
រាជធានីភ្នំពេញ និងខេត្តចំនួន១១ទៀតនឹងរងការជន់លិចដោយសារទឹកជំនន់។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១កញ្ញានេះ។
សេចក្ដីជូនដំណឹងដដែរឲ្យដឹងថា កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី២២ដល់២៦កញ្ញា ដោយសារទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប ITCZ ដែលអូសបន្លាយកាត់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ជាមួយនឹងខ្យល់ម៉ូសុងនិរតីបក់នៅក្នុងល្បឿនមធ្យមទៅបង្គួរ។ បន្តមកសម្ពាធទាបដែលស្ថិតនៅចុងប្រព័ន្ធ ITCZ ស្ថិតខាងកើតហ្វីលីពីន ដែលអាចវិវត្តខ្លួនទៅជាសម្ពាធទាបសកម្ម ឬវិសម្ពាធទាបនៅលើសមុទ្រចិនខាងត្បូង។
សេចក្ដីជូនដំណឹងបញ្ជាក់ថា បណ្ដាខេត្តតំបន់វាលទំនាបកណ្តាល នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ដែលអាចបណ្ដាលឲ្យមានគ្រោះទឹកជំនន់នៅតាមបណ្ដាខេត្តមួយចំនួនដូចជា រាជធានីភ្នំពេញ កណ្ដាល កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប និងបន្ទាយមានជ័យ។ ចំណែកបណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចបង្កឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមទៅខ្លាំងហើយខេត្តព្រះវិហារ និងឧត្តរមានជ័យ នឹងអាចមានគ្រោះទឹកជំនន់កើតឡើង។ ដោយឡែក តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន ដែលធ្វើឲ្យភូមិសាស្រ្តមួយចំនួនក្នុងខេត្តព្រះសីហនុ និងកោះកុង រងការជនលិចដោយសារទឹកជំនន់។
នៅថ្ងៃទី២០កញ្ញា រដ្ឋបាលក្រុងសិរីសោភ័ណ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅស្របតាមបណ្តោយដងស្ទឹងសិរីសោភ័ណ និងប្រជាពលរដ្ឋដែលរស់នៅតំបន់ប្រឈមនឹងការលិចលង់ ត្រូវត្រៀមបង្ការ និងប្រុងប្រយ័ត្នខ្ពស់ ដោយជំនន់ទឹកភ្លៀងនេះអាចនឹងកើតឡើងទៅតាមតំបន់ដែលរៀបរាប់ខាងលើជាយថាហេតុ។
ចំណែករដ្នបាលស្រុងមង្គលបូរី ចេញសេចក្តីប្រកាសដែរថា ស្ថានភាពទឹកភ្លៀងនឹងបន្តធ្លាក់ជាប់គ្នាៗប៉ុន្មានថ្ងៃចុងក្រោយនេះ និងស្ថានភាពទឹកហូរធ្លាក់ពីផ្នែកខាងលើតាមបណ្តោយស្ទឹង នៃស្រុកបវេល ខេត្តបាត់ដំបង និងទឹកធ្លាក់មកពីស្រុកម៉ាឡៃ ធ្វើឱ្យកម្រិតទឹកស្ទឹងមង្គលបូរី មានការហក់ឡើងខ្លាំង និងអាចបង្កជាផលប៉ះពាល់ដល់អាយុជីវិត មនុស្ស សត្វ ផ្ទះសម្បែង និងផលដំណាំជាដើម។
ជាមួយគ្នានេះដែរ នៅព្រឹកថ្ងៃទី២១ កញ្ញានេះ លោក អ៊ុំ រាត្រី អភិបាលក្រុងខេត្តបន្ទាយមានជ័យ បានចុះពិនិត្យមើលស្ថានភាពទឹក នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដើម្បីចាត់វិធានការកាយបើកមុខទឹករំដោះទឹកភ្លៀងជន់លិន ផ្លូវ និងតំបន់ប្រជាពលរដ្ឋរស់នៅក្បែរមាត់អូរព្រំដែនមួយចំនួន។ លោកបានបញ្ជាក់ថា មានប្រជាពលរដ្ឋប្រមាណ៧០គ្រួសារដែលត្រូវបានជម្លៀសមករស់នៅលើទីទួលសុវត្ថិភាព៕
- ក្រុមការងារសម្របសម្រួល និងតំណាងអង្គការ Global Life Sharing របស់កូរ៉េ ចុះពិនិត្យមើលទីតាំងគម្រោងបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ - នៅថ្ងៃទី 13/07/2022
- សន្និសីទថ្នាក់ខេត្តរវាងអាជ្ញាធរតំណាងរដ្ឋាភិបាល យុវជន និងសហគ្រិនស្ត្រីមកពីខេត្តចំនួន៦នៅខេត្តសៀមរាប - នៅថ្ងៃទី 09/07/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា - នៅថ្ងៃទី 30/05/2022