រូបឯកសារ៖ ពលរដ្ឋ ដើរ​កាត់​ហាង​លក់​គ្រឿង​អេឡិចត្រូនិក Huawei នៅ​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ AFP

រដ្ឋធានីវ៉ាស៊ីនតោន — បណ្តាញ​ទូរគមនាគមន៍ដែល​ត្រូវបាន​ផ្តល់​ហិរញ្ញប្បទាន​និង​សាងសង់​ដោយ​ចិន កំពុង​ចូល​កាន់កាប់​លម្ហ​អ៊ីនធឺណិត​នៅ​អាហ្វ្រិក។ នេះ​ជា​ទម្រង់​នៃ​ការ​ពឹង​អាស្រ័យ​មួយ​ ដែល​ក្រុម​អ្នក​វិភាគ​លើកឡើង​ថា ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ស្ថិត​នៅ​ក្នុង​គោលជំហរ​មួយ​ ដែល​អាច​ដាក់​ឥទ្ធិពល​មក​លើ​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​នេះ។

​លោក Bulelani Jili បេក្ខជន​ថ្នាក់​បណ្ឌិត​នៅ​មហាវិទ្យាល័យ​សិក្សាលើ​មុខវិជ្ជា​អាហ្វ្រិក និង​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក បាន​ថ្លែង​ប្រាប់​ VOA ភាសា​ចិន​កុកងឺ​តាមរយៈ​បទសម្ភាស​តាម​ទូរសព្ទ​ថា៖ «ក្រុមហ៊ុន Huawei កំពុង​តែ​ធ្វើការ​និង​ចាប់​ដៃ​គូ​ជាមួយ​នឹង​រដ្ឋាភិបាល​មួយ​ចំនួន​នៅទ្វីប​នេះ ហើយរដ្ឋាភិបាល​ប្រទេស​ទាំង​នោះ​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យាខ្ពស់​ដើម្បី​បន្ទាប​តម្លៃ​លទ្ធិប្រជាធិបតេយ្យ»។

​ក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុន​លក់បច្ចេកវិទ្យា​ជំនាន់​ទី​៥ (5G) និង​ទូរស័ព្ទ​ដៃ​ទំនើប​ឈាន​មុខ​គេ​នៅ​លើ​ពិភពលោក ត្រូវ​បាន​សហរដ្ឋអាមរិក និង​បណ្តា​ប្រទេស​ដទៃ​ទៀត​ ចាត់​ទុក​ជា​«អង្គភាព​មួយរបស់​រដ្ឋាភិបាល​ចិន ដែល​អាច​ប្រើ​ក្រុមហ៊ុន​នេះ» ដើម្បី​ធ្វើ​ចារកម្ម ហើយ​នេះ​ជា​ការ​ចោទ​ប្រកាន់​មួយ​ដែល​ក្រុមហ៊ុន​ Huawei បាន​បដិសេធ។ នេះ​បើ​យោងតាម​ក្រុម​ប្រឹក្សា​ទំនាក់ទំនងការ​បរទេស។

​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ និងអន្តរជាតិ (The Center for Strategic and International Studies) ឬ CSIS ដែល​ជា​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​មួយ​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​រាយការណ៍​កាល​ពី​ខែ​ឧសភា​ថា នៅ​ទូទាំង​ពិភពលោក «មួយ​ភាគ​ធំ​នៃ​កិច្ចសន្យា​អាជីវកម្ម​ [របស់​ក្រុមហ៊ុន Huawei] (៥៧​ភាគរយ) គឺ​ស្ថិត​នៅ​តាម​បណ្តា​ប្រទេស​មាន​ចំណូល​មធ្យម​ ហើយ​ដែល​មាន​ភាព​សេរីភាព​ដោយ​ផ្នែក ឬ​មិន​មាន​ភាព​សេរី»។

