រដ្ឋាភិបាលសម្រេចឱ្យវត្តអារាមទាំងអស់ផ្អាកពិធីបុណ្យ​កាន់បិណ្ឌចាប់ពីថ្ងៃបិណ្ឌទី៤ទៅ

34
ពុទ្ធបរិស័ទចូលទៅប្រារព្ធពិធីបុណ្យកាន់បិណ្ឌថ្ងៃទី៣នៅវត្តដំរីស (ថតដោយ ឈុំ ចន្ថា)

នៅថ្ងៃកាន់បិណ្ឌទី៣នេះ តាមវត្តអារាមនានា ពុំសូវមានបរិស័ទច្រើន ដូចនៅថ្ងៃកាន់បិណ្ឌទី១និងទី២នោះទេ។ នៅវត្តព្រះបារមីវង្ក​ដ្ឋបូរី ហៅវត្តដំរីស ក្នុងសង្កាត់ ទឹកថ្លាខណ្ឌ សែនសុខ បានបន្តបើកឱ្យបរិស័ទចូលទៅប្រារព្ធពិធីបុណ្យកាន់បិណ្ឌថ្ងៃទី៣ ប៉ុន្តែមិនមាន​​បរិស័ទកុះករឡើយ ហើយអ្នកខ្លះគ្រាន់តែប្រគេនចង្ហាន់និងទេយ្យទានព្រះសង្ឃរួចហើយក៏បានត្រឡប់ទៅវិញ។ 

នៅថ្ងៃទី២៣កញ្ញា រដ្ឋាភិបាលចេញសេចក្ដីសម្រេចផ្អាកររៀបចំពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ដោយគិតត្រឹមពីថ្ងៃកាន់បិណ្ឌទី៤ទៅ និងបានបញ្ជាឱ្យគណៈអភិបាលរាជធានីខេត្ត ត្រូវជួយសម្របសម្រួល និងធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុនានា ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាម។ ប៉ុន្តែរដ្ឋាភិបាលក៏នៅតែរក្សាការឈប់សម្រាករយៈពេល៣ថ្ងៃ​សម្រាប់ថ្ងៃភ្ជុំបិណ្ឌដដែលសម្រាប់មន្ត្រីរាជការ និងកម្មករ។

ការសម្រេចផ្អាកនេះ ដោយសាររដ្ឋាភិបាលសង្កេតឃើញថា នៅថ្ងៃកាន់បិណ្ឌទី១និងទី២ មានការជួបជុំនិងប្រមូលផ្ដុំមនុស្សនៅតាមទីវត្តអារាម ហើយមិនធានាបានការអនុវត្តត្រឹមត្រូវតាមវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ក្នុងការបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលអាចនឹងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងាលដាលទ្រុងទ្រាយធំនៅទូទាំងប្រទេស ជាពិសេសគឺមេរោគបំប្លែងថ្មី ដែលតា និងស្របពេលរដ្ឋាភិបាលកំពុងឈានទៅបើកដំណើរការសាលារៀនពេញលេញឡើងវិញ។

វត្តអារាមមួយចំនួននៅទូទាំងប្រទេស បានបិទដើម្បីឱ្យព្រះសង្ឃនិងអ្នកនៅក្នុងវត្តធ្វើចត្តាឡីស័ក ក្រោយរកឃើញមានករណីឆ្លងជំងឺកូវីដ១៩។ កាលពីថ្ងៃម្សិលមិញ អាជ្ញាធរបានប្រកាសបិទវត្តចំពុះក្អែកបណ្ដោះអាសន្ន ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅបណ្ដោះអាសន្ន ក្រោយពីថ្ងៃដាក់បិណ្ឌទី១ បានធ្វើឱ្យព្រះសង្ឃ និស្សិត និងចុងភៅក្នុងវត្ត ឆ្លងជំងឺកូវីដ១៩ជាច្រើននាក់ បន្ទាប់ពីព្រះសង្ឃនិងមនុស្សរាប់រយនាក់ទៀត ត្រូវបានធ្វើតេស្ដ។

នៅថ្ងៃទី២៤កញ្ញានេះ ក្រសួងសុខាភិបាលបានប្រកាសមានអ្នកឆ្លងជំងឺកូវីដថ្មីចំនួន៨២២នាក់ ក្នុងនោះករណីនាំចូលមានចំនួន​១០៦នាក់ ស្លាប់ថ្មី២១នាក់ និងជាសះស្បើយថ្មីចំនួន៤៩៤នាក់ ដែលបានធ្វើឱ្យករណីឆ្លងសរុបកើនដល់១សែន៧ពាន់នាក់ ក្នុងនោះករណីនាំចូលមានចំនួន១ម៉ឺន៨ពាន់នាក់ ជាសះស្បើយសរុបជិតសែននាក់ និងស្លាប់សរុបចំនួន២,១៩៧នាក់។

តួលេខឆ្លងថ្មីនេះ គឺកើនលើសពីថ្ងៃទី២៣កញ្ញាម្សិលមិញចំនួន១៨៤នាក់ ដែលមានតួលេខឆ្លងត្រឹម៦៣៨នាក់ និងស្លាប់ថ្មី២២​នាក់​។ នេះ គឺជាលើកដំបូងដែលករណីឆ្លងបានស្ទុះឡើងដល់ជាង៨០០នាក់ក្នុងមួយថ្ងៃ នៅក្នុងរយៈពេល១៥ថ្ងៃចុងក្រោយនេះ​ គិតចាប់តាំងពីថ្ងៃទី១០កញ្ញាមក ដែលមានករណីឆ្លងត្រឹមជាង៦០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ៕