វត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានបិទជាបណ្ដោះអាសន្ននៅថ្ងៃទី២៣កញ្ញានេះ ក្រោយរកឃើញព្រះសង្ឃ ចុងភៅ និងកូនសិស្ស៥នាក់ឆ្លងកូវីដ១៩។ 

លោក លីវ វណ្ណថេង​​ ចៅសង្កាត់ព្រែកថ្មី បានប្រាប់សារព័ត៌មានខ្មែរណាស់នៅរសៀលនេះថា កាលព្រឹកមិញ មនុស្សប្រមាណជាង៤០០នាក់ដែលជាប់ពាក់ព័ន្ធនៅវត្តចំពុះក្អែកបានមកធ្វើតេស្ត ហើយមកដល់រសៀលម៉ោង៣នេះ បានរកឃើញអ្នកវិជ្ជមាន៥នាក់ក្នុងនោះមានព្រះសង្ឃ ចុងភៅ និងកូនសិស្សលោក។

លោកថ្លែងថា៖«ធ្វើតេស្តព្រឹកមិញនេះ៤០០នាក់ជាង​​ ហើយតេស្តឃើញវិជ្ជមានហ្នឹង៥នាក់ ដែលមានទាំងក្មេងលោក ចុងភៅ ហើយក៏មានឆ្លងដល់ព្រះសង្ឃហើយដែរ ប៉ុន្តែមិនដឹងថាប៉ុន្មានអង្គទេ នៅរងចាំលទ្ធផលចេញបន្តទៀត»។  

លោក បន្តថា ការឆ្លងរាលដាលនេះ គឺដោយសារមានអ្នកវិជ្ជមានចូលក្នុងវត្តនៅថ្ងៃបិណ្ឌ១ ទើបព្រះចៅអធិការវត្ត បានស្នើឲ្យអ្នកដែលធ្លាប់មកវត្តចំពុះក្អែកទាំងអស់នៅថ្ងៃម្សិលមិញត្រូវធ្វើតេស្ដ ចំណែកវត្តត្រូវបិទទ្វាបណ្ដោះអាសន្ន។

រដ្ឋបាលខណ្ឌច្បារអំពៅក៏បានអំពាវនាវតាមទំព័រហ្វេសប៊ុក​ឱ្យពលរដ្ឋដែលធ្វើដំណើរទៅបុណ្យកាន់បិណ្ឌថ្ងៃទី១នៅវត្តចំពុះក្អែក ត្រូវទៅធ្វើតេស្តសំណាករកមេរោគកូវីដ១៩ នៅទីតាំងមជ្ឈមណ្ឌលកោះពេជ្រ(ក្រោយអគារស៊ីធីហលCity hall) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៕