ពលរដ្ឋនៅក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានឡើងលើគ្រឿងចក្រដើម្បីបញ្ឍប់មិនឱ្យមានការកាយដីកាលពីថ្ងៃទី ១៣កញ្ញា។ រូបភាព៖ គណនីហ្វេសប៊ុក ចាន់ ថុល

កាលពីថ្ងៃទី១៣កញ្ញា​ ពលរដ្ឋ១៣គ្រួសារ នៅក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បាននាំគ្នាតវ៉ារារាំងមិនឱ្យគ្រឿងចក្រឈូសឆាយជួសជុលនិងពង្រីកផ្លូវ នៅត្រង់ចំណុចវាសឥន្រ្ទី(ថ្លាន់មួយរយ) ដោយសារព្រួយបារម្ភថា អាចធ្វើឱ្យពួកគាត់អាចបាត់បង់ដីធ្លីនិងផ្ទះសម្បែង។ ក្រុមពលរដ្ឋអះអាងថា ការឈូសឆាយធ្វើផ្លូវនេះ គឺបានកើតឡើង បន្ទាប់ពីមានអ្នកតំណាង​ឱ្យឧកញ៉ាម្នាក់ឈ្មោះ ប៉ែន នួន ដើរសុំទិញដី ប៉ុន្តែពួកគាត់មិនព្រមលក់។

លោកស្រី អឹម ខន អាយុ៥៧ឆ្នាំ ជាពលរដ្ឋម្នាក់ដែលចេញតវ៉ា បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២០កញ្ញានេះថា អ្នកបញ្ជាឱ្យយកគ្រឿងចក្រមកកាយដីធ្វើផ្លូវនេះ គឺជាក្រុមមនុស្សរបស់ឧកញ៉ាឈ្មោះ ប៉ែន នួន ហើយការកាយដីនេះ មិនបានផ្ដល់ដំណឹងឱ្យពលរដ្ឋក្នុងភូមិដឹងជាមុនឡើយ ខណៈអ្នកខ្លះថាកាយដើម្បីធ្វើផ្លូវ និងខ្លះទៀតថាដើម្បីធ្វើព្រំដី។ លោកស្រីបានចោទឧកញ៉ា ប៉ែន នួន ទៀតថា បានជួលមនុស្សជាង១០០នាក់ មកឈ្លោះជាមួយក្រុមពលរដ្ឋនៅក្នុងភូមិលោកស្រី។

លោកស្រីថ្លែងដូច្នេះថា៖«ឥឡូវ! បើចង់ធ្វើផ្លូវ ពួកខ្ញុំស្នើសុំថា ឱ្យមានអាជ្ញាធរ ឬមានជាគម្រោង ឬពាក្យស្នើសុំធ្វើគម្រោងអភិវឌ្ឍន៍អ្វីមួយ និងឱ្យអាជ្ញាធរប្រជុំដើម្បីឱ្យប្រជាពលរដ្ឋខ្ញុំបានយល់ដឹង ថាតើធ្វើផ្លូវមានទំហំប៉ុន្មាន បណ្តោយប៉ុន្មាន ប្រវែងប៉ុន្មាន ទៅណាមកណាឱ្យដឹងផង។ ពួកខ្ញុំសំណូមពរថា អាជ្ញាធរមានការប្រជុំមានអីដើម្បីឱ្យពួកខ្ញុំដឹងទៅ ពួកខ្ញុំអត់ជំទាស់ទេ»។

លោកស្រីបន្តថា កន្លងមកក្រុមមនុស្សឧកញ៉ា ប៉ែន នួន ធ្លាប់បានសុំទិញដី ប៉ុន្តែក្រុមពលរដ្ឋមិនព្រមលក់ ដោយសារដីបច្ចុប្បន្ន គឺពួកគាត់ទុកសម្រាប់ដាំបន្លែបន្តិចបន្តួចចិញ្ចឹមជីវិត។

