រូបភាពដកស្រង់ចេញពីហ្វេសប៊ុក CapLand X Plantation

ថ្នាំកសិកម្ម ជាថ្នាំដែលប្រើប្រាស់សម្រាប់សម្លាប់ និងបណ្តេញនូវកត្តាចង្រៃរបស់ដំណាំ និងកសិផល ដែលកត្តាចង្រៃទាំងអស់នោះមានដូចជា ដង្កូវគ្រប់ប្រភេទ ចៃ កណ្តុរ មេរោគផ្សិត បាក់តេរី និងរុក្ខជាតិចង្រៃ។ នេះបើតាមឯកសារវិធីសាស្ត្រកាត់បន្ថយគ្រោះថ្នាក់ក្នុងការប្រើប្រាស់ និងទុកដាក់ថ្នាំកសិកម្មដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងឯកសារនេះបានបន្តថា បច្ចុប្បន្នមានថ្នាំកសិកម្មនៅទីផ្សាររាប់រយប្រភេទ ប៉ុន្តែភាពគ្រោះថ្នាក់របស់វាមកលើមនុស្សមិនដូចគ្នាទេ។ តាមរយៈអង្គការសុខភាពពិភពលោក បានបែងចែកចំណាត់ថ្នាក់សារធាតុថ្នាំកសិកម្មជា៤ ក្រុម ដោយតាមកម្រិតពុលរបស់វា។

ក្នុងនោះមានដូចជា ក្រុមគ្រោះថ្នាក់ក្រៃលែង(Ia)មានន័យថា បរិមាណថ្នាំកសិកម្មតែ២ ទៅ៣តំណក់ ដល់១កូនស្លាបព្រាកាហ្វេ អាចធ្វើឱ្យមនុស្សពេញវ័យពុលស្លាប់។ ក្រុមគ្រោះថ្នាក់ខ្លាំង(Ib) មានន័យថា បរិមាណថ្នាំកសិកម្ម ពី១កូនស្លាបព្រាកាហ្វេដល់២ ស្លាប់ព្រាបាយ អាចធ្វើឱ្យមនុស្សពេញវ័យស្លាប់បាន។ ចំពោះក្រុមគ្រោះថា្នក់ល្មម បរិមាណថ្នាំកសិកម្មពី២ស្លាបព្រាបាយ ដល់ទៅកូនកែវ អាចធ្វើឱ្យមនុស្សពេញវ័យពុលស្លាប់បាន។ ចំណែកក្រុមមិនសូវគ្រោះថ្នាក់ បរិមាណថ្នាំកសិកម្មពី២ទៅកូនកែវ ដល់មួយកែវឬប្រហែលកន្លះលីត្រ ទើបអាចសម្លាប់មនុស្សពេញវ័យបាន។ ដូច្នេះកសិករគួរជៀសវាងទិញថ្នាំកសិកម្ម ក្នុងក្រុម Ia និងក្រុម Ib ព្រោះបរិមាណថ្នាំកសិកម្មបន្តិចបន្តួចក៏ដោយ វាក៏អាចធ្វើឱ្យលោកអ្នកពុលបានដែរ។

តាមឯកសារនេះបានឱ្យដឹងថា ថ្នាំកសិកម្មអាចជ្រាបចូលទៅក្នុងខ្លួនមនុស្សតាមរយៈផ្លូវសំខាន់ៗចំនួន៣ ដូចជាចូលតាមរយៈមាត់ វាកើតឡើងនៅពេលដែលយើងហូបចំណីអាហារ ឬពិសាបារី ដោយមិនបានលាងដៃ ដែលប្រឡាក់ជាតិថ្នាំកសិកម្ម។ ថ្នាំកសិកម្មអាចជ្រាបចូលតាមរយៈរន្ធស្បែក កើតឡើងនៅពេលដែលមានជាតិថ្នាំកសិកម្មប្រឡាក់លើស្បែកនិងជ្រាបចូលតាមរយៈការដងដង្ហើម កើតឡើងនៅពេលដែលបាញ់ថ្នាំកសិកម្ម ដោយមិនបានពាក់ម៉ាស់ការពារមុខ។

ឥទ្ធិពលថ្នាំធ្វើឱ្យប៉ះពាល់សុខភាពដូចជា ធ្វើឱ្យឈឺក្បាល វិលមុខ ចង់ក្អួត ឈឺសាច់ដុំ បែកញើសធម្មតា និងរមួលសរសៃរ។ ជាមួយគ្នានេះ រោគសញ្ញា និងសញ្ញានៃការពុលថ្នាំកសិកម្ម អាចកើតឡើងពេលវាជ្រាបចូលក្នុងខ្លួន ដែលរោគសញ្ញាទាំងនោះមានដូចជា ឈឺទ្រូង ក្អួតចង្អោរ រោលស្បែក រាគរូស ពិបាកដងដង្ហើម ស្រវាំងភ្នែក និងស្លាប់។

