កសិករដាំស្រូវមិត្តក្រៀលនៅស្រុកកំពង់ត្រឡាច ខេត្តកំពត។ រូបភាព៖ NatureLife Cambodia Organization

មន្ត្រីខេត្តកំពតលើកឡើងថា ពលរដ្ឋ៤១គ្រួសារដែលរស់នៅជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីង បានចុះកិច្ចព្រមព្រៀងដាំស្រូវមិត្តក្រៀល ដោយមិនប្រើថ្នាំគីមី ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដល់សត្វក្រៀល និងជាចំណីដល់សត្វក្រៀល។

លោក ឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាច បានប្រាប់សារព័ត៌មានខ្មែរណាស់នៅព្រឹកថ្ងៃទី១៨កញ្ញានេះថា ពលរដ្ឋដែលចុះកិច្ចព្រមព្រៀងដាំស្រូវមិត្តក្រៀលនេះ សុទ្ធតែអ្នករស់នៅអមតំបន់ការពារទេសភាពអន្លង់ព្រីង ដោយកសិករទាំងនោះមានគម្រោងទុក​ស្រូវ​៥ភាគរយសម្រាប់ឱ្យសត្វក្រៀលស៊ី។

លោកថ្លែងដូច្នេះថា៖«ដោយឡែកមួយផ្នែកធំគឺពួកគាត់លក់ ដោយយើងត្រូវរកទីផ្សារឱ្យពួកគាត់ ដោយសារស្រូវ និងអង្កររបស់គាត់ មិនប្រើគីមីទេ។ អ៊ឹចឹង!​គាត់លក់ដែរ»។

លោកបានបន្តថា ពូជស្រូវមិត្តក្រៀលនេះជាប្រភេទពូជស្រូវខ្លីៗ ដើម្បីឱ្យក្រៀលអាចស៊ីជាចំណីបាន ហើយពូជនេះត្រូវបានផ្តល់ដោយអង្គការដៃគូមួយចំនួ។

លោកថ្លែងថា៖«គាត់ប្រើជីសរីរាង្គ រដូវស្រូតកាត់ខែវិច្ឆិកា ខែធ្នូធម្មតា។ វាធន់នឹងដីនៅតំបន់ហ្នឹងហើយ ប៉ុន្តែគេមានវិធីសាស្ត្រថែទាំ បើមានសត្វល្អិតសហគមន៍មានថ្នាំផលិតពីស្លឹកឈើតាមដូនតាយើង ហើយកម្រិតគេប្រើថ្នាំ ក៏មានអង្គការដៃគូគេឱ្យប្រើថ្នាំដែលផ្សំពីធម្មជាតិ»។

លោកបញ្ជាក់ថា គម្រោងផលិតករស្រូវមិត្តជ្រៀលផ្តល់ប្រយោជន៍ ព្រោះកសិករអាចប្រមូលផលហើយលក់បានថវិកាដូចស្រូវផ្សេងៗ សុវត្ថិភាពទាំងក្រៀល ទាំងមនុស្ស និងលើកកម្ពស់ក្រៀល៕