ត្រសក់ផ្អែមដែលកសិករដាំនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។ រូបភាពពីមន្ទីរទេសចរណ៍ខេត្តសៀមរាប

ដំណាំត្រសក់ផ្អែមភាគច្រើនត្រូវបានកសិករដាំនៅខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ព្រោះដំណាំនេះត្រូវការដាំនៅតំបន់ទីទួល ដើម្បីកុំឱ្យដក់ទឹក។ នេះជាការលើកឡើងរបស់លោក គៀន សុភា ប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃក្រសួងកសិកម្ម។

លោក គៀន សុភា បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១៧សីហានេះថា គ្រាប់ពូជដំណាំនេះ ត្រូវបាននាំចូលពីក្រៅប្រទេស ដូចជាប្រទេសថៃ និងមកពីប្រទេសអឺរ៉ុបមួយចំនួន។ លោកបន្តថា ការដំាំត្រសក់នេះត្រូវចំណាយដើមទុនច្រើន ហើយក៏លក់វិញមានតម្លៃគួរសមដែរ ដោយក្នុងមួយគីឡូមានតម្លៃ១ដុល្លារ ហើយភាគច្រើនលក់ទៅតាមផ្សារទំនើប។

លោកថ្លែងដូច្នេះថា៖«វាត្រូវការចំណាយច្រើនគួរសមដែរ ព្រោះវាត្រូវការទ្រើង ហើយនឹងប្លាស្ទិកគ្របរោង ហើយត្រូវការថ្នាំសត្វ ព្រោះពពួកផ្សិតឧស្សាហ៍បំផ្លាញដំណាំហ្នឹង»។

លោកបន្តថា ដំណាំនេះ ត្រូវការរយៈពេល២ខែកន្លះ ទើបអាចប្រមូលផលបាន។ ដាំណាំត្រសក់ផ្អែម ឬហៅមីឡុង ជាដាំណាំថ្មីមួយសម្រាប់កម្ពុជា មានប្រជាជនមិនច្រើនឡើយ ដែលស្គាល់និងដឹងពីរសជាតិផ្អែមឈ្ងុយរបស់វា។

ត្រសក់ផ្អែម ជាដំណាំដែលត្រូវការពន្លឺថ្លៃ ហើយងាយនឹងរងជំងឺ និងសត្វល្អិតបំផ្លាញ និងការប៉ះពាល់ដោយសារទឹកលិចនៅរដូវវស្សា។ តាមបទពិសោធន៍កន្លងមក រដូវកាលដាំដុះដែលល្អបំផុតសម្រាប់ដំណាំត្រសក់នៅកម្ពុជា គឺនៅរដូវប្រាំង ជាពិសេស គេចាប់ផ្តើមដាំបន្ទាប់ពីទឹកភ្លៀងរដូវវស្សាចាប់ពីដើមអស់ និងស្រកចុះ ដែលខុសគ្នា ទៅតាមទីតាំងចម្ភារ។

វិធីសាស្ត្រដាំដុះ ដំបូងត្រូវរៀបចំរោងបណ្តុះកូន នៅកន្លែងដែលមានកំដៅថ្ងៃល្អ។ សម្ភារដែលត្រូវមាន ឫស្សីសម្រាប់ធ្វើគ្រោង​រោង​បណ្តុះ ថង់ប្លាស្ទិកសម្រាប់ប្រក់ធ្វើដំបូងរោង សំណាញ់ពណ៌សកាន់តែប្រសើរ ដោយសារមិនសូវទាក់ទាញសត្វស្អិត ពណ៌ខ្មៅ និងបៃតង សម្រាប់រុំធ្វើជាជញ្ជាំង។

ការបណ្តុះកូនត្រសក់គួររៀបចំធ្វើភ្លាម បន្ទាប់ពីការរៀបចំភ្ជួររាស់បំបែកដីសម្រាប់ដាំ។ ការធ្វើបែបនេះ ដើម្បីឱ្យដីបានហាលថ្ងៃ និងផ្អាប់បានយូរល្អ មុននឹងរៀបចំជារោងដាំកូន។ សម្ភារដែលត្រូវបណ្តុះកូនត្រសក់ ត្រូវមានគ្រាប់ពូជត្រសក់ ដែលមានគុណភាពទិញពីប្រភពច្បាស់លាស់ ដីខ្សាច់ម៉ដ្ដល្អិតលាងឱ្យស្អាត ធុងទឹកកកសម្រាប់ផ្អាប់គ្រាប់ ថាសបណ្តុះកូន ក្រណាត់ស្អាត និងដីបណ្តុះកូន។ 

