ពលរដ្ឋដាណឺម៉ាកចេញដើរខាងក្រៅកាលពីថ្ងៃទី៣កញ្ញា ខណៈរដ្ឋាភិបាលបានបើកប្រទេសឡើងវិញ។ រូបភាព៖ CNN

ប្រទេសមួយចំនួនបានលើកឡើងថា ដល់ពេលហើយ ដែលត្រូវបើកប្រទេសឡើងវិញ ហើយត្រូវរស់នៅជាមួយជំងឺកូវីដតាមបែបគន្លងថ្មី។ ប្រទេសខ្លះដែលសម្រេចបើកឡើងវិញ ដោយសារពលរដ្ឋបានចាក់វ៉ាក់សាំងពេញលេញចំនួនច្រើន និងខ្លះទៀតដោយ​សារតែផលប៉ះពាល់នៃសេដ្ឋកិច្ចនិងសង្គម។

សារព័ត៌មាន CNN បានចុះផ្សាយនៅថ្ងៃទី១៦សីហាកន្លងទៅនេះ ដោយបង្ហាញពីប្រទេសចំនួន៥បានបើកឡើងវិញ និងត្រៀម​បើក ដើម្បីឱ្យពលរដ្ឋរៀនរស់នៅជាមួយជំងឹកូវីដ១៩។ កាលពីថ្ងៃទី១០កញ្ញា រដ្ឋាភិបាលដាណឺម៉ាកបានដកចេញវិធានការរឹតបន្តឹងដែល​នៅសល់ទាំងអស់ ដោយនិយាយថា កូវីដលែងជាជំងឺដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សង្គមទៀតហើយ។

នៅពេលនេះ ប្រជាជនដាណឺម៉ាក អាចចូលទៅក្នុងក្លឹបរាត្រី និងភោជនីយដ្ឋានជាដើម ដោយមិនចាំបាច់បង្ហាញលិខិតចាក់វ៉ាក់សាំង និងនៅពេលប្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនចាំបាច់ពាក់ម៉ាស និងជួបជុំគ្នាដោយគ្មានការរឹតត្បិត គឺជាជីវិតមួយដែលវិលទៅមុនពេលមានជំងឺរាតត្បាតកូវីដ១៩។

គន្លឹះនៃភាពជោគជ័យបើកប្រទេសរបស់ដាណឺម៉ាកនេះ គឺផ្នែកមួយធំដោយសារការចាក់វ៉ាក់សាំងរបស់ខ្លួន។ គិតត្រឹមថ្ងៃ​ទី​១៣​កញ្ញានេះ ប្រជាជនដាណឺម៉ាកជាង៧៤%បានចាក់វ៉ាក់សាំងពេញលេញប្រឆាំងកូវីដ១៩។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលដាណឺម៉ាក លោក Magnus Heunicke បាននិយាយថា អត្រាចម្លងជំងឺឬអត្រាR មានចំនួន០,៧ ដែលមានន័យថាការរីករាលដាលកំពុងបន្តធ្លាក់ចុះនៅពេលខាងមុខ ហើយប្រសិនបើវាលើសពី១,០ នោះមានន័យថា អត្រាឆ្លងនឹងកើនឡើងនាពេលអនាគតដ៏ខ្លីខាងមុខនេះ។

លោកបញ្ជាក់ថា បើទោះបីជាបើកប្រទេសឡើងវិញក្ដី ក៏ដាណឺមាកមិនទាន់ចេញផុតពីការរីករាលដាលនៅឡើយទេ ហើយរដ្ឋា​ភិ​បាល​នឹងមិនស្ទាក់ស្ទើរក្នុងការធ្វើសកម្មភាពភ្លាមៗទេ ប្រសិនបើជំងឺរាតត្បាតនេះគំរាមកំហែងដល់មុខងារសំខាន់ៗនៅក្នុងសង្គមម្តងទៀត។

ប្រទេសសឹង្ហបុរី ក៏កំពុងព្យាយាមរៀនរស់នៅជាមួយកូវីដ ប៉ុន្តែវីរុសបំប្លែងថ្មីដែលតា កំពុងបង្អាក់ការព្យាយាមនេះ។ កាលពីខែមិថុនា រដ្ឋាភិបាលសឹង្ហបុរីបានប្រកាសថា ខ្លួនកំពុងរៀបចំផែនការឆ្ពោះទៅរកការរស់នៅជាមួយយុទ្ធសាស្ត្រកូវីដ ដោយព្យាយាមគ្រប់គ្រងការផ្ទុះឡើងនៃជំងឺដោយប្រើវ៉ាក់សាំង និងការព្យាបាលអ្នកជំងឺតាមមន្ទីរពេទ្យ ជាជាងដាក់កំហិតលើការរស់នៅរបស់ពលរដ្ឋ។