របាយការណ៍​របស់​មជ្ឈមណ្ឌល CSIS​ ​បាន​បន្ថែម​ថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្ទុក​ទិន្នន័យ ឬ​សេវាកម្ម​រដ្ឋាភិបាល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ​កំពុង​តែ​គ្រប់គ្រង​លើ​ទិន្នន័យដែល​មាន​លក្ខណៈ​រសើប​ ហើយ​ការ​ផ្គត់ផ្គង់​សេវាកម្ម​នេះ​ «អាច​ផ្តល់​ឲ្យ​អាជ្ញាធរ​ចិន​នូវ​លទ្ធភាព​ធ្វើ​ចារកម្ម និង​ការ​ជំរុញ​បែប​បង្ខិតបង្ខំ​ណា​មួយ»។

ភាសា​អំពី «លទ្ធភាព​ចារកម្ម និង​ការ​ជំរុញ​បែប​បង្ខិតបង្ខំ» នេះ​ កើត​ចេញ​ពី​ច្បាប់​ជាតិស្តីពី​ការ​ស៊ើបការណ៍​សម្ងាត់​ឆ្នាំ ២០១៧​ របស់​ចិន ដែល​ចែង​ថា រាល់​អង្គភាព និង​ពលរដ្ឋ​ចិន​ គួរ​«គាំទ្រ​ ជួយ​ជ្រោមជ្រែង និង​សហការ​ជាមួយ​នឹង​កិច្ចការ​ស៊ើបការណ៍​សម្ងាត់​របស់​រដ្ឋ»។ ច្បាប់​នេះ​ មិន​បានដាក់​កំហិត​ថា សកម្មភាព​ទាំង​នេះ​ អាច​ធ្វើ​បានតែនៅ​ក្នុង​ប្រទេស​ចិន​ប៉ុណ្ណោះ​ទេ។

​គោលដៅ និង​តម្រូវការ

សហភាព​អាហ្វ្រិក​ បាន​កំណត់​ជាគោលដៅ​សម្រេច​ឲ្យ​បាន​នូវលទ្ធភាព​អាច​ប្រាស័យ​ទាក់ទង​គ្នា​តាម​ប្រព័ន្ធ​អ៊ីនធឺណិតចំពោះ​រាល់​បុគ្គល អាជីវកម្ម និង​រដ្ឋាភិបាល​នៅ​លើ​ទ្វីប​នេះ​នៅ​ត្រឹម​ឆ្នាំ ២០៣០ ដែល​នេះ​ជា​ការ​អភិវឌ្ឍ​មួយ​ ទទួល​បាន​ការ​គាំទ្រ​ដោយ​ធនាគារ​ពិភពលោក។

ទ្វីប​អាហ្វ្រិក​ត្រូវ​ការ​រោងចក្រ​ដែល​អាច​ផលិត​ថាមពល​អគ្គិសនី​បាន ១.០០០​ មេកាវ៉ាត់ ឬ​មជ្ឈមណ្ឌល​រក្សា​ទិន្នន័យថ្មី​ចំនួន ៧០០ ដើម្បី​បំពេញ​តម្រូវការ​ដែល​កំពុង​តែ​កើនឡើង​នៅ​ក្នុង​ទ្វីប​នេះ។ នេះ​បើ​យោង​តាម​សមាគម​មជ្ឈមណ្ឌល​ទិន្នន័យ​អ៊ីនធឺណិតអាហ្វ្រិក។

លោក Guy Zibi អ្នក​វិភាគ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ Xalam Analytics ដែល​បាន​តាមដាន​ការ​រីកចម្រើន​នៃ​មជ្ឈមណ្ឌល​រក្សា​ទិន្នន័យនៅ​អាហ្វ្រិក​ បាន​ថ្លែង​ប្រាប់​វេបសាយ DataCenterKnowledge ថា ទំហំ​នៃ​តម្រូវការ​សម្រាប់​មណ្ឌល​រក្សា​ទិន្នន័យ​ដើម្បី​បំពេញ​តម្រូវ​ការ​ស្រប​តាមកំណើន​ប្រជាជន «គឺ​មាន​សារៈសំខាន់​យ៉ាងខ្លាំង»។

កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ប្រទេស​សេណាហ្គាល់​នៅ​ភាគ​ខាង​លិច​ទ្វីប​អាហ្វ្រិក បាន​សម្ពោធ​មជ្ឈមណ្ឌល​រក្សា​ទិន្នន័យ​ជាតិ​នៅ​ជាយ​រដ្ឋធានី​ដាកា។ ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​ធនាគារ​អាហរន្ត-​នីហរន្ត​ចិន​ មជ្ឈមណ្ឌល​នេះ​ ទទួល​បាន​ជំនួយ​ផ្នែកសម្ភារ និង​បច្ចេកទេស​ពី​ក្រុមហ៊ុន Huawei។ កិត្តិនាម​របស់​សេណេហ្គាល់​បាន​ធ្លាក់​ចុះ​ពី​ប្រទេស​សេរី​មកជា​ប្រទេស​សេរី​ដោយ​ផ្នែក​នៅ​ក្នុង​របាយការណ៍​សេរីភាព​លើ​ពិភពលោក​ឆ្នាំ​ ២០២០ របស់​អង្គការ Freedom House។

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២០ រដ្ឋាភិបាល​កាមេរូន​បាន​សាង់សង់បញ្ចប់​ជា​ស្ថាពរ​នូវ​មជ្ឈ​មណ្ឌល​រក្សា​ទិន្នន័យ​រដ្ឋាភិបាល​នៅ​ជាយ​រដ្ឋធានី​យុនដេ។ មជ្ឈ​មណ្ឌល​នេះ ក៏​ទទួល​បាន​ហិរញ្ញប្បទាន​ពី​ធនាគារ​អាហរន្ត-នីហរន្ត​ចិន និង​ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន China Shenyang International Cooperation ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​ត្រូវ​បាន​បំពាក់​ដោយ​គ្រឿង​សម្ភារ​របស់​ក្រុមហ៊ុន Huawei។

អង្គការ Freedom House ក៏​បាន​ចាត់​ចំណាត់​ថ្នាក់​ប្រទេស​កាមេរូន​ថា​ មិន​សេរី​ផងដែរ។​

កាល​ពី​ខែ​មេសា ឆ្នាំ​២០១៩ កេនយ៉ា​និង​ក្រុមហ៊ុន Huawei បាន​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យាសាងសង់មជ្ឈ​មណ្ឌល​រក្សា​ទិន្នន័យ​មួយ ដែល​ជា​ផ្នែក​មួយ​នៃគម្រោង​ទី​ក្រុង​ឆ្លាត និង​ការ​ឃ្លាំមើល។ នេះ​បើ​យោង​ទៅ​តាម​វេបសាយ DateCenterDynamics។ វេបសាយ​នេះ​បាន​រាយការណ៍​ថា​ ក្រុមហ៊ុន Huawei បាន​ធ្វើការ​ជាមួយ​នឹង​រដ្ឋាភិបាល​សំប៊ី​ក្នុង​ការ​សាងសង់​មជ្ឈមណ្ឌល​រក្សា​ទិន្នន័យ​ ដែល​មាន​តម្លៃ​ ៧៥​ លាន​ដុល្លារ​ផងដែរ។ អង្គការ Freedom House បាន​ចាត់​ចំណាត់ថ្នាក់​ប្រទេស​កេនយ៉ា​ ជា​ប្រទេស​សេរី​ដោយ​ផ្នែក​ក្នុង​ឆ្នាំ ២០២០។​

សេវាកម្ម​រដ្ឋាភិបាល​អេឡិចត្រូនិក​ផ្គត់ផ្គង់​ដោយក្រុមហ៊ុន Huawei រួម​មាន​ ការ​បោះឆ្នោត ការ​ធ្វើ​ឌីជីថលនីយកម្ម​លើ​ឯកសារ ប្រព័ន្ធ​អត្តសញ្ញាណ​ប័ណ្ណ​ជាតិ និង​សេវាកម្ម​ពន្ធដារ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល CSIS។

