
កសិករនៅខេត្តពោធិ៍សាត់ម្នាក់ សម្រចបន្តជ្រើសយករបរតពីឪពុក ដើម្បីចិញ្ចឹមសត្វប្រចៀវ យកលាមកធ្វើជាជីសម្រាប់ដាក់ដំណាំផ្សេងៗ សម្រាប់ផ្គត់ផ្គង់គ្រួសារ និងអាចឱ្យលោក អាចបញ្ជូនកូនៗបន្តការសិក្សាថ្នាក់បរិញ្ញាបត្រថែមទៀត។
លោក កេង គឹមសេង អាយុ៧០ឆ្នាំ ជាអ្នកចិញ្ចឹមសត្វប្រចៀវនៅក្នុងស្រុកបាកាន បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី៨តុលានេះថា លោកបានចាប់ផ្តើមធ្វើសម្បុកចិញ្ចឹមសត្វប្រចៀវតាំងពីឆ្នាំ ១៩៨២មកម្ល៉េះ ដោយលោកបានរៀនចេះពីវិធីចិញ្ចឹមតពីឳពុក ដែលធ្លាប់យកលាមកសត្វប្រចៀវធ្វើជាជីដាក់ដំណាំ ខណៈជីប្រភេទនេះល្អជាងជីលាមកសត្វដដៃទៀត ព្រោះសត្វប្រចៀវជាសត្វស៊ីសត្វល្អិតជាចំណី ទើបធ្វើឱ្យលាមករបស់វាមានជីវជាតិល្អសម្រាប់ដំណាំ។
លោកថ្លែងដូច្នេះថា៖« ពីដើមប្រចៀវមានរាប់លានក្បាល ហើយលាមករបស់វាក្នុងមួយថ្ងៃមានចន្លោះពី១៥ទៅ២០ធុង។ ប៉ុន្តែដោយសារក្រោយមកមានការបំផ្លាញ ការចាប់ប្រចៀវយកទៅបរិភោគ ចំនួនប្រចៀវធ្លាក់ចុះមករហូតដល់បច្ចុប្បន្ននៅសល់ប្រហែល២ទៅ៣ម៉ឺនក្បាល និងអាចប្រមូលលាមករបស់វាបានត្រឹម២ទៅ៣ធុងប៉ុណ្ណោះ ដែលក្នុងមួយធុងមានទំងន់ប្រមាណ៦គីឡូក្រាម»។
លាមកប្រចៀវមួយគីឡូក្រាម លោកអាចលក់បាន ៥០០០រៀល និងបានលក់ចែកចាយទៅដល់កសិករនៅក្នុងស្រុក ក៏ដូចជាក្រៅស្រុកជាច្រើនដែលតែងតែសុំទិញពីលោកផ្ទាល់។ លោកអះអាងថា ធ្លាប់មានអ្នកសុំទិញពីលោកច្រើន ដើម្បីយកទៅលក់បន្ត ប៉ុន្តែលោកមិនព្រមលក់ ដោយលោកចង់ទុកគ្រាន់លក់ចែកចាយដល់កសិករតែប៉ុណ្ណោះ។ លោកក៏បានណែនាំពីរបៀបប្រើប្រាស់លាមកសត្វប្រចៀវនេះទៅកាន់កសិករផ្សេងទៀត ដោយអាចយកទៅលាយជាមួយលាមកសត្វដទៃទៀតដើម្បីទទួលបានប្រសិទ្ធភាពកាន់តែប្រសើរឡើង។
លោកបន្តថា៖«ចំពោះលាមកប្រចៀវ យើងយកប្រើសុទ្ធកាន់តែល្អ ព្រោះវាមានប្រសិទ្ធភាពខ្ពស់ ប៉ុន្តែយើងអាចយកទៅកែច្នៃបាន ដោយយកទៅលាយជាមួយលាមកសត្វផ្សេងៗដូចជា លាមកគោ ឬជីកំប៉ុសអ៊ីចឹងទៅ ដើម្បីឱ្យបានគុណភាពជីហ្នឹងកាន់តែខ្ពស់»។
លោក គឹមសេង អះអាងថា មុខរបរចិញ្ចឹមសត្វប្រចៀវយកលាមកនេះ បានជួយឱ្យលោកបញ្ជូនកូន ៧នាក់ បានរៀនសូត្រចប់ចុងចប់ដើមនៅសាកលវិទ្យាល័យ។ បើគិតពីចំនួនប្រចៀវដែលនៅក្នុងទីតាំងរបស់លោកសព្វថ្ងៃនេះ លោកអាចរកចំណូលបានចន្លោះពី ៣០០ទៅ ៤០០ដុល្លារក្នុងមួយខែ។
គោលបំណងរបស់លោកក្នុងការចិញ្ចឹមប្រចៀវនេះ គឺដើម្បីអភិរក្សសត្វប្រចៀវ ខណៈដែលសត្វប្រចៀវមានមុខងារចម្បងជាសត្វស៊ីសត្វល្អិតចង្រៃ ចំណែកលាមករបស់វា អាចប្រើប្រាស់ជាជីដាក់ដំណាំគ្រប់ប្រភេទផង។ លោកថា ការចិញ្ចឹម និងអភិរក្សសត្វប្រចៀវនេះ ជាការងារមួយស្រួលរកប្រាក់ចំណូល និងមិនរវល់ច្រើន។ លោកស្រឡាញ់ និងចាត់ទុកសត្វប្រចៀវហាក់ដូចជាអ្នកមានគុណរបស់លោក ហើយលោកបានសាងសង់រូបសំណាកសត្វប្រចៀវនៅជាប់ដំបូលផ្ទះរបស់លោកផ្ទាល់ថែមទៀត៕
- ដើម្បីកសាងសមត្ថភាព និងរួមចំណែកកសាងប្រព័ន្ធសុខាភិបាលឯកជនឌីជីថល សមាគមអ្នកផ្ដល់សេវាសុខាភិបាលឯកជននៅកម្ពុជា ចុះអនុស្សរណៈយោគយល់ ជាមួយកម្មវិធី ពេទ្យយើង - នៅថ្ងៃទី 20/05/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា (ប្រកាសឡើងវិញ) - នៅថ្ងៃទី 18/02/2022
- ឱកាសការងារនៅអង្គភាពសារព័ត៌មានឌីជីថល ខ្មែរណាស់ - នៅថ្ងៃទី 03/11/2021