ចំណែកវិធីបណ្តុះកូនត្រសក់ត្រូវអនុវត្តដូចជា៖

  • មុននឹងដាក់បណ្តុះគ្រាប់ត្រសក់ ត្រូវដាស់ដំណេកគ្រាប់សិន ដោយដាក់គ្រាប់ត្រាំក្នុងទឹកក្តៅឧណ្ហៗ រយៈពេលពី១៥ ទៅ២០នាទី បន្ទាប់មកស្រង់គ្រាប់ត្រសក់ដាក់ពង្រាយលើក្រណាត់ស្អាតមួយ។
  • យកដីខ្សាច់​ដែលលាងបានស្អាតដាក់ហាលថ្ងៃ ឬលីងដីឱ្យស្ងួតទឹកល្អ រួចទុកមួយឡែក។
  • បន្ទាប់មកចាក់ទឹកក្តៅមួយកូនកែវ សម្រាប់ខ្សាច់១គីឡូក្រាម ដើម្បីផើមវាតិចៗ 
  • ចាក់ដីខ្សាច់សើមកម្រាស់ប្រហែល១ថ្នាំងដៃទ្រាប់បាត់ធុងទឹកកក។ 
  • ដាក់ក្រណាត់ដែលខ្ចប់ផ្អាប់គ្រាប់ នៅលើដីខ្សាច់បាតធុងទឹកកកនោះ រួចរុំក្រណាត់ ឱ្យជិតល្អ ហើយដាក់ដីខ្សាច់គ្របពីលើ។
  • បិទធុងទឹកកកនោះឱ្យជិតល្អ ហើយថ្ងៃពេញមួយថ្ងៃ
  • គិតចាប់ពីពេលដាក់រហូតដល់ដកគ្រាប់ដកគ្រាប់ចេញពីធុងទឹកកកនោះរយៈពេល២៤ម៉ោង ទើបយកគ្រាប់ទៅបណ្តុះតាមរន្ធថាសបណ្តុះកូន
  • យកគ្រាប់ដែលដុះឬស ដាក់តាមរន្ធថាសបណ្តុះ
  • ដាក់កន្ទោង ឬថាសបណ្តុះក្នុងរោងបណ្តុះកូនដែលបានរៀបចំរួច និងដាក់ឱ្យត្រូវពន្លឺថ្ងៃ
  • ស្រោចទឹកដោយធុងផ្កាឈួកមួយថ្ងៃមួយដង។ ជាការប្រសើរ គួរស្រោចនៅពេលព្រឹក ជៀសវាងការឈូលដីនាំឱ្យខូចកូន។

ការបណ្តុះត្រសក់ដោយប្រើប្រាស់ដីត្រឹមត្រូវ នាំឱ្យកូនដំណាំមានសុខភាពល្អ ធន់ទ្រាំជាមួយជំងឺ និងសត្វល្អិតបំផ្លាញ។ ដើម្បីបណ្តុះកូន​មានសុខភាពល្អ គឺត្រូវប្រើប្រភេទដី ដែលផលិតដោយរោងច្រក និងលក់តាមកន្លែងលក់សម្ភារកសិកម្ម។

ការរៀបចំលើករោងជាដំណាក់កាលសំខាន់ សម្រាប់ដំណាំត្រសក់ផ្អែម ការដែលរៀបចំរោងបានល្អធ្វើឱ្យកូនត្រសក់មានសុខភាពល្អ និងមិនងាយរងនូវជំងឺផ្សេងនានា។ ការរៀបចំរោងត្រូវជ្រើសរើសដីដែលនៅក្បែរទឹក  ត្រពាំង អូរ និងស្ទឹង តែមិនគួរប្រើទឹកដងផ្ទាល់ពីទឹកអណ្តូងទេ។ ជាដីស្រែចម្ភារ ដែលមិនធ្លាប់ដាំដំណាំអំបូរត្រសក់ នៅរដូវកាលមុនជាការល្អ ហើយក៏មិនត្រូវនៅក្បែរចម្ភារដំណាំអំបូលត្រសក់ ឬដំណាំស្លឹក ដូចជាស្ពៃ ខាត់ណា) ហើយកាន់តែប្រសើរបើចម្ភារនៅដាច់ពីគេ។

ដើម្បីកាត់បន្ថយកម្លាំងពលកម្ម និងការគ្រប់គ្រងទឹកបានល្អ ត្រូវរៀបចំប្រព័ន្ធដំណក់ទឹកសម្រាប់ដំណាំត្រសក់ផ្អែមជាជម្រើសល្អ។

ចំពោះការដាំកូនវិញ គឺកូនត្រសក់ត្រូវមានអាយុពី៩ទៅ១២ថ្ងៃ គិតចាប់ពីថ្ងៃដាក់គ្រាប់ក្នុងកន្ទូង ឬថាសបណ្តុះ ហើយពេលវេលាល្អបំផុតសម្រាប់ដាំកូន គឺពេលរសៀល។ បន្ទាប់ពីដាំហើយត្រូវរៀបចំទ្រើង ដោយមានឬស្សី ឬបង្គោលកូនឈើ ខែ្សចងទ្រើងបណ្តោយរង និងខ្សែចងឱ្យដើមត្រសក់ តោងរុំឡើង។

ចំណែកការថែទាំវិញត្រូវការថែទាំច្រើន ព្រោះដំណាំត្រសក់ផ្អែមងាយនឹងរងជំងឺ និងសត្វល្អិត។ ដើម្បីឱ្យវាមានការលូតលាស់បានល្អឆាប់រហ័សត្រូវតាក់តែងមែកជាប្រការចាំបាច់បំផុត។ ត្រសក់ចាប់ផ្តើមចេញផ្កា តាំងពីគល់មែកដំបូង ប៉ុន្តែត្រូវកាត់នូវខ្នែងឱ្យស្អាតល្អ ដើម្បីឱ្យដើមនិងក្តិបថ្លោសល្អ និងលូតលាស់ឆាប់រហ័ស៕