
ក្រសួងកសិកម្ម បន្តជំរុញឲ្យកសិករបង្កើតសហគមន៍កសិកម្ម ដើម្បីងាយស្រួលរកទីផ្សារ។ ទំព័រហ្វេសប៊ុករបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មបានបង្ហោះនៅថ្ងៃទី២៩កញ្ញានេះថា ការបង្កើតសហមន៍កសិកម្ម គឺអាចធានាឲ្យបាននូវបរិមាណផ្គត់ផ្គង់ ប្រកបដោយគុណភាពផលិត និងការផលិតផលតម្រូវតាមទីផ្សារ និងមានកិច្ចសន្យាទទួលទិញ និងតម្លៃត្រូវបានធានា ជាមួយនឹងទទួលបានបច្ចេកវិទ្យាផលិត ការប្រមូលផល និងការវេចខ្ចប់ល្អប្រសើរ រួមផ្សំនឹងការប្រើប្រាស់ធាតុចូលកសិកម្ម ឥណទានការប្រាក់ទាប មានរចនាសម្ព័ន្ធគ្រប់គ្រងដឹកនាំនិងរដ្ឋបាលបានត្រឹមត្រូវ និងត្រូវបានការពារដោយច្បាប់ស្តីពី សហគមន៍កសិកម្ម។
ប្រភពដដែលបន្តថា សហគមន៍កសិកម្ម កំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីការជំរុញផលិតកម្មស្រូវ និងការបង្កើនការនាំចេញអង្ករ ការជំរុញផលិតកម្មសាកវប្បកម្ម ការលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មកសិកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ក្នុងទិសដៅដ៏ចម្បងមួយគឺការធានាសន្តិសុខស្បៀង ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ កសាងសុខដុមនីយកម្មក្នុងរង្វង់សមាជិកសហគមន៍ និងរួមចំណែកទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ។
ជាក់ស្ដែង កសិករ៦៨៩ គ្រួសារ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានចងក្រងបង្កើតជាសហគមន៍កសិកម្មមួយឈ្មោះ សំបូរមានជ័យ ដើម្បីផលិតបន្លែសុវត្ថិភាព-សរីរាង្គ ដំណាំឈើហូបផ្លែ ស្រូវចំណី ស្រូវពូជ និងដំណាំកសិ-ឧស្សាហកម្មមួយចំនួនទៀត ដែលមានទុនសរុបជិត៤០ម៉ឺនដុល្លារ។
សហគមន៍កសិកម្មសំបូរមានជ័យ ស្ថិតនៅភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានបង្កើតឡើងនៅចុងឆ្នាំ២០១០ មានសមាជិកសរុបចំនួន៨៨គ្រួសារ មានទុនសរុបចំនួន៨លានរៀល។ បច្ចុប្បន្ន សហគមន៍នេះ មានសមាជិកកើនដល់ចំនួន៦៨៩គ្រួសារ មានភាគហ៊ុនសរុបចំនួន ១៥ ២៧២ ហ៊ុន ហើយទុនសរុបបានកើនឡើងដល់ប្រមាណជិត៤០ម៉ឺនដុល្លារ។ សហគមន៍នេះកំពុងប្រតិបត្តិការធុរកិច្ចលើមុខរបរចំនួនមួយចំនួនដូចជា ឥណទានសហគមន៍កសិកម្ម ការផ្គត់ផ្គង់ជីកសិកម្ម ទីផ្សារស្រូវពូជ ស្រូវចំណី បន្លែសុវត្ថិភាព ល្ហុង ស្លឹកគ្រៃ ប្រេងស្លឹកគ្រៃ និងឈើហូបផ្លែ និង សេវាកម្មដឹកទំនិញ និងសេវាកម្មផ្សេងៗទៀត។
លោក ឆេង ថុង ប្រធានក្រុមប្រឹក្សាភិបាល បានលើកឡើងដែរថា សហគមន៍សំបូរមានជ័យនេះ កំពុងទទួលបានជោគជ័យ ពង្រីកសក្តានុពលផលិតកម្មកសិកម្មរបស់ខ្លួន ក្នុងនោះ សហគមន៍បានទិញដីជិត១០ហិកតា ដើម្បីពង្រីកផលិតកម្មបន្ថែមទៀត និងបានកសាងហេដ្ឋារចនា សម័្ពន្ធ ទីស្នាក់ការ ឃ្លាំងស្តុក ឡសំងួតចំនួន លានហាលកសិផល ម៉ាស៊ីនកែច្នៃប្រេងស្លឹកគ្រៃ រថយន្តដឹកទំនិញ ម៉ាស៊ីនព្រួសស្រូវ ម៉ាស៊ីនបោកស្រូវ ម៉ាស៊ីនច្រូត និងម៉ាស៊ីនសំអាតគ្រាប់ពូជខ្នាតតូច ព្រមទាំងឧបករណ៍ផលិតកម្មកសិកម្មខ្នាតតូចជាច្រើនទៀត។ ក្រៅពីនេះ សហគមន៍ក៏មានផ្សារលក់កសិផលនៅក្នុងមូលដ្ឋានរបស់ខ្លួន មានតូបលក់កសិផលនៅផ្សារនាគមាស នៅភ្នំពេញ ផងដែរ។
ចាប់តាំងពីឆ្នាំ២០០៣ រហូតដល់ត្រឹមចុងឆ្នាំ២០២១ សហគមន៍កសិកម្មដែលបានបង្កើត និងកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងវិស័យផលិតកម្មកសិកម្មមានចំនួន ១ ២០០សហគមន៍ មានសមាជិកសរុបចំនួន ១៤៤ ៣០៦នាក់ គិតជាគ្រួសារកសិករមានចំនួន ១៣១ ៦០៦គ្រួសារ និងមានដើមទុនសរុបប្រមាណ២៤,៨ លានដុល្លារ) ហើយសហគមន៍កសិកម្មទាំងអស់នេះបានចុះបញ្ជីទទួលស្គាល់ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសាមី៕
- ដើម្បីកសាងសមត្ថភាព និងរួមចំណែកកសាងប្រព័ន្ធសុខាភិបាលឯកជនឌីជីថល សមាគមអ្នកផ្ដល់សេវាសុខាភិបាលឯកជននៅកម្ពុជា ចុះអនុស្សរណៈយោគយល់ ជាមួយកម្មវិធី ពេទ្យយើង - នៅថ្ងៃទី 20/05/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា (ប្រកាសឡើងវិញ) - នៅថ្ងៃទី 18/02/2022
- ឱកាសការងារនៅអង្គភាពសារព័ត៌មានឌីជីថល ខ្មែរណាស់ - នៅថ្ងៃទី 03/11/2021