដោះទឹក និងទូកជម្លៀសពលរដ្ឋក្នុងករណីទឹកជំនន់កើនឡើងកាន់​តែ​ខ្លាំង។ 

លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹករាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១១តុលានេះថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ថានភាពទឹកស្ទឹងព្រែកត្នោតបានកើនឡើងបន្តិច តែក្រសួងធនធានទឹក និងសាលារាជធានីភ្នំពេញ បានត្រៀម​លក្ខណៈរួចរាល់ក្នុងការរំដោះទឹក និងជួយសង្រោះពលរដ្ឋរួចរាល់ហើយ។ លោក លើកឡើងថា ស្ថានភាពទឹកឆ្នាំនេះមានកម្រិតទាបជាងឆ្នាំ២០២០ ហើយមកដល់ពេលនេះមិនទាន់ឈានដល់កម្រិតប្រកាសអាសន្ននៅឡើយទេ។ 

លោក ថ្លែងថា៖«យើងបានត្រៀមអស់ហើយ ត្រៀមសម្ភារ គ្រឿងចក្រផ្សេងៗ ហើយក្រសួងធនធានទឹក បានប្រចាំការនៅតាមហ្នឹងអស់ហើយ ក្នុងករណីមានបញ្ហាគេចាត់ការភ្លាម ហើយចំពោះការត្រៀមចំពោះប្រជាពលរដ្ឋ ឯកឧត្តមអភិបាលរាជធានីភ្នំពេញបាន​ផ្ដាំផ្ញើអាជ្ញាធរពាក់ព័ន្ធអស់ហើយនៅតាមដងស្ទឹងហ្នឹង! ក្នុងករណីប្រឈមយ៉ាងម៉េច គេមានវិធានការអស់ហើយ»។ 

លោក ម៉ែត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានប្រាប់សារព័ត៌មានខ្មែរយ៉ាងខ្លីដែរថា កាលពីថ្ងៃទី១០តុលា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យស្ថានភាពទឹកស្ទឹកព្រែកត្នោតដោយផ្ទាល់ នឹងត្រៀមវិធានការ ទប់ស្កាត់ផ្សេងៗដើម្បីជម្លៀស និងជួយសង្រ្គោះពលរដ្ឋក្នុងករណីមានភ្លៀងធ្លាក់បន្តបន្ទាប់ទៀត។ 

កាលពីតុលាឆ្នាំ២០២០ ទំនប់ស្ទឹងព្រែកត្នោតបានបាក់ និងបានបង្កជាគ្រោះទឹកជំនន់នៅក្នុងខណ្ឌដង្កោ ដែលបានធ្វើឱ្យលិចផ្ទះចំនួន៤,៩៦៥ខ្នង និងឱ្យប៉ះពាល់ពលរដ្ឋចំនួន ៥ ៥៨៧ គ្រួសារ។ កាលណោះ អាជ្ញាធអាជ្ញាធរបានជម្លៀសពលរដ្ឋមួយចំនួនមកកាន់​ទី​តាំងសុវត្តិភាពចំនួន២ទីតាំង ដែលទីតាំងទី១នៅក្នុងបុរីភពថ្មីកួរស្រូវ២ និងទីតាំងទី២គឺនៅមុខផ្សារព្រែកជ្រៃ៕