លោក សេង សារី និងក្រុមគ្រួសារ។ រូបភាពដកស្រង់ចេញពីហ្វេសប៊ុករបស់លោក។

លោកបណ្ឌិត សេង សារី អ្នកវិភាគបញ្ហាសង្គមនិងនយោបាយបានលើកឡើងថា ម្ដាយរបសលោកនឹងមិនត្រូវបានគេស្ដីថាមានកូនជាជនក្បត់ជាតិនោះទេ បន្ទាប់ពីនាយករដ្ឋមន្រ្តីបានប្រកាសជាថ្មីឱ្យតុលាការបញ្ឈប់ដីកាតាមចាប់ខ្លួនលោក ដោយសារការវិភាគពីលទ្ធភាពនៃការបង្កើតរដ្ឋាភិបាលក្រៅប្រទេសរបស់លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ។

លោក សេង សារី បានសរសេរបង្ហោះតាមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២០កញ្ញានេះថា៖« ម៉ែអាចទៅវត្តនៅថ្ងៃកាន់បិណ្ឌខាងមុននេះបានហើយ។ ម៉ែមិនបាច់បារម្ភពីអ្នកណាថាឲ្យម៉ែមានកូនជាជនក្បត់ជាតិទេ។ ប្រពន្ធសម្លាញ់ អូនអាចបើកទ្វារបង ឲ្យកូនរត់លេងវិញបានហើយ»។

ការសរសេរបង្ហោះរបស់លោកបណ្ឌិត សេង សារី នេះ គឺបន្ទាប់ពីសម្ដេចនាយករដ្ឋមន្រ្តីបានសរសេរបង្ហោះតាមហ្វេសប៊ុកស្នើឱ្យតុលាការតុលាការពិនិត្យពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោកបណ្ឌិត សេង សារី ហើយនាយករដ្ឋមន្រ្តីក៏បានលើកទឹកចិត្តឱ្យលោក បណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវនិងវិភាគបញ្ហាសង្គមបន្តទៀត ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម។

នាយករដ្ឋមន្រ្តីសរសេរថា៖«ខ្ញុំក៏អំពាវនាវអោយភរិយា កូននិងឪពុកម្តាយរបស់បណ្ឌិត សេង សារី កុំឱ្យមានការព្រួយបារម្ភ»។

ការផ្លាស់ប្ដូរគោលជំហររបស់នាយករដ្ឋមន្រ្តីនេះ ដោយសារសម្ដេច ហ៊ុន សែន លោកបានអះអាងថា ក្រោយពីលោកបានស្ដាប់ដោយយកចិត្តទុកដាក់នូវការបកស្រាយពន្យល់អំពីគោលបំណងនៃការវិភាគអំពីសេនារីយោ៦ចំណុចកាលពីថ្ងៃទី២១កក្កដា២០២១ របស់លោកបណ្ឌិត សេង សារី ថាជាការវិភាគបែបសេនារីយោ ហើយថាជាការបកស្រាយនេះមានលក្ខណៈសមហេតុផលនិងអាចទទួលយកបាន។

កាលពីថ្ងៃទី១៧កញ្ញា សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា លោកបណ្ឌិត សេង សារី ដែលកំពុងស្ថិតនៅក្នុងប្រទេសថៃ គឺតុលាការកំពុងតាមចាប់ខ្លួន ដោយសារនាយករដ្ឋមន្រ្តីចោទប្រកាន់អ្នកវិភាគរូបនេះថា បានគាំទ្រលក្ខខណ្ឌបង្កើតរដ្ឋាភិបាលក្រៅប្រទេស ដែលដឹកនាំដោយលោក សម រង្ស៊ី។

កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០២១ លោក សេង សារី បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោកដោយ​លើក​ឡើង​ថា​ ការ​ផ្តួច​ផ្តើម​គំនិត​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិឬរដ្ឋាភិបាលក្រៅប្រទេស អាច​ទៅ​រួច ឬ​មិ​នរួ​ច គឺអាស្រ័យលើកម្លាំងចំនួន៦ រួម​មាន​កម្លាំង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង កម្លាំង​មហាជន កម្លាំង​យុវជន កម្លាំង​ផ្ទៃ​ក្នុង​គណបក្ស​កាន់​អំណាច កម្លាំង​ប្រដាប់​អាវុធ និង​កម្លាំង​អន្តរ​ជាតិនិង​ប្រទេស​ជិត​ខាង។

លោកបន្តថា ដូច្នេះលទ្ធភាពក្នុងការបង្កើតរដ្ឋាភិបាលបង្រួមបង្រួមជាតិអាចទៅរួច លុះត្រាតែមានកម្លាំងលើសពី៣ក្នុងចំណោមកម្លាំងទាំង៦ងើបឡើងព្រមគ្នា ហើយប្រសិនបើរដ្ឋាភិបាលមិនបន្ធូបន្ថយបរិយាកាសនយោបាយ ធានាយុត្តិធម៌សង្គម ឈប់រំលោភ​បំពាន​ពលរដ្ឋ ធ្វើទុក្ខបុកម្នេញអ្នកមានគំនិតផ្ទុយ និងឲ្យកម្ពុជាត្រឡប់គន្លងប្រជាធិបតេយ្យទេនោះ៕