ពលរដ្ឋកំពុងត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។ រូបភាព៖រដ្ឋបាលក្រុងប៉ោយប៉ែត
សូមចុចស្តាប់បទយកការណ៍ជាសំឡេងនៅទីនេះ។

អភិបាលក្រុងប៉ោយប៉ែតបានលើកឡើងថា ពលរដ្ឋជាង៥០គ្រួសារត្រូវបានអាជ្ញាធរជម្លៀសទៅទីទួលសុវត្ថិភាព ក្រោយភ្លៀង៣ថ្ងៃជាប់ៗគ្នា ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗនៅពេលយប់។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២០កញ្ញានេះថា រយៈពេល៣ថ្ងៃចុងក្រោយនេះភ្លៀងធ្លាក់ទាំងយប់ទាំងថ្ងៃជាប់ៗគ្នា ដែលបណ្តាលឱ្យជន់លិចក្រុងប៉ោយប៉ែត ហើយបច្ចុប្បន្នមេឃនៅតែបន្តខ្មៅ។

លោកថ្លែងដូច្នេះថា៖«រាល់ផ្លូវទាំងអស់គឺ៨០ភាគរយ ត្រូវបានទឹកហូរកាត់លើហ្នឹង ប៉ុន្តែបើអត់ភ្លៀងតែមួយថ្ងៃស្រកហើយ។ ជាធម្មតាវាហូរកាត់យើងមិនអាចប៉ាន់ស្មានថាជម្រៅប៉ុន្មាននោះទេ កន្លែងខ្លះទាប កន្លែងខ្លះខ្ពស់។ ប៉ុន្តែទឹកអូរវាឡើងដល់កម្រិតប្រកាសអាសន្នហើយ ដូច្នេះឥឡូវកំពុងជម្លៀសប្រជាពលរដ្ឋ៥០ ទៅ៦០គ្រួសារពីសង្កាត់ប៉ោយប៉ែត និងផ្សារកណ្តាលហ្នឹង»។

លោកបន្ថែមថា ពលរដ្ឋដែលត្រូវជម្លៀសភាគច្រើន ជាកម្មករដែលជួលផ្ទះតូចៗ និងទាប រស់នៅតាមមាត់ស្ទឹង ប៉ុន្តែផ្ទះរបស់ពួកគាត់មិនទាន់ប៉ះពាល់ធ្ងន់ធ្ងរនោះទេ គ្រាន់តែលិចក្រោមផ្ទះប៉ុណ្ណោះ ខណៈផ្ទះនៅក្នុងក្រុងមិនត្រូវបានជម្លៀសនោះទេ។

លោកថា«ផ្ទះក្នុងក្រុងវាអត់បញ្ហាទេ គេលិចទឹកភ្លៀងគេនៅបានតែរាំងទៅគេនៅបាន ដោយឡែកទឹកអូរសូម្បីរាំង ក៏ទឹកអូរមិនស្រកដែរ ដូច្នេះទើបជម្លៀសពួកគាត់»។

លោកថា ភ្លៀងរយៈពេល៣ថ្ងៃនេះ គឺមិនទាន់អាចសន្និដ្ឋានថា ប៉ះពាល់ផ្លូវ ផ្ទះ និងដំណាំចំនួនប៉ុន្មាននោះទេ ព្រោះវាជាប្រភេទជំនន់ទឹកភ្លៀង ហើយវាទឹកត្រជាក់ មិនមែនដូចទឹកជំនន់នោះទេ។

លោកបញ្ជាក់ថា ជំនន់ទឹកភ្លៀងរយៈពេល៣ ថ្ងៃចុងក្រោយនេះមិនរងផលប៉ះពាល់ទឹកពីប្រទេសថៃនោះទេ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៤កញ្ញា ភ្លៀងធ្លាក់ខ្លាំងរយៈពេល៣ម៉ោងនៅខេត្តបន្ទាយមានជ័យ  ធ្វើឱ្យស្រុកចំនួន៣ គឺស្រុកមង្គលបូរី ក្រុងសិរីសោភ័ណ និងស្រុកម៉ាឡៃ និងបានបណ្ដាលឱ្យលិចផ្ទះប្រជាពលរដ្ឋជាង២០០គ្រួសារ ក្នុងក្រុងសិរីសោភ័ណ។

កាលពីថ្ងៃទី១៨ កញ្ញាក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ចាប់​ពី​ថ្ងៃទី ២០ ដល់​ថ្ងៃទី ២៣ ខែ​កញ្ញា តំបន់​វាល​ទំនាបផ្ទៃ​មេឃនឹង​មាន​ពពក​ច្រើន មាន​អ័ព្ទ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង ដែល​នឹង​អាច​បង្ក​ជា​ជំនន់​ទឹក​ភ្លៀង​នៅ​ក្នុង​ភូមិសាស្ត្រ រាជធានីភ្នំពេញ ខេត្ត​កណ្តាល កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និង​ខេត្ត​បន្ទាយមានជ័យ។

ក្រសួង​បន្តថា នៅ​តំបន់​ខ្ពង់​រាប ជួរ​ភ្នំ​ដង​រែក និង​តំបន់​ជួរ​ភ្នំ​ក្រវាញ ផ្ទៃ​មេឃនឹង​អាប់អួរ​មាន​ពពក​ច្រើន ភ័ព្ទ​ផ្សែង នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់​ក្នុង​ស្រុក​វាល​វែង ឧត្តរមានជ័យ ព្រះវិហារ និងខេត្តកំពង់ធំ តាមរយៈស្ទឹងសែន ដែល​អាច​នឹង​បង្ក​ទៅ​ជា​ជំនន់។

ក្រសួង​បន្ថែមថា នៅ​តំបន់​មាត់​សមុទ្រ ផ្ទៃ​មេឃនឹង​អាប់អួរ​មាន​ពពក​ច្រើន ភ័ព្ទផ្សែង នឹង​អាច​មាន​ភ្លៀង​ធ្លាក់ រាយប៉ាយ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​មាន​ល្បឿន​មធ្យម ដែល​នឹង​អាច​បង្ក​ជា​ជំនន់​ទឹក​ភ្លៀង នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង ពិសេស​ផ្លូវ​ជាតិ​លេខ ៤ អាច​គំរាម​កំហែង​ដោយ​ជំនន់​ទឹក​ភ្លៀង។ នៅ​លើ​ផ្ទៃ​សមុទ្រ នឹង​អាច​មាន​ភ្លៀង ខ្យល់ និង​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម ៕