កាលពីខែសីហា អាជ្ញាធរប្រទេសនេះ បានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួន ដែលអនុញ្ញាតឱ្យពលរដ្ឋដែលចាក់វ៉ាក់សាំងការពារជំងឺកូវីដពេញលេញ អាចចេញទៅអង្គុយទទួលទានអាហារនៅភោជនីយដ្ឋាន និងប្រមូលផ្តុំគ្នាពី២ទៅ៥នាក់។ ប៉ុន្តែករណីឆ្លងកើនឡើង ដែលបណ្តាលមកពីវីរុសបំប្លែងថ្មីដែលតា បានធ្វើឱ្យយុទ្ធសាស្ត្រនោះស្ថិតក្នុងភាពជាប់គាំង បង្ខំឱ្យមន្រ្តីបញ្ឈប់ការបើកដំណើរការឡើងវិញ។ មន្រ្តីសិង្ហបុរីបានព្រមានកាលពីសប្តាហ៍មុនថា ពួកគេប្រហែលជាត្រូវការដាក់ចេញវិធានការរឹតបន្តឹងឡើងវិញ ប្រសិនបើការផ្ទុះឡើងថ្មីនេះ នៅតែមិនអាចគ្រប់គ្រងបាន។

រីឯប្រទេសថៃក៏ប្រកាសត្រៀមបើកប្រទេសនៅតំបន់មួយចំនួនទៀតឡើងវិញ ថ្វីត្បិតដំណើរការចាក់វ៉ាក់សាំងយឺត ហើយករណីឆ្លងប្រចាំថ្ងៃនៅតែបន្តកើនឡើង។ កាលពីពេលថ្មីៗនេះ ប្រទេសថៃគ្រោងនឹងបើកទីក្រុងបាងកក និងតំបន់ទិសដៅពេញនិយមផ្សេង​ទៀត ដូចជា Pattaya និងឈៀងម៉ៃជាដើម សម្រាប់ទទួលភ្ញៀវបរទេសដែលបានចាក់វ៉ាក់សាំងហើយនៅខែក្រោយនេះ ដើម្បីព្យាយាមស្តារវិស័យទេសចរណ៍ដ៏សំខាន់របស់ខ្លួនឡើងវិញ បើទោះបីជាចំនួនអ្នកឆ្លងកើនឡើងក៏ដោយ។

ប្រទេសអាហ្វ្រិកខាងត្បូង ក៏បានចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតបន្តឹងលើកូវីដមួយចំនួនដែរ ដោយសារអត្រាឆ្លងនៅក្នុងប្រទេស​ធ្លាក់ចុះ។ ក្នុងចំណោមវិធានការទាំងនោះ មានដូចជាបម្រាមគោចរពេលយប់ទូទាំងប្រទេសត្រូវបានកាត់បន្ថយត្រឹមម៉ោង​១១យប់រហូតដល់ម៉ោង៤ទៀបភ្លឺ ទំហំនៃការជួបជុំដែលត្រូវបានអនុញ្ញាតបានកើនឡើងដល់២៥០នាក់នៅក្នុងកន្លែងបិទជិត និង៥០០ នាក់នៅក្នុងតំបន់ដែលគ្មានការបិទជិត ហើយការរឹតបន្តឹងលើការលក់គ្រឿងស្រវឹង ក៏ត្រូវបានបន្ថយបន្ថែមទៀត។

ចំពោះប្រទេសឈីលី ត្រូវបានគេសរសើរជាអន្តរជាតិ ថាជាប្រទេសបានធ្វើយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយភាពរលូននិង​ជោគ​ជ័យ។ យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងសុខាភិបាលឈីលី គឺស្ទើរតែ៨៧%នៃប្រជាជនសរុប ដែលបានចាក់វ៉ាក់​សាំងការពារជំងឹកូវីដ១៩ពេញលេញ ហើយប្រទេសនេះ ក៏បានចាប់ផ្តើមវ៉ាក់សាំងដូសជំរុញ និងកាលពីប៉ុន្មានថ្ងៃមុន បានអនុ​ញ្ញាត​ឱ្យប្រើវ៉ាក់សាំងចិនស៊ីណូវ៉ាកសម្រាប់ចាក់ឱ្យកុមារអាយុចាប់ពី៦ឆ្នាំឡើងទៅ។

ថ្វីបើមានការគំរាមកំហែងពីវីរុសបំប្លែងថ្មីក៏ដោយ ក៏រដ្ឋាភិបាលឈីលីបានប្រកាសបើកដំណើរការទេសចរណ៍សម្រាប់ភ្ញៀវអន្តរជាតិឡើងវិញចាប់ពីថ្ងៃទី១តុលានេះ៕