រូបភាពឯកសារ ក្នុងជំនួបរបស់លោក មិកាមិ ម៉ាសាហ៊ីរ៉ូ និងលោក ប្រាក់ សុខុន ក្នុងការចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានឥតសំណងគម្រោងប្រព័ន្ធបង្ហូរទឹកកខ្វក់នៅរាជធានីភ្នំពេញកន្លងមក។ រូបភាព៖​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុននៅថ្ងៃទី ១១តុលាខាងមុខ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី ៨តុលានេះ។

នៅក្នុងនោះ គម្រោងផ្តល់ឥណទានសម្បទាន មានចំនួនទឹកប្រាក់ប្រមាណ ៥៨.២១លានដុល្លារ ក្នុងគោលបំណងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តសៀមរាបដំណាក់កាលទី២។ ចំណែកហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនគឺផ្តោតទៅលើគម្រោងចំនួន ៥រួមមាន គម្រោងទី១ គាំទ្រដំណើរការកសាងផែនការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាពលើផ្ទៃដីបោសសម្អាតក្នុងចំនួនទឹកប្រាក់ប្រមាណ ១.៨លានដុល្លារអាមេរិក។ គម្រោងទី២ ជាគម្រោងសម្ភារបច្ចេកទេស សម្រាប់មន្ទីរពិសោធន៍ជាតិសំណង់ មានចំនួនទឹកប្រាក់ប្រមាណ ២.២៧លានដុល្លារអាមេរិក។

រីឯគម្រោងទី៣ គឺជាគម្រោងសម្ភារបច្ចេកទេសសម្រាប់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ និងមជ្ឈមណ្ឌលទិន្នន័យ មានទឹកប្រាក់ប្រមាណ២.២៧លានដុល្លារអាមេរិក។ គម្រោងទី ៤ជាគម្រោងបំពាក់ឧបករណ៍សម្ភារ និងបរិក្ខារបច្ចេកទេសសម្រាប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងទំហំទឹកប្រាក់ប្រមាណ ៣.៦៣លានដុលា្លរអាមេរិក។ ចំពោះគម្រោងទី ៥ គឺកម្រោងបំពាក់សម្ភារបរិក្ខារ និងគ្រឿងម៉ាស៊ីន ក្នុងវិស័យឧស្សាហកម្មគ្រឿងយន្តអេឡិចត្រូនិច និងមេកានិចនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញមានចំនួនទឹកប្រាក់ប្រមាណ ៤.៥៤លានដុល្លារអាមេរិក។

ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនទាំងនេះ នឹងជួយរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា និងជួយពង្រឹងបន្ថែមនូវមិត្តភាពរវាងកម្ពុជា ជាមួយជប៉ុន។

សូមបញ្ជាក់ថា កន្លងមក ជប៉ុនធ្លាប់បានផ្តល់ជំនួយឥតសំណងជាច្រើនដល់កម្ពុជា ដែលក្នុងនោះរួមមាន ស្ពាន ផ្លូវថ្នល់ គម្រោងផ្គត់ផ្គង់ទឹកស្អាតនិងគម្រោងផ្សេងៗទៀត។ កាលពីថ្ងៃទី ១៦កក្កដា ប្រព័ន្ធរំដោះទឹកមួយនៅក្នុងម្តុំវត្ថភ្នំ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានដាក់ឱ្យដំណើរការ ដែលប្រព័ន្ធរំដោះទឹកនេះមានទំហំទឹកប្រាក់ចំនួន ៣៦លានដុល្លារ និងប្រើរយៈពេលជាង ២ឆ្នាំក្នុងការសាងសង់។ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ​ ក៏ធ្លាប់បានសម្តែងការរីករាយនៅពេលគម្រោងនេះបិទបញ្ចប់ការសាងសង់ ហើយលោកសង្ឃឹមថា ប្រព័ន្ធរំដោះទឹកនេះអាចដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងសម្រាប់ប្រជាជននៅតំបន់នោះ ក៏ដូចជានៅរាជធានីភ្នំពេញទាំងមូលផងដែរ៕