នហ្វេសប៊ុកលោក Mark Zuckerberg។ រូបភាពដក់ស្រង់ពីអ៊ិនធឺណិត។

ស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុកលោក Mark Zuckerberg បាននិយាយសុំទោស ក្រោយហ្វេសប៊ុកបានដាច់ចេញពីប្រព័ន្ធអនឡាញអស់រយៈពេលជិត៦ម៉ោងកាលពីថៃចន្ទ និងបានធ្វើឱ្យប៉ះពាល់អ្នកប្រើប្រាស់ហ្វេសប៊ុកប្រហែល៣៥០០លាននាក់នៅទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន BBC កាលពីថ្ងៃទី៦តុលា។

សេដ្ឋីមានប្រាក់រាប់ពាន់លានរូបនេះបាននិយាយថា ដោយសារបញ្ហាផ្ទៃក្នុង បានធ្វើឱ្យហ្វេសប៊ុក Messenger Whatsapp និង Instagram​ដាច់ចេញពីប្រព័ន្ធអនឡាញ។ ការដាច់ចេញពីប្រព័ន្ធអនឡាញអស់ជាច្រើនម៉ោងនេះ បានធ្វើឱ្យមនុស្សរាប់ពាន់លាននាក់ គ្មានឧបករណ៍ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលពួកគេពឹងផ្អែកដើម្បីរក្សាទំនាក់ទំនងជាមួយមិត្តភក្តិនិងក្រុមគ្រួសារ។ អ្នកផ្សេងទៀតរាយការណ៍ថា ពួកគេមិនអាចចូលប្រើប្រាស់បណ្ដាញមួយចំនួនទៀត ដែលត្រូវការការចូលហ្វេសប៊ុកជាមុនសិន។

ទន្ទឹមនឹងនេះ អាជីវកម្មនៅជុំវិញពិភពលោកដែលប្រើប្រាស់បណ្តាញសង្គមដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន ក៏បានប្រឈមមុខនឹងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដែលមិនបានរំពឹងទុកនេះ។

ដោយឡែក បើយោងតាមគេហទំព័រពាណិជ្ជកម្ម Fortune បានឱ្យដឹងដែរថាលោក Zuckerberg ខ្លួនឯង ក៏ត្រូវបានខាតបង់ប្រមាណជា៦ពាន់លានដុល្លារពីទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក នៅខណៈពេលហ្វេសប៊ុកជួបបញ្ហាបច្ចេកទេសនេះ។

ប្រព័ន្ធតាមដាន Downdetector បានលើកឡើងថា បញ្ហានេះបានធ្វើឱ្យអ្នកប្រើប្រាស់ប្រហែល១០,៦លាននាក់នៅជុំវិញពិភពលោក បានរាយការណ៍មិនអាចចូលទៅប្រើប្រាស់ហ្វេសប៊ុកបាន និងជាចំនួនរាយការណ៍ពីអ្នកប្រើប្រាស់ច្រើនបំផុតមិនធ្លាប់មានសម្រាប់ក្រុមហ៊ុនហ្វេសប៊ុក៕