រូបភាពពីលោក ឡេង ណាវ៉ាត្រា

រដ្ឋាភិបាលបានកាត់ឆ្វៀលដីគម្របព្រៃឈើប្រមាណ១៧២ហិកតា ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ឲ្យទៅឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងយកទៅលក់ដូរបន្ត។ សង្គមស៊ីវិលសោកស្ដាយចំពោះកាត់ឆ្វៀលដីទាំងនោះ​ទៅឱ្យឧកញ្ញាដែលជាអ្នកមានឥទ្ធិពលម្នាក់ ខណៈពលរដ្ឋជាច្រើនកំពុងគ្មានដីរស់នៅនៅឡើយ។ 

លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២០កញ្ញានេះថា លោកមានការសោកស្ដាយចំពោះការកាត់ដីគម្របព្រៃឈើប្រមាណជាង១៧០ហិកតាទៅឲ្យឧកញ្ញា ឡេង ណាវ៉ាត្រា ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ លោកលើកឡើងថា រដ្ឋាភិបាល គួរតែគិតគូដល់ពលរដ្ឋដែលកំពុងខ្វះ​ខាត​ដី និងផ្ដល់ដំណោះស្រាយឲ្យពលរដ្ឋដែលរងគ្រោះបាត់បង់ដីធ្លី ដើម្បីឲ្យមានសមភាពក្នុងការគ្រប់គ្រង និងកាន់កាប់ដីធ្លីដោយសុវត្ថិភាព។

លោកថ្លែងថា៖«បើយើងមើលមានប្រជាពលរដ្ឋជាច្រើន ដែលកំពុងខ្វះខាតដីធ្លី ហើយអ្នកខ្លះត្រូវបានគេបង្ខំ ឬបណ្ដេញចេញពីដីរបស់ខ្លួន តែបែរជាទៅកាប់ឆ្វៀលដីទៅឲ្យឧកញ្ញាជាអ្នកមានឥទ្ធិពលទៅវិញ»។  

លោក បន្តថា ដីដែលលោកឧកញ្ញា ឡេង ណាវ៉ាត្រា ទទួលបានពីរដ្ឋាភិបាលនេះ និងអាចមានសិទ្ធិលក់បន្តទៅឲ្យពលរដ្ឋធ្វើជាកម្ម​សិទ្ធិ គឺប្រាសចាកពីអនុក្រឹតស្ដីពីដីសម្បទានសេដ្ឋកិច្ច។​ លោកបញ្ជាក់ថា ដីសម្បទានសេដ្ឋកិច្ច​ គឺជាកិច្ចព្រមព្រៀងមានពេលវេលាកំណត់ច្បាសលាស់ ហើយប្រសិនបើមានការលក់ដូរ នោះពលរដ្ឋជាអ្នកទិញអាចប្រឈមនឹងការដកហូតវិញនៅពេលណាមួយ។ 

លោកថ្លែងថា៖«តាមដឹងដីដែលទទួលបានពីរដ្ឋាភិបាលនេះ គឺឧកញ្ញាហ្នឹង(ឡេង ណាវ៉ាត្រា) អាចមានសិទ្ធិលក់បន្តទៅប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធិអីទៀតផង អ៊ីចឹងវាកាន់តែប្រាសចាកពីអនុក្រឹតស្ដីពីសម្បទានដីសេដ្ឋកិច្ចទៅទៀត ព្រោះដីសម្បទានសេដ្ឋកិច្ចហ្នឹង គឺការសម្បទានហើយមានកិច្ចព្រមព្រៀងមានរយៈពេលមិនលើសពី៥០ឆ្នាំអ៊ីចឹងទៅ! ហើយថាលក់ឲ្យពលរដ្ឋ តើពលរដ្ឋទទួលទិញហ្នឹងថានឹងប្រឈមមុខនឹងការដកហូតវិញនៅពេលណា?»។ 

សារព័ត៌មានខ្មែរណាស់មិនអាចសុំការបញ្ជាក់លោក ផៃ ស៊ីផាន មន្រ្តីនាំពាក្យរដ្ឋាភិបាលបានទេ ដោយសារទូរសព្ទហៅចូលប៉ុន្តែលោក​មិនទទួល។

អនុក្រឹត​ដែលចុះហត្ថលេខានៅក្នុងខែកក្កដាឆ្នាំ២០២១ ដោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺបានសម្រេចកាត់ឆ្វៀលដីទំហំ​១៧២​ហិកតា ស្ថិតក្នុងភូមិរំចេក ឃុំរំចេក និងភូមិខ្នារ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចេញពីគម្របព្រៃឈើឆ្នាំ២០០២ ដើម្បីធ្វើអនុប្បយោគជាដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិទៅឲ្យលោក ឡេង ណាវ៉ាត្រា ដែលមានឈ្មោះដើមថា ឡេង ភក្ត្រា។ 

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ថា ដីដែលរដ្ឋាភិបាលសម្រេចកាត់ឲ្យលោក ឡេង ណាវ៉ាត្រានេះ បានក្លាយជាដីកម្មសិទ្ធិឯកជនយូរហើយ និងពុំមែនជាដីដែលគ្រប់គ្រង់ដោយរដ្ឋនោះទេ គ្រាន់តែនៅជាប់ពាក់ព័ន្ធបញ្ជីសារពើពន្ធនៃគម្របព្រៃឈើឆ្នាំ២០០២។ លោកបន្តថា ដីស្ថិតក្នុងតំបន់គម្រប់ព្រៃឈើនេះ កន្លងទៅធ្លាប់មានទំនាស់ជាមួយពលរដ្ឋ ប៉ុន្តែត្រូវបានអាជ្ញា​ធរ​ដោះស្រាយរួចហើយ។ 

លោកថ្លែងថា៖«ដីនេះយើងបានសិក្សាស្រាវជ្រាវរួចអស់ហើយ គឺដំបូងឡើយធ្លាប់មានទំនាស់ដែរ ប៉ុន្តែក្រោយមកត្រូវបានដោះស្រាយ​បញ្ចប់អស់ហើយ ហើយជាគោលការណ៍នៃការកាត់ឆ្វៀលដី ដើម្បីអាចធ្វើអនុបយោគបាន ទាល់តែដីនោះដោះស្រាយទំនាស់ឲ្យអស់ទើបយើងអាចស្នើសុំឆ្វៀលបាន»។ 

កាលពីថ្ងៃទី១៤សីហា លោក ឡេង ណាវ៉ាត្រា បានប្រកាសលក់ដីឡូត៍ ដែលស្ថិតក្នុងស្រុកបន្ទាយស្រី​ខេត្តសៀមរាប។ លោក សរសេរបង្ហោះតាមហ្វេសបុកថា៖«ទឹកដីបន្ទាយស្រី ខេត្តសៀមរាប ដំណើរការនៃការអភិវឌ្ឍម៉ត់ចត់ និងការទទួលខុសត្រូវខ្ពស់ ទើបធ្វើឲ្យអតិ​ថិជនទាំងអស់ទទួលបានភាពជោគជ័យជាមួយក្រុមហ៊ុន»៕