រូបភាពពី (CLC Cambodia)

ប្រាក់ឈ្នួលអប្បបរមាឲ្យកម្មករផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរការ និងការបូប​ពី​១៩​២​ទៅ​១៩៤ដុល្លារ ពោលគឺកើនឡើង២ដុល្លារសម្រាប់ឆ្នាំ២០២២។ 

បើតាមសេចក្ដីសម្រេចរបស់ក្រសួងការងារនៅថ្ងៃទី២៨កញ្ញានេះ ប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង  និងផលិតផលិតផលធ្វើដំណើរការ និងការបូប សម្រាប់ឆ្នាំ២០២២ ត្រូវបានកំណត់ជាផ្លូវការចំនួន​១៩៤ដុល្លារក្នុងមួយខែ។ កំណត់ប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិតសាកល្បងចំនួន១៩២ដុល្លារក្នុងមួយខែ។ ចប់រយៈពេល​សាកល្បងក្លាយជាកម្មករនិយោជិតពេញសិទ្ធិ ត្រូវទទួលប្រាក់ឈ្នួលពេញសិទ្ធិចំនួន១៩៤ដុល្លារ ក្នុងមួយខែ។ 

ចំពោះកម្មករនិយោជិតដែលទទួលបានប្រាក់ឈ្នួលគិតតាមបរិមាណផលិត(ដេរស៊ីបុង) ត្រូវទទួលប្រាក់ឈ្នួលតាមទិន្នផលជាក់ស្ដែង។ បើទិន្នផលការងារ ដែលទទួលបានលើសពីចំនួនប្រាក់ឈ្នួល គឺត្រូវទទួលតាមចំនួនលើសនោះ។ ប្រសិនបើ ទិន្នផលការងារទាបជាងប្រាក់ឈ្នួល ភាគីនិយោជិកត្រូវបន្ថែមឲ្យគ្រប់ចំនួន១៩២ដុល្លារក្នុងមួយខែសម្រាប់កម្មករនិយោជិតសាកល្បង និង​១៩៤​ដុល្លារ​ក្នុងមួយខែសម្រាប់កម្មករនិយោជិតពេញសិទ្ធ។ 

ចំណែក ប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតដែលកម្មករ និយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវរក្សាទុកដដែល។ ប្រាក់ឈ្នួលអប្បបរមាថ្មីនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១មករា ឆ្នាំ២០២២ខាងមុខនេះ។

ការចេញសេចក្ដីប្រកាសពីក្រសួងការងារនេះ បន្ទាប់ពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល ដែលមានសមាសភាពចូលរួមចំនួន៥១នាក់  មកពីភាគីនិយោជក១៧នាក់ ភាគីរាជរដ្ឋាភិបាល ១៧នាក់ និងភាគីសហជីព១៧នាក់ បានបោះឆ្នោតគាំទ្រលើតួលេខចំនួន​៣​សម្រាប់កំណត់ប្រាក់ឈ្នួលចុងក្រោយឱ្យកម្ពុជា គឺតួលេខភាគីនិយោជក១៨៨ដុល្លា មាន០សម្លេង រាជរដ្ឋាភិបាល១៩២ដុល្លារ គាំទ្រ​៤៥​សម្លេង និងសហជីព២០៤ដុល្លារមានត្រឹម០៦សម្លេង។

ដូចច្នេះជាលទ្ធផលបោះឆ្នោតបានសម្រេចយកតួលេខសម្លេងភាគច្រើនគឺ ចំនួន ១៩២ដុល្លារ និងបូកបន្ថែម ២ដុល្លារ ស្មើនឹងចំនួន​ ១៩៤ដុល្លារ ក្នុងមួយខែ សម្រាប់ប្រាក់ឈ្នួលអប្បបរមា៕