តួលេខឆ្លងកូវីដនៅកម្ពុជាបានធ្លាក់មកត្រឹមជាង​២០០​នាក់ជាលើកដំបូងក្នុងរយៈពេលជាង៥ខែនេះ

40
រូបភាពពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

នៅថ្ងៃទី១តុលានេះ ក្រសួងសុខាភិបាលបានប្រកាសមានអ្នកឆ្លងកូវីដ១៩ចំនួន២៣២នាក់ ស្លាប់ថ្មី១៧នាក់ និងជាសះស្បើយ​៥៥៦​នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន៤៥នាក់។ នេះគឺតួលេខឆ្លងប្រចាំថ្ងៃធ្លាក់ចុះច្រើនបំផុត បើប្រៀបធៀបនឹងថ្ងៃម្សិល​មិញដែលមានចំនួន៩៧៨នាក់ និងជាតួលេខ មានអ្នកឆ្លងថ្មីធ្លាក់មកត្រឹមជាង២០០នាក់ក្នុងមួយថ្ងៃជាលើកដំបូង នៅក្នុង​រយៈពេលជាង៥ខែមកនេះ បើគិតត្រឹមខែមេសាមក។

ប៉ុន្តែនេះគឺជាលទ្ធផលនៃការធ្វើតេស្ដបញ្ជាក់ដោយ PCR គឺជាវិធីសាស្រ្ដស្វែងរកអាស៊ីតនុយក្លេអិចរបស់មេរោគកូវីដដ៏មានប្រសិទ្ធ​ភាព​បំផុត នៅក្នុងចំណោមវិធីសាស្រ្ដស្វែងរកអ្នកផ្ទុកកូវីដទាំងអស់ ហើយមិនមែនជាលទ្ធផលនៃការប្រើឧបករណ៍ធ្វើតេស្ដរហ័សនោះទេ។

តួលេខឆ្លងកូវីដប្រចាំថ្ងៃនៅកម្ពុជាបានផ្ដើមហក់ឡើងចុងក្រោយពីខ្ទង់ជាង២០០នាក់ ទៅដល់ខ្ទង់ជាង៣០០នាក់ក្នុងមួយថ្ងៃចាប់​តាំងពីពីថ្ងៃ១៨មេសាមក និងបានកើនឡើងជាបន្តបន្ទាប់ ហើយថ្ងៃខ្លះ គឺបានហក់ឡើងរហូតលើសចំនួន១០០០នាក់នៅក្នុងមួយថ្ងៃ។ 

ការថយចុះតួលេខឆ្លងប្រចាំថ្ងៃនេះ គឺបានកើតឡើងក្រោយពីរដ្ឋាភិបាល បានសម្រេចឱ្យវត្តអារាមទាំងអស់ ផ្អាកពិធីបុណ្យ​កាន់​​បិណ្ឌ ភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។ ការផ្អាកពិធីបុណ្យសាសនាដ៏ធំនេះ គឺធ្វើឡើងភ្លាមៗ បន្ទាប់ពីមានការករណីឆ្លងជាច្រើន​នៅតាមវត្តអារាម និងត្រូវបានប្រមុខរដ្ឋាភិបាលប្រកាសថា ដើម្បីបង្ការកុំឱ្យមានការរីករាលដាលវីរុសកូវីដ១៩បំប្លែងថ្មីនៅទូទាំងប្រទេស ដែលអាចនាំឱ្យមានអហន្តរាយធ្ងន់ធ្ងរសម្រាប់ប្រទេសជាតិ អំឡុងពេលរដ្ឋាភិបាល កំពុងចាប់ផ្ដើមបើកដំណើរការសាលា​រៀនឡើងវិញ និងត្រៀមបើកទទួលទេសចរណ៍អន្តរជាតិ ដែលបានចាក់វ៉ាក់សាំងរួចហើយ ក្នុងការជួយឱ្យសេដ្ឋកិច្ចងើបឡើង​វិញ។

គិតមកដល់ពេលនេះ កម្ពុជារាយការណ៍មានអ្នកឆ្លងកូវីដសរុប១១២,៨៨៣ករណី ស្លាប់២៣៣៦នាក់ ជាសះស្បើយ១០៣,៣៨៣នាក់ និង​ករណីនាំចូលចំនួន១៩,០២៨នាក់៕