ខណៈ​ការ​ធ្វើ​ឌីជីថលនីយកម្ម​លើ​ឯកសារ​របស់​រដ្ឋាភិបាល​ប្រហែល​អាច​ឲ្យ​មាន​ការ​តាម​ដាន​ច្រើន​ជាង​មុន ការណ៍​នេះ​ ក៏​អាច​នាំ​ឲ្យមាន​ការ​ប្រមូល​ពន្ធ​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាង​មុន​ និង​អំពើ​ពុករលួយ​តិច​ជាង​មុន។ នេះ​បើ​យោងតាម​សារបង្ហោះ​មួយ​កាល​ពី​ខែ​មីនា​ ឆ្នាំ​២០២១​ នៅ​លើ​វេបសាយ​របស់​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​ Brookings Institution ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

សារ​បង្ហោះ​ TechStream នោះ បាន​សរសេរក្នុង​ន័យ​ដើម​ថា៖ «ស្រប​ពេល​ដែល​ទ្វីប​អាហ្វ្រិក​នេះ ​កំពុង​រើប​ឡើង​វិញ​ពី​ជម្ងឺ​ឆ្លង​រាតត្បាតកូវីដ១៩ មេដឹកនាំ​នានា ​បាន​ប្រឈម​មុខ​នឹង​ជម្រើស​មួយរវាង​ការ​ដាក់​បញ្ចូលបច្ចេកវិទ្យា​ដែល​កំពុង​តែ​លេច​ឡើង​ដើម្បី​លើក​កម្ពស់​ប្រសិទ្ធភាព​របស់​រដ្ឋាភិបាល ពង្រឹង​តម្លាភាព និង​ជំរុញ​ការ​រួម​បញ្ចូល ឬ​ក៏​អាច​ប្រើប្រាស់​ជា​ឧបករណ៍​រឹតត្បិត ខណ្ឌ​ចែក និងបង្ក​ជម្លោះ​បាន​ផង​ដែរ»។

ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន

​ចិន​មាន​ប្រវត្តិ​ផ្តល់​ហិរញ្ញប្បទាន និង​ផ្តល់​សេវា​ទូរគមនាគមន៍ និងបច្ចេកវិទ្យា​ព័ត៌មាន​កុំព្យូទ័រ​នៅ​ពាសពេញ​ទ្វីប​អាហ្វ្រិក។ នេះ​បើ​យោង​តាម​របាយការណ៍​ចុះ​កាល​ពី​ខែ​មេសា ឆ្នាំ​២០២១ របស់​មជ្ឈមណ្ឌល​សិក្សា​ពី​ទ្វីប​អាហ្វ្រិក​របស់​ក្រុមប្រឹក្សា​អាត្លង់ទិក (Atlantic Council)។

អស់​រយៈពេល​ពីរ​ទសវត្សរ៍​កន្លង​មក​នេះ ក្រុមហ៊ុន​ Huawei បាន​កសាង​បណ្តាញ​អ៊ីនធឺណិត​ជំនាន់​ទី​ (3G) នៅ​អាហ្វ្រិក​ប្រមាណ ៥០​ភាគរយ និង​បណ្តាញអ៊ីនធឺណិត​ជំនាន់​ទី៤ (4G) ប្រមាណ ៧០​ភាគរយ។ នេះ​បើ​យោង​តាម​របាយការណ៍​ដដែល។

ការ​ពង្រីក​នេះ បាន​ចាប់ផ្តើម​ឡើង​កាល​ពី​ឆ្នាំ​ ១៩៩៩ នៅ​ពេល​ចិន ​បានដាក់​ចេញ​នូវ​គោល​នយោបាយ​ចេញ​ក្រៅ (Go Out policy) របស់​ខ្លួន ដែល​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ចិន​វិនិយោគ​នៅ​ក្រៅ​ប្រទេស និង​ពង្រីក​វត្តមាន​របស់​ចិន​ក្នុង​វិស័យ​ធុរកិច្ច​លើ​សាកលលោក។​

