ទីតាំងអគារកាស៊ីណូដែលកំពុងដាក់ព្យាបាលអ្នកជំងឺកូវីដ១៩នៅក្នុងព្រះសីហនុ។ រូបភាព៖ ហ្វេសប៊ុក Doung Chan Sreypov

នៅថ្ងៃទី៣០កញ្ញាម្សិលមិញ ក្រុមបុគ្គលិកចំនួន៥នាក់ នៅកាស៊ីណូ ដឹសេនជូរី ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានផ្សាយផ្ទាល់ឬ Live តាមហ្វេសប៊ុកថា ពួកគេដែលមានគ្នាជាង៤០០នាក់ នៅក្នុងកាស៊ីណូបានឆ្លងជំងឺកូវីដ និងមានបុគ្គលិកម្នាក់ស្លាប់។​ បុគ្គលិកទាំងនោះអះអាងថា ម្ចាស់កាស៊ីណូបានហាមពួកគេមិនឱ្យចេញក្រៅប្រមាណ២ឆ្នាំហើយ និងបានបង្ខំឱ្យបុគ្គលិកធ្វើការទាំងកំពុងឈឺ។ 

លោក ឃាង ភារម្យ មន្រ្តីនាំពាក្យសាលាខេត្តព្រះសីហនុបានប្រាប់ខ្មែរណាស់​នៅថ្ងៃទី ១តុលានេះយ៉ាងខ្លីថា ជុំវិញការចោទប្រកាន់ម្ចាស់កាស៊ីណូថាបានបង្ខាំង និងបង្ខំឱ្យបុគ្គលិកធ្វើការទាំងឈឺ គឺសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវឱ្យបានលម្អិតបំផុត ហើយប្រសិនបើរកឃើញមានប្រព្រឹត្តបទល្មើសពិតមែន អាជ្ញាធរនឹងចាត់ការតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។ 

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុក៏បានចេញលិខិតឆ្លើយតបទៅនឹងការផ្សាយផ្ទាល់ពីហ្វេសប៊ុកឈ្មោះ Doung Chan Sreypov ថា អគារកាស៊ីណូខាងលើត្រូវបានរដ្ឋបាលខេត្តពិនិត្យមានភាពធំទូលាយ និងមានកន្លែងស្នាក់នៅសមរម្យ ទើបរដ្ឋបាលខេត្តបានសម្រេចយកទីតាំងនោះជាកន្លែងព្យាបាលជំងឺកូវីដ១៩ និងកន្លែងចត្តាឡីស័កចំពោះអ្នកដែលបានជាសះស្បើយ កាលពីថ្ងៃទី ២៦កញ្ញាកន្លងទៅ។ ប៉ុន្តែរដ្ឋបាលខេត្តក៏បានផ្តល់ជម្រើសសម្រាប់អ្នកជំងឺដែលចង់ទៅព្យាបាលនៅមន្ទីរពេទ្យដែរ។ 

នៅក្នុងលិខិតដដែលបន្តថា  អ្នកជំងឺត្រូវបានក្រុមគ្រូពេទ្យត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ដោយតាមដានជាប្រចាំ និងមានក្រុមតេឡក្រាមដើម្បីទំនាក់ទំនងជាមួយក្រុមគ្រូពេទ្យថែមទៀត។ រហូតដល់ថ្ងៃទី ២៩កញ្ញា មានអ្នកផ្ញើរសារប្រាប់ថា មានអ្នកជំងឺស្រីម្នាក់ឈ្មោះ ហៀន ស្រីនិច មានអាការៈក្អួតជាច្រើនដង ហើយក្រុមគ្រូពេទ្យក៏ចុះទៅពិនិត្យ និងផ្តល់ថ្នាំជូនដល់អ្នកជំងឺ។ ប៉ុន្តែនៅថ្ងៃទី ៣០កញ្ញា អាការៈអ្នកជំងឺមិនបានធូរស្រាល និងបាត់បង់ជាតិទឹកច្រើន ត្រូវសង្រ្គោះបន្ទាន់ទៅកាន់មន្ទីរពេទ្យ និងជាងកន្លះម៉ោងក្រោយអ្នកជំងឺក៏បានបាត់បង់ជីវិត។ តាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យជំនាញ អ្នកជំងឺបានពុលអាហារ និងដោយសារបាត់បង់ជាតិទឹកច្រើនពេក។ 

លោក មឿន តុលា នាយកប្រតិបត្តិនៃអង្គការសង់ត្រាល់បានលើកឡើងដែរថា ប្រសិនបើមានការបង្ខាំងបុគ្គលិកមិនឱ្យចេញពីអាគារ គឺជារឿងពិត នោះវាគឺជាបទល្មើសមួយដែលបង្ខាំងមនុស្សខុសច្បាប់ ហើយករណីបង្ខំមនុស្សឱ្យធ្វើការទាំងឈឺ គឺវាខុសពីលក្ខខណ្ឌការងារនៅក្នុងច្បាប់ស្តីពីការងារថែមទៀម។

លោកថា៖« រឿងយកទីតាំងនោះធ្វើទីតាំងព្យាបាល និងចត្តាឡីស័ក ខ្ញុំថាវាមិនមានអ្វីជាខុសទេ។ ប៉ុន្តែរឿងដែលត្រូវស៊ើបឱ្យដឹងនោះគឺរឿងគ្នា(បុគ្គលិក)ឈឺហើយបង្ខំឱ្យគ្នាធ្វើការទៀត នោះជារឿងមួយដែលគួរមានវិធានការផ្លូវច្បាប់ធ្ងន់ធ្ងរ»។ 

លោកបន្ថែមថា កន្លងមកករណីកើតឡើងនៅក្នុងរូបភាពបង្ខាំង ភាគច្រើនមាននៅក្នុងខេត្តព្រះសីហនុ​ និងគ្រប់ករណីទាំងអស់ជាប់ពាក់ព័ន្ធនឹងល្បែងអនឡាញ។ លោកបន្តថា ល្បែងអនឡាញមានហានិភ័យច្រើន ដែលរូបភាពខ្លះត្រូវបានលេចចេញជារូបភាពជួញដូរមនុស្សឆ្លងដែន នៅពេលដែលបុគ្គលនោះចាញ់ល្បែង មិនមានប្រាក់សង និងរូបភាពខ្លះទៀតកើតមានជាលក្ខណៈធ្វើទារុណកម្ម និងចាប់បង្ខាំងជាច្រើនផ្សេងទៀត៕