រូបភាពឯកសារដកស្រង់ចេញពីអ៊ិនធឺណិត

កាលពី៣០ឆ្នាំមុន ស្រ្ដីឈ្មោះ Maxine Doogan មានផ្ទៃពោះ គឺប៉ុន្មានខែបន្ទាប់ពីនាងទើបចូលបម្រើការនៅកន្លែងស្រ្ដីរកស៊ីផ្លូវភេទ។ ស្រ្ដីរូបនេះបានលើកឡើងថា នាងទទួលបានអតិថិជនថ្មីម្នាក់ នៅឯហាងម៉ាស្សាមួយកន្លែងនៅទីក្រុង Anchorage រដ្ឋ Alaska ប៉ុន្តែក្រោយមកនាងបានដឹងថា បុរសរូបនេះបានលួចដកស្រោមអនាម័យចេញយ៉ាងសម្ងាត់អំឡុងពេលរួមភេទ។

នៅពេលដឹងថាមានការលួចដកស្រោមអនាម័យចេញ នាងបានរត់ទៅបន្ទប់ទឹក ហើយនៅពេលត្រឡប់មកវិញ បុរសរូបនោះក៏ចាកចេញទៅបាត់។ ស្រ្ដីរូបនេះបានទៅធ្វើតេស្ដរកមេរោគអេដស៍ ប៉ុន្តែចេញលទ្ធផលអវិជ្ជមាន ហើយ៦សប្ដាហ៍ក្រោយមក នាងទៅរំលូតកូន និងបានអាក់ខានបំពេញការងារអស់រយៈពេលប្រហែល១ខែ។ នាងបញ្ជាក់ថា បុរសរូបនោះគឺបានធ្វើខុស ប៉ុន្តែមិនមែនជាការខុសច្បាប់នោះទេ។

ប៉ុន្តែឥឡូវនេះ រដ្ឋមួយនៅអាមេរិកបានចេញច្បាប់កំណត់ថា ការលួចដកស្រោមអនាម័យចេញដោយគ្មានការព្រមព្រៀងពីដៃគូ គឺជាទង្វើខុសច្បាប់។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះ អភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក Gavin Newsom បានចុះហត្ថលេខាលើច្បាប់ប្រឆាំងនឹងការដកស្រោមអនាម័យ ដែលមិនមានការយល់ព្រមពីដៃគូ ដែលត្រូវបានគេស្គាល់ថា ជាការលួចបន្លំ និងបានធ្វើឱ្យកាលីហ្វ័រញ៉ា ក្លាយជារដ្ឋអាមេរិកដំបូងគេបង្អស់ដែលមានច្បាប់នេះ។

ច្បាប់នេះផ្តល់ឱ្យជនរងគ្រោះនូវសំណងផ្លូវច្បាប់ច្បាស់លាស់មួយ។ ក្រុមអ្នកតស៊ូមតិនិយាយថា វាជាការផ្លាស់ប្តូរដ៏ធំធេងមួយសម្រាប់​ជនរងគ្រោះផ្សេងទៀត ដែលជួបប្រទះរឿងរ៉ាវដូចនាង Maxine Doogan ដែលឥឡូវនេះ ជនល្មើសនោះប្រហែលកំពុងស្ថិតនៅក្នុងពន្ធនាគារនៅឡើយ។

លោកស្រី Cristina Garcia សមាជិកសភាការដ្ឋលីហ្វ័រញ៉ាដែលបានដាក់ចេញច្បាប់នេះ បាននិយាយថា៖«យើងចង់ធ្វើឱ្យប្រាកដថាវាមិនត្រឹមតែជាអំពើអសីលធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងខុសច្បាប់ទៀតផង»។

យោងតាមការសិក្សាមួយនៅឆ្នាំ២០១៩ ដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងបណ្ណាល័យវេជ្ជសាស្ត្រជាតិអាមេរិកបានរកឃើញថា ស្ត្រី​១២​%ដែលមានអាយុពី២១ទៅ៣០ឆ្នាំបានរាយការណ៍ពីបទពិសោធន៍ជួយប្រទះការលួចដកស្រោមអនាម័យចេញយ៉ាងសម្ងាត់នេះ។ នៅឆ្នាំដដែលនោះអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Monash នៅប្រទេសអូស្ត្រាលីបានរកឃើញថា ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី៣នាក់ និងបុរសម្នាក់ក្នុងចំណោម៥នាក់ដែលរួមភេទជាមួយបុរសដូចគ្នា បានក្លាយជាជនរងគ្រោះពីការលួចបន្លំនេះ។

ការស្រាវជ្រាវមួយផ្សេងទៀតនៅឆ្នាំ២០១៩ បានរកឃើញថា ស្ទើរតែ១០%នៃបុរស គឺបានរាយការណ៍ពីការដកស្រោមអនាម័យចេញអំឡុង​ក្នុងពេលកំពុងរួមភេទដោយគ្មានការយល់ព្រមជាមុនពីដៃគូស្រ្ដី៕