នៅ​ត្រឹម​ឆ្នាំ ២០១៨ ចិន​ បាន​ពង្រីក​ខ្លួន​ទៅ​កាន់​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក​យ៉ាង​ហោច​ណាស់​ចំនួន​ ៤០។ នេះ​បើ​យោងតាម​សារព័ត៌មាន Africa Times។

លោក Cobus van Staden អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​លើ​ប្រធាន​បទ​ចិន-អាហ្វ្រិក​នៅ​វិទ្យាស្ថាន​កិច្ចការ​អន្តរជាតិ​អាហ្វ្រិក​ខាង​ត្បូង (South African Institute of International Affairs) ​ដែល​ជា​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​មួយ​ មាន​មូលដ្ឋាន​នៅ​ក្រុង Johannesburg បាន​លើកឡើង​ត្រួសៗ​អំពី​ហេតុផល​ដែល​ក្រុមហ៊ុន​ចិន​ទទួល​បាន​ជោគជ័យ​នៅ​ទ្វីប​អាហ្វ្រិក។

លោក​បាន​ថ្លែង​ប្រាប់ VOA តាមរយៈ​សារអ៊ីម៉ែល​ថា៖ «ដំបូង​គឺ​ថា ទ្វីប​នេះ​មាន​តម្រូវ​ការ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​តាម​ប្រព័ន្ធ​ឌីជីថល​ នៅ​គ្រប់​កម្រិត​ទាំងអស់ ដែល​មាន​ចាប់​ពី​ការ​កសាង​បណ្តាញ​ទំនាក់ទំនង រហូត​ដល់​ការ​លក់​ទូរស័ព្ទ​ដៃ​ដល់​អតិថិជន​ជា​ដើម»។

ទី​ពីរ ​ក្រុមហ៊ុន​ចិន​អាច​ធ្វើ​ការ​ដាក់​ស្នើ​យ៉ាង​ស្រួល​ទៅ​កាន់​ធនាគារ​ធំៗ​ ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ យោង​តាម​លោក van Staden នេះ ​មាន​ន័យ​ថា ក្រុមហ៊ុន​ចិន​មាន​ប្រាក់​ដើម្បី​សាងសង់ហេដ្ឋារចនាសម្ព័ន្ធ​បានយ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​ស្ថានភាព​ផ្សេងៗ។​

លោក Iginio Gagliardone សាស្ត្រាចារ្យ​រង​នៅ​សាកលវិទ្យាល័យ​ Witwatersrand ក្នុង​ក្រុង​ Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង បាន​ធ្វើ​ការ​ស្រាវជ្រាវ​យ៉ាង​ទូលំទូលាយ​លើ​ការ​កើនឡើង​វត្តមាន​ចិន​នៅ​អាហ្វ្រិក និង​ជា​អ្នកនិពន្ធ​សៀវភៅក្រោម​ចំណង​ជើង​ថា «ចិន អាហ្វ្រិក និង​អនាគត​អ៊ីនធឺណិត»។

លោក​បាន​ថ្លែង​ប្រាប់ VOA ភាសា​ចិន​កុកងឺ​ថា ទំនាក់ទំនង​ដែល​ក្រុមហ៊ុន​ចិន​មាន​ជាមួយ​នឹង​ធនាគារ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាលចិន មាន​ន័យ​ថា ក្រុមហ៊ុន​ទាំង​នោះ​ អាច​បន្ទាប​ថ្លៃ និង​រក្សា​បាន​នូវ​អាទិភាព​ផ្នែក​ការ​ប្រកួតប្រជែង​ពី​លើ​ក្រុមហ៊ុន​ដេញ​ថ្លៃ​ដទៃ​ទៀត។

