នាយករដ្ឋមន្រ្តីចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១។ រូបភាព៖ SPM

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ៨តុលានេះបានលើកឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថា ប្រសិនបើមិនមានការឆ្លង និងស្លាប់ច្រើនក្រោយពីបុណ្យភ្ជុំបិណ្ឌ ១៥ថ្ងៃ នោះកម្ពុជាដល់ពេលដែលត្រូវបើកសេដ្ឋកិច្ច និងសង្គមគ្រប់វិស័យឡើងវិញហើយ។ 

សម្តេចលើកឡើងបែបនេះ ក្រោយពីថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌចំនួន ៣ថ្ងៃ នៅតាមរមនីយដ្ឋានមួយចំនួនក្នុងប្រទេសកម្ពុជាមានភ្ញៀវច្រើនកុះករ ដែលកន្លែងខ្លះឈានដល់មានសមត្ថកិច្ចចុះបិទបណ្តោះអាសន្ន ដើម្បីបញ្ជៀសការជួបជុំគ្នាច្រើនពេក។ 

សម្ដេចថ្លែងដូច្នេះថា៖«ប្រសិនបើក្នុងរង្វង់១០ទៅ១៥ថ្ងៃ ស្ថានភាពរបស់យើងនៅនឹងនរ​ អត្រាឆ្លងនិងស្លាប់ត្រឹមកម្រិតប៉ុណ្ណេះដូចរាល់ថ្ងៃ។ ខ្ញុំគិតថា ដល់ពេលដែលយើងត្រូវបើសេដ្ឋកិច្ចនិងសង្គមឡើងវិញលើគ្រប់វិស័យ ប៉ុន្តែត្រូវទៅតាមគន្លងថ្មី ជាមួយនឹងវិធានការ ៣កុំនិង៣ការពាររបស់យើង។ ដែលនឹងនាំទៅការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់យើង។

លោកបន្តថា៖«ឥឡូវ! ទាំង IMF ទាំងធនាគារពិភពលោក និងស្ថាបនហិរញ្ញវត្ថុដទៃទៀត បានព្យាករណ៍ដំឡើងអត្រា នៃកំណើនសេដ្ឋកិច្ចរបស់យើងពី១,៨ទៅ២,២ភាគរយ ដែលមុននោះគឺឆ្នាំមុន យើងប្រជុំគ្នានៅទីនេះ គឺព្យាករណ៍ថា កំណើនសេដ្ឋកិច្ចមាន៤,១ភាគរយ។ ប៉ុន្តែដោយសារការវាយលុកដោយជំងឺរាតត្បាត គឺមាន​ការព្យាករណ៍សារជាថ្មីថា យើងធ្លាក់មកត្រឹម១,៨ភាគរយ ហើយឥឡូវគេព្យាករណ៍ថា នឹងឡើងទៅ២,២ភាគរយ ប៉ុន្តែប្រសិនបើ២ខែចុងឆ្នាំ យើងអាចបើកបាន ជាពិសេសគឺទេសចរណ៍ផ្ទៃក្នុង និងសេវាដទៃទៀត កំណើតសេដ្ឋកិច្ច នឹងអាចឡើងលើសហ្នឹងបន្តិច ចំណូលថវិកាជាតិ​នឹងវិលមកកាន់ស្ថានភាពល្អប្រសើរ»។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ចាប់ពីថ្ងៃទី៥ដល់៧ មានភ្ញៀវទេសចរណ៍ដើរកម្សាន្តទូទាំងប្រទេសជាង៦៦ម៉ឺននាក់ ដោយថ្ងៃទី១មានភ្ញៀវទេសចរណ៍ជាង១៤ម៉ឺននាក់ ថ្ងៃទី២​មានជាង២៧ម៉ឺននាក់  និងថ្ងៃទី៣ជាង២៤ម៉ឺននាក់ ក្នុងនោះមានភ្ញៀវទេសចរណ៍អន្តរ​ជាតិជាងជិត៥០០នាក់។

ដោយឡែកកាលពីថ្ងៃទី ៦តុលា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារសម្លេងមួយដោយអះអាងថា ការបើកឱ្យពលរដ្ឋដើរកំសាន្តតាមរមនីយដ្ឋាននានាក្នុងអំឡុងពេលឈប់សម្រាកនៃពិធីបុណ្ឌភ្ជំបិណ្ឌនេះ គឺជាការសាកល្បងដ៏ធំបំផុតមួយ រវាងគ្រោះមហន្តរាយនិងការបើកប្រទេស។ សម្ដេចថា កម្ពុជាបានត្រៀមទទួលយកការឆ្លងធ្ងន់ធ្ងរដូចនៅឥណ្ឌានៅក្រោយពិធីបុណ្យសាសនាចប់ ប៉ុន្តែប្រសិនគ្មានករណីឆ្លងច្រើនក្រោយពីបុណ្យភ្ជុំ នោះកម្ពុជានឹងអាចបន្តបើកប្រទេសពេញលេញឡើងវិញ។

ជាមួយគ្នានេះ លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានយល់ឃើញថា ជំងឺកូវីដ១៩ គឺជារឿងមួយដែលមនុស្សគ្រប់គ្នាមិនគួរភ្លេចពីវា និងវិធានការសុខាភិបាលដែលកំពុងតែមានអនុវត្តស្រាប។ 

លោកថា៖« ការសាកល្បងក៏សាកទៅ ប៉ុន្តែសំខាន់មិនមែនសាកល្បងរបៀបដូចអ្វីដែលកើតមាននៅអន្លង់ជ្រៃ​ ហើយអ្វីដែលគេឃើញរូបភាពនៅតាមខេត្តមួយចំនួនដែលមានមនុស្សច្រើនអ៊ូអរច្រើននោះទេ​។ គួរតែសាកល្បងក្នុងន័យមួយថា ដើរលេងដែរ ប៉ុន្តែដើរដោយមានការប្រុងប្រយ័ត្ន មិនមែនដើរទៅជួបជុំគ្នា ឆ្វេចឆ្វាច មិនពាក់ម៉ាស និងមិនមានគម្លាត ដែលជាការប្រាស្រ័យទាក់ទងស្ថិតនៅក្នុងស្ថានភាពប្រឈមបែបនេះនោះទេ»។ 

លោកថា ពលរដ្ឋមួយចំនួនធំហាក់មិនគោរពទៅតាមវិធានការរបស់រដ្ឋាភិបាលនៅឡើយ ជាក់ស្តែងពលរដ្ឋនៅតាមភូមិស្រុក គឺនៅតែមានការជួបជុំគ្នាមនុស្សច្រើន​ មិនពាក់ម៉ាស ដែលឥរិយាបទទាំងនោះស្ថិតនៅក្នុងស្ថានភាពប្រឈមជាមួយជំងឺនៅឡើយ។ លោកបន្តថា ទាំងសកម្មភាពនៅតាមរមនីយដ្ឋាននានាដែលមានមនុស្សកកកុញ និងសកម្មភាពរបស់ពលរដ្ឋនៅតាមភូមិស្រុកទាំងនោះ គឺជាអ្វីដែលព្រួយបារម្ភ ថានឹងអាចមានផលប៉ះពាល់អ្វីខ្លះកើតឡើងក្នុងរយៈ ១ទៅ ២សប្តាហ៍ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌចប់ទៅ៕