ការប្រើប្រាស់ថ្នាំកសិកម្មរយៈពេលយូរឆ្នាំ ដោយពុំបានប្រើប្រាស់សំលៀកបំពាក់ និងឧបករណ៍ការពារឱ្យបានត្រឹមត្រូវអាចបណ្តាលឱ្យសុខភាពទ្រុឌទ្រោមទៅៗ ដែលអាចថាភាពពុលរ៉ាំរ៉ៃ ឬក៏អាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិត។ រោគសញ្ញា នៃការពុលរ៉ាំរ៉ៃកើតចេញពីការប្រើប្រាស់ថ្នាំកសិកម្មរាប់ឆ្នាំ មានដូចជា ការខ្សោយសាច់ដុំធ្វើឱ្យចាប់កាន់អ្វីមួយចេះតែរបូតពីដៃ ដំណើរទ្រេតទ្រោតដូចមនុស្សស្រវឹងស្រា ញ័រដៃជើងជាប់រហូត ឆាប់ភ័យស្លន់ស្លោ ឧស្សាហ៍ឈឺឬឆាប់ទទួលជំងឺ រលកក្រពះ តំរងនោម ថ្លើម ភ្លេចភ្លាំង កើតជំងឺមហារីកឈាម មហារីកថ្លើម របកស្បែក និងកន្ទូលក្រហមៗដែលកើតរាប់ឆ្នាំ ហើយពីបាកព្យាបាល។

មានវិធានការមួយចំនួនក្នុងការជួយសង្គ្រោះដំបូង ក្រោយពលថ្នាំកសិកម្មពី៥​ទៅ១០នាទីដំបូង។​ វិធានការសំខាន់ៗមានដូចជា យកអ្នកពុលចេញពីចម្ភារបាញ់ថ្នាំ ហើយដោះសំលៀកបំពាក់ចេញខ្លះ ហើយសម្អាតខ្លួនប្រាណអ្នកពុលឱ្យស្អាតជាមួយសាប៊ូ ដើម្បីឱ្យជនរងគ្រោះដកដង្ហើមបានធូរស្រួល ពិនិត្យមើលដង្ហើមជនរងគ្រោះ ប្រសិនបើពុលគ្មានដង្ហើម ត្រូវធ្វើចលនាបែបសិប្បនិម្មិត។ ប្រសិនជាតិពុលចូលក្នុងភ្នែក ត្រូវប្រញាប់លាងសំអាតភ្នែកជាមួយទឹក ដើម្បីជាតិពុលចេញក្រៅ។ 

ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ក្នុងការប្រើប្រាស់ជីកសិកម្ម កសិករត្រូវ ជៀសវាងប្រើប្រាស់ថ្នាំកសិកម្ម ដែលស្ថិតនៅក្នុងបញ្ជីហាមឃាត់ ជៀសវាងការលាយថ្នាំកសិកម្មច្រើនបញ្ជូលគ្នា ជៀសវាងបន្តបាញ់ថ្នាំកសិកម្ម រហូតដល់ថ្ងៃប្រមូលផល និងកុំអនុញ្ញាតឱ្យមនុស្សចូលក្នុងចម្ភារពេលកំពុងបាញ់ និងក្រោយពេលបាញ់ រហូតដល់២ ទៅសប្តាហ៍។

លោក គៀន សុភា ប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃក្រសួងកសិកម្ម បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១៧ កញ្ញានេះថា កសិករដែលដាំជាលក្ខណៈសម្រាប់បរិភោគ និងលក់តិចតូច គឺគាត់មិនប្រើជីកសិកម្មនោះទេ ប៉ុន្តែសម្រាប់កសិករដែលដាំជាលក្ខណៈលក់លើទីផ្សារគឺគាត់មិនអាចជៀសវាងក្នុងការប្រើជីកសិកម្មនោះទេ។

លោកថ្លែងដូច្នេះថា«ព្រោះគាត់រកប្រភពជីធម្មជាតិអត់បាន ដូចេះ កសិករឥឡូវគាត់លក់គោអស់ហើយ មានតែគោយន្តទេ។ អ៊ឹចឹង!អត់មានលាមកធ្វើជីធម្មជាតិ។ ហើយប្រសិនទិញអាចម៍គោពីក្រៅគឺថ្លៃ ព្រោះការដឹកជញ្ជូន និងថ្លៃពលកម្មវាថ្លៃ»។

លោកបន្តថា កសិករដឹងថាការប្រើប្រាស់ជីកសិកម្មធ្វើឱ្យប៉ះពាល់សុខភាព ប៉ុន្តែក្នុងករណីខ្លះគាត់ត្រូវតែប្រើ ព្រោះដើម្បីទទួលបានទន្និផលខ្ពស់។ លោកបន្ថែមថា កន្លងមកក្រសួងបានណែនាំឱ្យកសិករប្រើប្រាស់លាយគ្នារវាងជីធម្មជាតិ និងជីគីមី ហើយបានឱ្យកសិកម្មរកដាំដំណាំណាដែលអាចធ្វើជាជីបាន ដើម្បីកាត់បន្ថយការប្រើប្រាស់ជីកសិកម្ម៕