លោក​បាន​ថ្លែង​នៅ​ក្នុង​បទ​សម្ភាស​តាម​ទូរស័ព្ទ​ជាមួយ​ VOA ភាសា​ចិន​កុកងឺ​ថា៖ «ធនាគារ​អាហរន្ត-នីហរន្ត​ (ចិន) អាច​ផ្តល់​ជា​កម្ចី​ទ្រង់ទ្រាយ​ធំ ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​ជាមួយ​នឹង​រដ្ឋាភិបាល​នៅ​អាហ្វ្រិក​ ជាមួយ​នឹង​លក្ខខណ្ឌ​ដែល​កម្ចី​ទាំង​នេះ​ នឹង​ត្រូវ​ប្រើ​ដើម្បី​ដាក់​ពង្រាយ​បច្ចេកវិទ្យា​ ដោយ​ប្រើប្រាស់​ក្រុមហ៊ុន​ចិន»។

ធនាគារ​រដ្ឋ​ចិន ​បាន​ផ្តល់ហិរញ្ញប្បទាន​យ៉ាង​ច្រើន​ទៅ​ដល់​អតិថិជន​របស់​ក្រុមហ៊ុន Huawei ដែល​ធនាគារ​ពាណិជ្ជ​ភាគច្រើន​ មិន​អាច​បំពេញលក្ខខណ្ឌ​ដូចគ្នា​បាន «ដោយការណ៍​នេះ ​ធ្វើ​ឲ្យ​គ្រឿងសម្ភារ​របស់​ក្រុមហ៊ុន​ Huawei មាន​តម្លៃ​ទាប​ជាង​មុន ដើម្បី​បញ្ជា​ទិញ​យក​ទៅ​ប្រើប្រាស់»។ នេះ​បើ​យោង​តាម​របាយការណ៍​ឆ្នាំ ២០២០ របស់​មជ្ឈមណ្ឌល​សម្រាប់​វិវឌ្ឍនភាព​អាមេរិកាំង (Center for American Progress) ដែល​ជា​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​មួយ​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

យោង​តាម​លោក van Staden នៅ​ក្រុង​ Johannesburg កត្តា​ទីបី​គឺ​ថា មាន​ការ​ផ្តោត​តិចតួច​ប៉ុណ្ណោះ​មក​លើ​ទ្វីប​អាហ្វ្រិក​ជា​ទីផ្សារ​បច្ចេកវិទ្យា​ដែល​កំពុង​រីកចម្រើន។ លោក​បាន​បក​ស្រាយ​ថា៖ «មិន​មាន​គូ​ប្រជែង​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ណា​មួយ​ទៅ​នឹង​ក្រុមហ៊ុន​ចិន​នៅ​ទី​នោះ ​នោះ​ទេ»។

ភាគី​ពាក់ព័ន្ធ​ដែល​គេ​ស្គាល់

ដោយសារសហគ្រាស​ចិន​ ត្រូវ​បាន​ស្គាល់​ជា​ភាគីពាក់ព័ន្ធនៅ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​នៅ​ទ្វីប​អាហ្វ្រិក បណ្តា​ប្រទេស​ដែល​កំពុង​ងាក​ទៅ​រក​ការ​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា​ជំនាន់​ទី​៥​ (5G) នៅ​តែ​ស្ថិត​នៅ​ជាមួយ​នឹង​ក្រុមហ៊ុន​ដែល​ពួកគេ​ស្គាល់​ពី​មុន​មក។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​វិភាគ។