លោកស្រីបន្ថែមថា៖«ពួកខ្ញុំអ្នកដែលមានផ្ទះនៅនេះ គាត់ថាគាត់អត់លក់ទេ ព្រោះគាត់សុទ្ធតែអ្នកក្រ គាត់មកនៅលើដីរដ្ឋ មិនមានកន្លែងនៅទេ។ ដូច្នេះ! បើលក់ទៅ មិនដឹងទៅនៅឯណាទេ មានដីឯណានៅ ហើយបើដីនេះរដ្ឋគាត់ត្រូវអភិវឌ្ឍហើយ ខ្ញុំអត់ប្រកែកទេ ប៉ុន្តែសុំអស់លោករកដីកន្លែងណាផ្សេងឱ្យពួកគាត់នៅ ហើយបើដោះដូរទិញ ពួកខ្ញុំមិនហ៊ានលក់»។​

ពលរដ្ឋរូបនេះបញ្ជាក់ថា អ្នកនៅក្នុងភូមិព្រៃពាយ ដែលមិនយល់ព្រមឱ្យគ្រឿងចក្រឈូសឆាយនេះ មានចំនួន៣៧គ្រួសារ និងកំពុងកាន់កាប់ផ្ទៃដីជាង៣០ហិកតា។ លោកស្រី អឹម ខន បញ្ជាក់ថា ប្រសិនបើអាជ្ញាធរមិនដោះស្រាយ និងបន្តឱ្យគ្រឿងចក្រ​ចូលមកឈូសឆាយដីទៀត នឹងធ្វើឱ្យលោកស្រីបារម្ភកាន់តែខ្លាំង ពីការប្រឈមបាត់បង់ផ្ទះសម្បែង និងដីសម្រាប់ដាំដំណាំ។​

ចំណែកលោកស្រី ង៉ែត យឿន ពលរដ្ឋនៅក្នុងភូមិព្រៃពាយម្នាក់ទៀត ដែលមានប្តីធ្លាប់រងរបួសបាក់ជើងពិការ បានលើកឡើងថា ការតវ៉ាកាលពីថ្ងៃទី១៣កញ្ញា បានធ្វើឱ្យប្ដីលោកស្រីប្រឈមបាក់ជើងជាថ្មី និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពត។ លោកស្រីបានអះអាងថា ក្រុមឧកញ៉ា ប៉ែន នួន ក៏បានមកសុំទិញដីពីគ្រួសារលោកស្រីដែរ។

លោកស្រីថា៖«គេអះអាងថាគេអ្នកតំណាងឧកញ៉ា ប៉ែន នួន ដែលមកសុំដោះដូរដីហ្នឹង ឱ្យខ្ញុំយកកម្រៃហ្នឹងទៅរកដីនៅកន្លែងនេះ កន្លែងនោះ ប៉ុន្តែខ្ញុំថា ខ្ញុំអត់ដោះដូរទេ។ គេអត់ប្រាប់ថាគេដោះដូរដីនេះយកទៅធ្វើអ្វីនោះទេ គាត់មកនិយាយជាមួយខ្ញុំជារឿយៗតាំងពីថ្ងៃទី៣០សីហា រហូតដល់ថ្ងៃទី៤កញ្ញា គាត់នាំកម្លាំងមកទៀត»។

លោកស្រីថាបញ្ជាក់ថា ដីដែលលោកស្រីកំពុងកាន់កាប់ជាដីរបស់រដ្ឋ ហើយលោកស្រីក៏មិនទាន់មានប្លង់អ្វីត្រឹមត្រូវនោះទេ ប៉ុន្តែប្រសិនបើរដ្ឋាភិបាលត្រូវការយកដីទៅអភិវឌ្ឍអ្វីមួយ លោកស្រីនឹងមិនបដិសេធនោះទេ ប្រសិនបើការអភិវឌ្ឍនោះមានក្រដាសស្នាមត្រឹមត្រូវបញ្ជាក់ពីរដ្ឋាភិបាល។

