សត្វប្រើសដែលត្រូវបានសង្គ្រោះនៅដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ននៅថ្ងៃទី៧តុលា។ រូបភាព៖ Neth Pheaktra

សត្វប្រើសស្បូវញីមួយក្បាលទម្ងន់ប្រមាណពី១៥០​ ទៅ២០០គីឡូក្រាមដែលជាប់អន្ទាក់ព្រាននៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ក្នុង​ភូមិសាស្ត្រខេត្តឧត្តរមានជ័យ ត្រូវបានជួយសង្គ្រោះ និងដោះលែងឱ្យចូលទៅក្នុងព្រៃធម្មជាតិវិញវិញ កាលពីថ្ងៃទី៧តុលា។ នេះ​បើតាមគេហទំព័រហ្វេសប៊ុក លោក នេត្រ ភក្ត្រា  មន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅរសៀលថ្ងៃទី៨តុលានេះ។

ទំព័រហ្វេសប៊ុកលោក នេត្រ ភក្ត្រា  បន្តថា សត្វប្រើសស្បូវញីនេះ ត្រូវបានមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការតំបន់ស្នូល បានប្រទះឃើញជាប់អន្ទាក់នៅអំឡុងពេលកំពុងដើរល្បាតចាប់ពីខាងក្រោយស្នាក់ការរហូតទៅដល់ចំណុចត្រពាំងកើយអណ្ដើកស្ថិតក្នុងតំបន់​ដែន​ជម្រក​សត្វព្រៃសង្ឃរុក្ខវ័នខេត្តឧត្ដរមានជ័យ។ 

យោងតាមរបាយការណ៍៩ខែឆ្នាំ២០២១នេះ មន្ត្រីឧទ្យានុរក្សបានដោះអន្ទាក់ជិត៣ម៉ឺនអន្ទាក់ ចេញពីតំបន់ការពារធម្មជាតិនៅទូទាំងប្រទេស និងសត្វព្រៃជាច្រើន ក្បាលត្រូវបានជួយសង្គ្រោះលែងចូលក្នុងព្រៃ។

យោងតាមការសិក្សារបស់អ្នកជំនាញ ប្រើសជាប្រភេទសត្វមានដោយបង្គួរ និងត្រូវបានចុះក្នុង បញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ជាក់លាក់ ដែលវារស់នៅ។ សត្វប្រើសមានវត្តមាននៅ តាមតំបន់ការពារធម្មជាតិនានានៅភូមិភាគខាងជើង និរតី និង ភូមិភាគ​ឦសាននៃប្រទេសកម្ពុជា ហើយត្រូវបានគេប្រទះឃើញផងដែរ នៅប្រទេសឥណ្ឌា ប្រទេសចិន និងភូមិ ភាគអាស៊ីអាគ្នេយ៍រួមទាំងកោះស៊ូម៉ាត្រានិងកោះជ្វាជាដើម។ 

ប្រើសជាសត្វដែលអាចរស់នៅគ្រប់ ជម្រកទាំងអស់រួមទាំងព្រៃស្រោង ពាក់ កណ្តាលស្រោង និងព្រៃរបោះ ហើយវារកស៊ីនៅពេលព្រលប់ និង ពេលព្រលឹម និងសម្រាកនៅពេលថ្ងៃនៅតាមព្រៃក្រាស់ៗ៕