«ទោះ​បី​គោលនយោបាយ​របស់​រដ្ឋបាល​លោក​ត្រាំ​ បាន​ដាក់​កំហិត​ដោយ​ជោគជ័យ​មក​លើ​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន​មក​លើ​បណ្តា​ប្រទេស​លោក​ខាង​លិច​ក៏​ដោយ ក៏​គោលនយោបាយ​ទាំង​នោះ​ មិន​បាន​ជះ​ឥទ្ធិពលមក​លើកំណើន​ហេដ្ឋា​រចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ចិន​ នៅ​ទ្វីប​អាហ្វ្រិក​នោះ​ទេ។ នៅ​ទីផ្សារ​អាហ្វ្រិក កង្វះ​ខាត​ក្រុមហ៊ុន​នាំ​មុខ ការ​ផ្តល់​ហិរញ្ញប្បទាន​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ និង​សមត្ថភាព​សាងសង់​មាន​កម្រិត​ បាន​បង្ក​ឲ្យ​មាន​ការ​ពឹង​ផ្អែក​លើ​គម្រោង​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ចិន»។ នេះ​បើ​យោងតាម​របាយការណ៍​របស់​ក្រុម​ប្រឹក្សា​ Atlantic។

លោក van Staden បាន​និយាយ​ថា ការ​ពឹង​ផ្អែក​ខាង​លើ​នេះ ​បង្ក​ជា​មន្ទិល​ជុំវិញ​ឥទ្ធិពល​ដែល​អាច​មានលើ​ផ្នែក​នយោបាយ។

លោក​បាន​និយាយ​ថា៖ «ការ​ស្រាវជ្រាវ​បង្ហាញ​ថា ក្រុមហ៊ុន​ចិន ​សម្រប​ទៅ​នឹង​និយ័តកម្ម និង​អភិបាលកិច្ចក្នុង​ស្រុក។ នៅ​ក្នុង​ទាំង​បណ្តា​ប្រទេស​ផ្តាច់ការ និងប្រទេស​ប្រជាធិបតេយ្យ ក្រុមហ៊ុនចិន​ដែល​ស៊ី​ឈ្នួល​តាម​កិច្ចសន្យា​ហាក់​ដូចជា​គោរព​ច្បាប់ និង​ផ្តល់​ប្រព័ន្ធ​បច្ចេកវិទ្យា​ផ្សេងៗ ដែល​រដ្ឋាភិបាល​តាម​ប្រទេសទាំង​នោះ​ត្រូវការ មិន​ថា ប្រព័ន្ធបច្ចេកវិទ្យា​ទាំង​នោះ​ជា​ប្រព័ន្ធ​មាន​លក្ខណៈ​បើកចំហ និង​រួមបញ្ចូល ឬ​គ្រប់គ្រង​ដោយរដ្ឋ​ផ្ទាល់​នោះ​ទេ»។

លោក​បាន​បន្ត​ថា៖ «មិន​មាន​ភស្តុតាង​ថា ចិន​កំពុង «នាំ​ចេញ​ទៅ​ក្រៅ» នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​ស្រុក​របស់​ខ្លួន ហើយ​ដាក់​សម្ពាធ​លើ​បណ្តា​ប្រទេស​ដទៃ​ទៀត​ឲ្យ​ធ្វើ​តាម​នោះ​ទេ។ បញ្ហា​គឺ​ថា ចិន​មិនមែន​ប្រើប្រាស់​ប្រព័ន្ធ​ទិន្នន័យ​ដើម្បី​ជះ​ឥទ្ធិពល​មក​លើ​នយោបាយ​ក្នុង​ស្រុក​នៅ​តាម​បណ្តា​ប្រទេស​ទាំង​នោះទេ តែ​ចិន​ផ្តោត​លើគោលជំហរ​ថា ការ​ដើរ​តួ​ជា​អ្នក​ផ្គត់ផ្គង់​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ ​គឺ​ជា​ផ្នែក​មួយ​នៃ​វត្តមាន​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ទូលំទូលាយ​ជាង​នេះ។ តួនាទី​របស់​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម ហិរញ្ញប្បទាន និង​អភិវឌ្ឍន៍​ដ៏​សំខាន់​របស់​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​អាហ្វ្រិក តែង​តែ​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​ទាំង​នោះ​ មិន​មាន​ទំនោរ​នឹង​ធ្វើ​ឲ្យ​ចិន​អាក់​អន់ចិត្ត​នោះ​ឡើយ៕