សម្ដេច ហ៊ុន សែន ចុះសំណេះសំណាលជាមួយកម្មករកម្មការនីរោងចក្រ នៅខេត្តតាកែ កាលពីថ្ងៃទី៩កុម្ភៈឆ្នាំ២០១៩ ( រូបភាពី សម្ដេច ហ៊ុន សែន )

ភាគីនិយោជកនៅតែស្នើរឲ្យកាត់បន្ថយប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២២ មកនៅត្រឹម១៨៨ដុល្លារ ខណៈខាងសហជីពវិញ ក៏បន្តទាមទារឲ្យមានការដំឡើងដល់២០៤ដុល្លារ។ 

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបន្តកិច្ចប្រជុំនៅព្រឹកថ្ងៃអង្គារនេះ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយ​ន​ភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២២។ ប៉ុន្តែជាលទ្ធផលភាគីទាំងបី គឺភាគីរដ្ឋាភិបាល ថៅកែរោងចក្រ និងខាង​សហជីព បន្តមិនបានឯកភាពគ្នានូវតួលេខប្រាក់ឈ្នួលអប្បបរមាណាមួយច្បាស់លាស់នោះទេ។

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រកាសថា ដើម្បីអាចសម្រេចបាននូវតួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២២ តំណាងភាគីទាំងបីបានស្នើនូវតួលេខចំនួនបីផ្សេងៗគ្នា ដើម្បីដាក់ជូនក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាពិនិត្យ នឹងរៀបចំឱ្យមានការ​បោះឆ្នោតសម្រេចនៅថ្ងៃទី២៨កញ្ញាខាងមុខនេះ។

លោក អាត់ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២១កញ្ញានេះថា និយោជកតែងតែលើក​យកហេតុផលអវិជ្ជមាន ដើម្បីព្យាយាមកាត់បន្ថយប្រាក់ឈ្នួលកម្មករ ពិសេសការលើកឡើងពីផលប៉ះពាល់ពីកូវីដ១៩។ លោកបន្ត​ថា​ ចំពោះក្រុមសហជីពនៅតែប្រកាន់ជំហរទាមទារ២០៤ដុល្លារ ដោយផ្អែកលើការសិក្សាអតិផរណា​៣% ផលិតភាព១,៣% ការប្រកួតប្រជែង១% និងការចំណេញ១%ទៀត ស្មើនឹង៦,៣% និងត្រូវបានគណនាឃើញ១២ដុល្លារ។ 

លោកថ្លែងថា៖«អ៊ីចឹង!ការគណនាហ្នឹង គឺយោងទៅលើតម្រូវការ យើងដឹងហើយថាកម្មករមានការលំបាក និងការរស់ ការចំណាយខ្ពស់ជាងមុន សូម្បីតែថ្លៃសាំង ថ្នាំពេទ្យក៏ឡើងខ្លាំងដែរ»។ 

ជុំវិញការបោះឆ្នោត​ដើម្បីសម្រចនៅថ្ងៃទី២៨កញ្ញាខាងមុខនេះ ត្រូវបានលោក អាត់ ធន់​ បានលើកឡើងថា ការបោះឆ្នោតគ្រាន់​តែ​ជាទម្លាប់មួយដែលរដ្ឋាភិបាលតែងតែធ្វើឡើងប៉ុណ្ណោះ ហើយក៏សម្រេចទំនងយកតាមលក្ខណ្ឌដែលរដ្ឋាភិបាលបានផ្ដល់ឲ្យគឺ​១៩២​ដុល្លារដដែល សម្រាប់ប្រាក់ឈ្នួលកម្មកររោងចក្រកាត់ដេរ​ និងផលិតស្បែកជើង៕