ស្ថានភាពទឹកជំនន់លិចវាលស្រែកសិករនៅក្នុងខេត្តបន្ទាយមានជ័យ។ រូបភាពសង្គមហ្វេសប៊ុក

យោងតាមរបាយការណ៍ស្តីពីផលប៉ះពាល់គ្រោះជំនន់ទឹកភ្លៀង និងទឹកហូរពីប្រទេសថៃក្នុងខេត្តបន្ទាយមានជ័យ ដែលសារព័ត៌មានខ្មែរណាស់ទទួលបានពីលោក លី សារី អភិបាលរងខេត្តនៅថ្ងៃទី២៤កញ្ញនេះ បានឱ្យដឹងថា ដំណាំស្រូវចំនួន ១៥,៣៦៦ហិកតតា កំពុងរងផលប៉ះពាល់ពីទឹកជំនន់នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្នុងនោះក៏មានដំឡូងមីចំនួន៣,៧៧៤ហិកតា និងដំណាំរួមផ្សំចំនួន១១៨ ហិកតា។

របាយការណ៍ដដែលឱ្យដឹងដែរថា ប្រជាពលរដ្ឋចំនួន៦០២៤គ្រួសារ ក៏បានរងផលប៉ះពាល់ ក្នុងនោះត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាពចំនួន២៩៤គ្រួសារ រួមទាំងការលិចសាលារៀនចំនួន៣៣កន្លែង វត្តចំនួន១១ និងទឹកហូរកាត់ផ្លូវចំនួន៣៥៩ខ្សែ។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២៤ កញ្ញាថា ទឹកជំនន់ឆ្នាំនេះមិនទាន់បង្កជាបញ្ហាគួរឱ្យព្រួយបារម្ភដូចកាលពីឆ្នាំ២០២០នោះទេ ព្រោះនៅអាចគ្រប់គ្រងបាន។ ប៉ុន្តែលោកថា ប្រជាពលរដ្ឋជាង៤៣គ្រួសារនៅក្នុងស្រុកមង្គលបូរីត្រូវជម្លៀសទៅទីទួលសុវត្ថិភាព ខណៈស្រូវជាង៥ពាន់ហិកតាបានរងផលប៉ះពាល់។

លោកថ្លែងដូច្នេះថា៖«ទីទួលសុវត្ថិភាពហ្នឹង មិនមែនគាត់លិចលង់គាត់ឡើងមកទេគឺគាត់ត្រៀមបង្ការ គ្រាន់តែលិចក្រោមផ្ទះ ប្រសិនជាគាត់នៅគាត់នៅបានគ្រាន់តែយើងឱ្យគាត់មកនេះ(ទីទួលសុវត្ថិភាព) ខ្លាចលង់ទឹកក្មេង»។ 

ចំណែក លោក ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់យ៉ាងខ្លីថា អាជ្ញាធរខេត្តកំពុងធ្វើការគ្រប់កន្លែងអស់ហើយ ដើម្បីត្រៀមដោះស្រាយបញ្ហាទឹកជំនន់។

នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ កម្លាំងអន្តរាគមន៍សង្រ្គោះបន្ទាន់លេខ៧០៤​ យោធភូមិភាគ​ទី​៤​ ចំនួន​១៥នាក់​ បានចេញ​ដំណើរ​ទៅ​ចូលរួម​សហការ​ជា​មួយ​កម្លាំង​របស់​យោធភូមិភាគ​ទី៥​ ដើម្បីជួយ​សង្រ្គោះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ខេត្ត​បន្ទាយមានជ័យ ​ដែល​កំពុង​រងគ្រោះ​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង។ នេះបើតាមគេទំព័រហ្វេសប៊ុកកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។

តាមរយៈគេហទំព័រហ្វេសប៊ុកដដែលបានឱ្យដឹងថា ដោយទឹកនៅតែបន្តឡើង នឹងធ្លាក់មកពីប្រទេសថៃបន្តទៀតនោះ កម្លាំងអន្តរាគមន៍ តំបន់ប្រតិបត្តិការសឹករងខេត្ត ជួយសាងសង់រោងស្នាក់នៅបណ្តោះអាសន្នឱ្យប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារទឹកជំនន់ ចំនួន ២ទីតាំង ស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ចាប់តាំងពីថ្ងៃទី១៩ ខែកញ្ញា ខេត្តបន្ទាយមានជ័យបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីជំនន់ទឹកភ្លៀង និងទឹកហូរមកពីប្រទេសថៃខ្លាំង បណ្តាលឱ្យជន់ ផ្លូវ ថ្នល់ ស្រែ ចម្ការ និងផ្ទះប្រជាពលរដ្ឋ។ 

ខេត្តបន្ទាយមានជ័យ​គឺជាខត្តមួយដែលតែងតែរងផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិជារៀងរាល់ឆ្នាំ​ ដូចជានៅរដូវវស្សាទឹកជំនន់​ ខ្យល់ព្យុះ​កន្រ្តាក់ និងរដូវប្រាំង​ ជួបគ្រោះរាំងស្ងួត។ នេះបើតាមគេហទំព័រហ្វេសប៊ុកកងពលតូចថ្មើរជើងលេខ៥១៕