កូវីដ៖តួលេខឆ្លងថ្មី៨២២នាក់ គឺច្រើនជាងម្សិល​មិញ​១​៨៤នាក់​

29

នៅថ្ងៃទី២៤កញ្ញានេះ ក្រសួងសុខាភិបាលបានប្រកាសមានអ្នកឆ្លងជំងឺកូវីដថ្មីចំនួន៨២២នាក់ ក្នុងនោះករណីនាំចូលមានចំនួន​១០៦នាក់ ស្លាប់ថ្មី២១នាក់ និងជាសះស្បើយថ្មីចំនួន៤៩៤នាក់ ដែលបានធ្វើឱ្យករណីឆ្លងសរុបកើនដល់១សែន៧ពាន់នាក់ ក្នុង​​នោះករណីនាំចូលមានចំនួន១ម៉ឺន៨ពាន់នាក់ ជាសះស្បើយសរុបជិតសែននាក់ និងស្លាប់សរុបចំនួន២,១៩៧នាក់។

តួលេខឆ្លងថ្មីនេះ គឺកើនលើសពីថ្ងៃទី២៣កញ្ញាម្សិលមិញចំនួន១៨៤នាក់ ដែលមានតួលេខឆ្លងត្រឹម៦៣៨នាក់ និងស្លាប់ថ្មី២២​នាក់​។​ ​នេះ គឺជាលើកដំបូងដែលករណីឆ្លងបានស្ទុះឡើងដល់ជាង៨០០នាក់ក្នុងមួយថ្ងៃ នៅក្នុងរយៈពេល១៥ថ្ងៃចុងក្រោយនេះ គិតចាប់តាំងពីថ្ងៃទី១០កញ្ញាមក ដែលមានករណីឆ្លងត្រឹមជាង៦០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។

ករណីឆ្លងដែលងើបឡើងនេះ ក្រោយពីវត្តអារាមនៅទូទាំងប្រទេស បានរៀបចំពិធីបុណ្យកាន់បិណ្ឌនៅថ្ងៃទី២២ និង២៣កញ្ញា ហើយ​នៅ​ថ្ងៃម្សិលមិញ រដ្ឋាភិបាលក៏បានសម្រេចឱ្យផ្អាករៀបចំពិធីបុណ្យកាន់បិណ្ឌនេះវិញ ដោយសារអះអាងថា បានរកឃើញករណីផ្ទុះ​ឆ្លងឡើងលើព្រះសង្ឃ សិស្ស ដូនជី និងពុទ្ធបរិស័ទជាច្រើន៕