ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen ថ្លែងសុន្ទរកថាក្នុងពិធីអបអរសាទរទិវាជាតិនៅមុខអគារប្រធានាធិបតីនៅថ្ងៃទី ១០ តុលា ឆ្នាំ២០២១។ រូបភាព៖ AP

ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen បាននិយាយនៅថ្ងៃអាទិត្យនេះថា កោះតៃវ៉ាន់ នឹងមិនចុះចាញ់នឹងការ​គាប​សង្កត់​កាន់តែខ្លាំងពីប្រទេសចិនឡើយ ហើយលោកស្រីថា នឹងការពាររបៀបរស់នៅតាមបែបប្រជាធិបតេយ្យរបស់ខ្លួនដដែល ថ្វីត្បិតកំពុងកើនឡើងនូវការលុកលុយដោយយន្តហោះចម្បាំងពីចិនជាច្រើនដង ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់​កោះ​តៃ​វ៉ាន់ក្ដី។

កោះតៃវ៉ាន់ដែលមានប្រជាជនចំនួន២៣លាននាក់ កំពុងស្ថិតក្រោមការគំរាមកំហែងឥតឈប់ឈរពីប្រទេសចិន ដែលរដ្ឋអំណាចទីក្រុងប៉េកាំងនៅតែបន្តចាត់ទុកកោះនេះ ថាជាទឹកដីរបស់ខ្លួន ហើយបានប្តេជ្ញាថា នឹងប្រើកម្លាំងដណ្ដើមមកវិញនៅថ្ងៃណាមួយ ប្រសិនបើចាំបាច់។

លោកស្រី Tsai បាននិយាយនៅក្នុងសុន្ទរកថាមួយក្នុងពេលប្រារព្ធទិវាជាតិតៃវ៉ាន់ថា៖«យើងសម្រេចបានសមិទ្ធផលកាន់តែច្រើន ហើយយើងក៏ប្រឈមមុខនឹងសម្ពាធកាន់តែច្រើនដូចគ្នាពីប្រទេសចិន។ គ្មាននរណាអាចបង្ខំតៃវ៉ាន់ឱ្យដើរតាមផ្លូវដែលចិនបានកំណត់សម្រាប់យើងឡើយ»។

លោកស្រីបញ្ជាក់ថា តៃវ៉ាន់ចង់បន្ធូរបន្ថយភាពតានតឹងជាមួយរដ្ឋធានីប៉េកាំង ប៉ុន្តែមិនគួរមានការបំភាន់ថា ប្រជាជនតៃវ៉ាន់ នឹងឱនក្បាលចំពោះការដាក់សម្ពាធពីចិនឡើយ។

ការថ្លែងពីមេដឹកនាំតៃវ៉ាន់នេះ ស្របពេលភាពតានតឹងជាមួយចិន បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ ក្រោមការដឹកនាំរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង គឺបានកាត់ផ្តាច់ទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ បន្ទាប់ពីការជាប់ឆ្នោតរបស់លោកស្រី Tsai កាលពី៥ឆ្នាំ។ លោក ស៊ី ជីនពីន បានបង្កើនសម្ពាធទាំងសេដ្ឋកិច្ច ការទូត និងយោធាលើកោះតៃវ៉ាន់។

លោកស៊ី បានចាត់ទុក ការដណ្ដើមកោះតៃវ៉ាន់មកវិញ ជាគោលដៅសំខាន់នៃការដឹកនាំរបស់លោក។ កាលពីថ្ងៃសៅរ៍ម្សិលមិញ លោកក៏បានប្រកាសនៅក្នុងសុន្ទរកថាមួយថា ការបង្រួបបង្រួមពេញលេញជាមួយកោះតៃវ៉ាន់ នឹងក្លាយជាការពិត៕