ការអ៊ុតគំនូសចរាចរតាមដងផ្លូវនៅភ្នំពេញ (មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ)

សាលារាជធានីភ្នំពេញ បានចាប់ផ្ដើមអ៊ុតគំនូសចរាចរនៅតាមដងផ្លូវនានានៅរាជធានី គឺបន្ទាប់ពីមានការណែនាំនៅថ្ងៃ​ទី​២១កញ្ញា ពីសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

សម្ដេច ស ខេង បានណែនាំឱ្យរាជធានីភ្នំពេញ និងបណ្ដាខេត្តធំៗមួយចំនួនទៀត ត្រូវរៀបចំគំនូសសញ្ញាចរាចណ៍នៅក្នុងក្រុង ហើយ​ក្រសួងសាធារណៈការ ត្រូវទទួលខុសត្រូវលើគំនូសសញ្ញាគ្រប់ផ្លូវជាតិ ដើម្បីងាយស្រួលដល់ការធ្វើចរាចរណ៍តាមដងផ្លូវ។

បើតាមទំព័រហ្វេសប៊ុករបស់មន្ទីរសារធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា  គិតចាប់តាំងពីថ្ងៃទី២២កញ្ញាដល់ថ្ងៃ​ទី២៤កញ្ញា មានមហាវិថីនិងដងផ្លូវចំនួន៥ ត្រូវអ៊ុតគំនូសចរាចរ រួមមាន មហាវិធីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាប់​ពីផ្លូវលេខ២៧១ដល់ផ្លូវជាតិលេខ២។ ដងមហាវិថីសម្តេច ប៉ែន នុត ឬផ្លូវលេខ ២៨៩ ចាប់ពីផ្លូវលេខ២៧៣  ដល់ផ្លូវលេខ​៦០៨​។​

ការលាបគំនូសចរាចរមហាវិថី គីម អ៊ីលស៊ុង ចាប់ពីស្តុបទួលគោក ដល់ស្ពានអាកាស៥មករា និងផ្លូវក្រោមដីស្ពានអាកាស៥មករា និងអ៊ុតគំនូសចរាចរលើដងផ្លូវលេខ២៤០ចាប់ពីផ្លូវ ព្រះស៊ីសុវត្ថិ ដល់វិថីប៉ាស្ទ័រ ឬផ្លូវលេខ៥១ អ៊ុតគំនូសចរាចរផ្លូវលេខ ១៤៣ ក្នុងខណ្ឌបឹងកេងកង និងបណ្ដាផ្លូវធំៗមួយចំនួនក្នុងរាជធានីភ្នំពេញ។ 

សារព័ត៌មានខ្មែរណាស់មិនអាចសុំការបញ្ជាក់បន្ថែមពីលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានទេ ដោយសារលោកថាកំពុងជាប់ប្រជុំ និងបញ្ជាក់យ៉ាងខ្លីថា សាលាក្រុងកំពុងចាប់ផ្ដើមគូសហើយ។  

កាលពីថ្ងៃទី២១កញ្ញា សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា នឹងកាត់បន្ថយការប្រើប្រាស់កម្លាំងប៉ូលិសចរា​ចរណ៍​នៅតាមដងផ្លូវ ហើយត្រូវជំនួសវិញនូវឧបករណ៌បច្ចេកទេសដូចជាការបំពាក់កាមេរ៉ា និងគូសគំនូសសញ្ញាចរាចរណ៍ឱ្យបានគ្រប់ផ្លូវទាំងអស់ ទើបអាចធ្វើឱ្យពលរដ្ឋភ្ញាក់រឭកគោរពច្បាប់ចរាចរណ៍។ 

សម្ដេចថ្លែងថា៖«ដូច្នេះ! ខ្ញុំជឿថា រដ្ឋបាលរាជធានីភ្នំពេញ មានលទ្ធភាពធ្វើគំនូសផ្លូវ ដើម្បីការពារសុវត្ថិភាព ហើយកាលណាអត់មានគំនូស ប៉ូលិសដាក់ច្រើនកាលណា ក៏មានអត់ប្រយោជន៍ដែរ គ្រាន់តែគំរាមប្រជាជនប៉ុណ្ណោះ គាត់ខ្លាចតែប៉ុណ្ណឹង ប៉ុន្តែដល់យើងអត់ដាក់ប៉ូលិស គាត់អត់ខ្លាចដដែល។ ឱ្យគាត់ខ្លាចកាមេរ៉ានេះវិញ ដាក់កាមេរ៉ាឱ្យបានច្រើន ហើយគូសគំនូសសញ្ញាហ្នឹងទៅ ឃើញ(បំពានច្បាប់ចរាចណ៍)កន្លែងណាចាប់ៗ អត់មានរត់រួចទេ»។

សម្ដេចបានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវខិតខំអនុវត្តគោលការណ៍ជាយុទ្ធសាស្រ្ដនេះ ធ្វើយ៉ាងម៉េចឱ្យប្រជាពលរដ្ឋ ប្រើប្រាស់ផ្លូវភ្ញាក់​រឭកគោរពច្បាប់៕