កាលពីថ្ងៃទី២១កញ្ញា សារព័ត៌មានបារាំង Get French Football បានចេញផ្សាយថា ខ្សែរាជវង្សខ្មែរមួយអង្គ ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ បានដាក់សំណើរទិញយកក្លឹប Saint-Étienne ដែលជាក្លឹបមួយនៅក្របខណ្ឌកំពូលរបស់ប្រទេសបារាំង (Ligue 1)ក្នុងតម្លៃ​១០០​លានអឺរ៉ូឬស្មើជាង១១៧លានដុល្លារ។ 

នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំង RFI ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ដែលត្រូវជាបុត្រទី៨របស់សម្ដេច នរោត្តម ច័ក្រពង្ស់ ជាបុត្រារបស់ព្រះករុណាព្រះបាទ នរោត្តម សីហនុ បានបញ្ជាក់ថា ព្រះអង្គបានចាប់អាម្មណ៍ និងពិតជាបានឈរឈ្មោះជាបេក្ខភាព​ដេញថ្លៃទិញយកក្លឹប Saint-Étienne មកគ្រប់គ្រង ដែលព្រះអង្គបញ្ជាក់ហេតុផលថា ចង់ស្ដារស្ថានភាពក្លឹបដែលមានអាយុកាល​១០២​ឆ្នាំនេះឲ្យប្រសើឡើងវិញ បន្ទាប់ពីប្រកាសលក់ដោយសារមានបញ្ហាវិបត្តិហិរញ្ញវត្ថុកាលពីប៉ុន្មានខែកន្លងទៅនេះ។ 

ព្រះអង្គមានបន្ទួលប្រាប់វិទ្យុបារាំងថា៖«វាជាការពិត ដែលខ្ញុំបានឈរឈ្មោះក្នុងនាមជាបេក្ខជនដើម្បីចូលកាន់តំណែងនៅក្លឹប Saint-ientienne។ ខ្ញុំពិតជាចូលចិត្តបាល់ទាត់ និងឃើញការរីកចម្រើនយ៉ាងក្លៀវក្លាចំពោះលីគបារាំង និងក្រុមជម្រើសជាតិបារាំង​។​ ហើយនេះជាអ្វីដែលខ្ញុំស្រលាញ់ ពិសេសចំពោះ Saint-ientienne ដែលស្ថិតក្នុងចំណោមក្លឹបធំៗនៅក្នុងប្រទេស»។

ព្រះអង្គបន្ថែមថា៖«គោលដៅរបស់ខ្ញុំគឺដើម្បីគ្រប់គ្រង Saint-Étienne នឹងធ្វើឲ្យក្លឹបនេះអាចវិលត្រឡប់មករកភាពប្រសើរឡើងវិញទាំងក្នុងលីគបារាំង និងតំបន់អឺរ៉ុប។ ខ្ញុំតែងតែសុបិនចង់បានក្លឹបបាល់ទាត់មួយដែលខ្ញុំចូលចិត្ត។ ដូច្នេះខ្ញុំសម្រេចចិត្តធ្វើអ្វីគ្រប់យ៉ាងដើម្បីយកវា»។ 

ព្រះអង្គអះអាងថា ការចូលខ្លួនចរចារដេញថ្លៃក្លឹប Saint-Étienne គឺមិនមែនដោយសារហេតុផលសេដ្ឋកិច្ចនោះទេ ប៉ុន្តែព្រះអង្គ ចង់វិនិយោគដោយខ្លួនឯងក្នុងរយៈពេលវែង។

នៅថ្ងៃទី២១កញ្ញា សម្ដេច នរោត្តម ច័ក្រពង្ស់ ជាបិតា ក៏បានចេញសេចក្ដីថ្លែងការណ៍មួយថា ការទិញក្លឹប Saint-ientienne នេះគឺជាការវិនិយោគលក្ខណៈឯកជន ដែលមិនពាក់ព័ន្ធនឹងបុគ្គល ឬស្ថាប័នណាមួយ ក្រៅពីព្រះអង្គ នរោត្តម រ៉ាវីចក្រ ផ្ទាល់ឡើយ។ ជាមួយគ្នានេះ ព្រះអង្គក៏បានឆ្លើយតបទៅនឹងសារព័ត៌មានមួយចំនួនដែលបានចុះផ្សាយថា «ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ជារជ្ជទាយាទឬត្រូវបានតែងតាំងជាព្រះអង្គម្ចាស់សម្រាប់គ្រងរាជសម្បត្តិបន្ត បានដាក់សំណើរទិញក្លឹប Saint-ientienne» ខណៈពុំទាន់មានការកំណត់ ឬជ្រើសរើសអង្គណាម្នាក់ជារជ្ជទាយាទនៅឡើយទេ។ ដូចនេះ នាំឲ្យមានការយល់ច្រឡំ។

សម្ដេច នរោត្តម ច័ក្រពង្ស់ មានបន្ទួលថា៖«យោងតាមរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា គឺជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដែលព្រះមហាក្សត្រ ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជសម្បត្ដិ។ គោរម្យងារដែលគេហៅថា «ព្រះរជ្ជទាយាទ» មិនមាន ហើយមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា។បុត្រាខ្ញុំ ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ជាកូនទី៨ របស់ខ្ញុំ និងជាព្រះអង្គម្ចាស់មួយអង្គក្នុងចំ​ណោម​ព្រះអង្គម្ចាស់ខ្មែរជាច្រើនព្រះអង្គទៀតក្នុងរាជវង្សានុវង្ស។ គ្មានព្រះអង្គម្ចាស់កម្ពុជាណា ដែលត្រូវបានតែងតាំងជាព្រះអង្គម្ចាស់គ្រប់គ្រងរាជសម្បត្តិបន្ត ឬទទួលគោរមងារ ព្រះរជ្ជទាយាទ ដែលមិនធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ»។ 

សូមបញ្ជាក់ថា ក្លឹប Saint-ientienne គឺជាក្លឹបបាល់ទាត់អាជីពដែលមានមូលដ្ឋាននៅទីក្រុង Saint-ientienne ប្រទេសបារាំង។ ក្លឹបនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៣៣ និងបានឈ្នះពានលីគកំពូលបារាំង (Ligue 1) ចំនួន១០លើក ពានរង្វាន់ Coupe de France ចំនួន៦លើក ពានរង្វាន់ Coupe de la Ligue និងTrophée des Champions ចំនួន៥ដងផងដែរ៕