កាលពីថ្ងៃទី១៣កញ្ញា ពលរដ្ឋដែលចេញតវ៉ានៅ គឺខ្លះបានឡើងទៅលើគ្រឿងចក្រ និងទ្រហ់ោយំ សុំឱ្យគ្រឿងចក្រឈប់កាយដីវិញ អំឡុងពេលដែលពួកគាត់មិនទាន់បានព្រមព្រៀងនៅឡើយ។ ជុំវិញបញ្ហានេះ សារព័ត៌មានខ្មែរណាស់ មិនទាន់អាចទាក់ទងទៅឧកញ្ញ៉ា ប៉ែន នួន នៅឡើយទេ។

លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលស្រុកឈូក បានបញ្ជាក់ថា ករណីកាយដីនេះ គឺមានភាគីម្ខាងបានសុំអនុញ្ញាតិជួសជុល និងឈូសឆាយ ស្ថាបនាផ្លូវចាស់មួយខ្សែរឱ្យធំទូលាយ ដោយមានទទឹង៣០ម៉ែត្រ ប៉ុន្តែក្រុមពលរដ្ឋបានលើកគ្នាមករារាំង។

លោកថា៖« គាត់សុំការអនុញ្ញាតធ្វើផ្លូវ មានប្រវែងប្រហែល២ទៅ៣ពាន់ម៉ែត្រ និងពង្រីកផ្លូវទំហំ​៣០ម៉ែត្រ ដោយសុំការអនុញ្ញាតពីអាជ្ញាធរឃុំ ប៉ុន្តែភាគីម្ខាងទៀតដែលមានដីនៅខាងហ្នឹងគឺគាត់មិនអនុញ្ញាតឱ្យធ្វើនោះទេ ដោយសំអាងថាធ្វើទៅ វាប៉ះដីគាត់»។

លោកបន្តថា មកដល់ពេលនេះ ករណីខាងលើត្រូវបានដោះស្រាយបញ្ចប់ហើយ គឺតម្រូវឱ្យភាគីដែលស្នើសុំធ្វើផ្លូវឱ្យផ្អាកសកម្មភាពធ្វើសិន។

ចំណែកលោក យន់ ផល្លី អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពត យល់ឃើញថា ប្រសិនបើក្នុងករណីធ្វើផ្លូវពិតមែន ពលរដ្ឋគួរតែរួមចំណែកក្នុងការអភិវឌ្ឍ ប៉ុន្តែប្រសិនបើករណីប៉ះពាល់ទៅលើដីប្រជាពលរដ្ឋ អាជ្ញាធរគួរតែមានការប្រជុំ រកហេតុផលណាមួយឱ្យសមស្របសម្រាប់ប្រជាពលរដ្ឋទើបអភិវឌ្ឍទៅ មិនមានផលប៉ះពាល់។

លោកបន្តថា៖«បើសិនជាការអភិវឌ្ឍទៅលើផ្លូវខូចខាតនោះ ប៉ះពាល់ដល់ដីប្រជាពលរដ្ឋ ហើយមិនបានអញ្ជើញ ឬចូលរួមជាវេទិការដើម្បីរកដំណោះស្រាយណាមួយ ដូច្នេះប្រជាពលរដ្ឋអាចធ្វើការហាមឃាត់ ព្រោះវាប៉ះពាល់ទៅលើកម្មសិទ្ធិរបស់ពួកគាត់(ពលរដ្ឋ)។ ដូច្នេះអាជ្ញាធរ គួរតែធ្វើការសម្របសម្រួល ឬអាចមានការដោះស្រាយបន្តណាមួយដែលប្រជាពលរដ្ឋទទួលយកបាន»។

មួយវិញទៀតលោកស្នើដល់ប្រជាពលរដ្ឋ មេត្តាកុំប្រើសកម្មភាពហិង្សាណាមួយដើម្បីដោះស្រាយបញ្ហា ជាក់ស្តែងដូចជាការឡើងទៅលើគ្រឿងចក្រហាមឃាត់មិនឱ្យមានការកាយដី ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ពួកគេផ្ទាល់ និងមិនមានអ្នកទទួលខុសត្រូវចំពោះបញ្ហានោះទេ។ លោកអំពាវនាវឱ្យពលរដ្ឋ គួររកដំណោះស្រាយណាមួយដោយសន្តិវិធី ជាជាងប្រើអំពើហិង្សាមកដោះស្រាយបញ្ហា៕