ពលរដ្ឋកំពុងត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។ រូបភាព៖រដ្ឋបាលក្រុងប៉ោយប៉ែត

រាជធានីនិងខេត្តចំនួន១៥ នឹងបន្តមានភ្លៀងធ្លាក់ ផ្គររន្ទះ និងចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ នឹងប្រឈមខ្យង់កន្ត្រាក់ ដោយសារកម្ពុជាត្រូវទទួលរងឥទ្ធិពលមួយចំនួន ដូចជាមូសុងនិរតីក្នុងកម្រិតពីមធ្យមទៅខ្លាំង ជ្រលងសម្ពាធទាបប៉ាស៊ីហ្វិក ឥទ្ធិពលព្យុះ​ទី​១៧ និងប្រព័ន្ធសម្ពាធទាប។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក ដែលបានចេញផ្សាយនៅដើមសប្ដាហ៍នេះ។

ក្រសួងបញ្ជាក់ថា បណ្ដាខេត្តនៅតំបន់វាលទំរាបកណ្ដាល រួមមានរាជធានីភ្នំពេញ ខេត្តកណ្ដាល ស្វាយរៀង ព្រៃវែង កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ និងសៀមរាប នឹងបន្តមានពពកច្រើនដេរដាស មានភ្លៀង ផ្គររន្ទះ និងកម្រិតមធ្យមទៅខ្លាំង និងអាចបង្កជាជំនន់ភ្លៀងនៅភូមិសាស្រ្ដមួយចំនួន។

បណ្ដាខេត្តនៅជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឥសាន មានដូចជាខេត្តព្រះវិហារ ឧត្តមមានជ័យ កំពង់ចាម និងត្បូងឃ្មុំ នឹងអាចមានពពកច្រើនដេរដាស មានភ្លៀងធ្លាក់កម្រិតមធ្យមទៅខ្លាំង និងអាចបង្កជាជំនន់ភ្លៀងក្នុងភូមិសាស្រ្ដមួយចំនួន។

រីឯតំបន់មាត់សមុទ្រ ដូចជាខេត្តកោះកុង និងក្រុងព្រះសីហនុ នឹងអាចមានពពកច្រើន និងភ្លៀងធ្លាក់ពីកម្រិតតិចទៅមធ្យម ឬពីកម្រិតមធ្យមទៅខ្លាំង និងអាចបង្កជាទឹកជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្ដមួយចំនួន។ តំបន់មាត់សមុទ្រទាំងនេះ នឹងអាចមានខ្យល់កន្ត្រាក់ក្នុងល្បឿនពីមធ្យមទៅខ្លាំង និងមានរលកទឹកសមុទ្រពីមធ្យមទៅខ្ពស់ ខណៈតំបន់វាលទំនាបមានខ្យក់កន្ត្រាកក្នុងល្បឿនមធ្យម និងបណ្ដាខេត្តជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឥសាន នឹងមានខ្យល់កន្ត្រាក់ក្នុងល្បឿនពីមធ្យមទៅខ្លាំង។