ពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ៖ រូបភាព៖ Kheang Phearom

ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ក្នុងខេត្តព្រសីហនុ ត្រូវបានប្រកាសបើកការដ្ឋាននៅថ្ងៃទី១៨កញ្ញានេះ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងជាស្ថានីយ៍មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ២ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ពីតំបន់ទី៥ និងតំបន់ទី៦ ដែលមានផ្ទៃដី ២,៦៩០ហិកតា ដែលសាងសង់ដោយក្រុមហ៊ុន XWATER TECHNOLOGY CO.,LTD ។ នេះ​បើទំព័រហ្វេសប៊ុករបស់លោក ឃាង ភារម្យ មន្រ្តីនាំពាក្យរដ្ឋបាលខេត្តព្រសីហនុ។

បើតាមលោក ឃាង ភារម្យ ពិធីបើកការដ្ឋាននេះ គឺបានធ្វើឡើងដោយមានការចូលរួមពីលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក គួច ចំរើន អភិបាលខេត្ត។

លោក គួច ចំរើន បានលើកឡើងថា ទន្ទឹមនឹងការអភិវឌ្ឍឥតឈប់ឈរបស់ខេត្តព្រះសីហនុ ខេត្តក៏បានជួបបញ្ហាប្រឈមជាច្រើន ជាពិសេសការបញ្ចេញកាកសំណល់ប្រើប្រាស់ដែលមានចំនួនច្រើន និងមានសារធាតុពុល អាចបង្កផលប៉ះពាល់ដល់ បរិ​ស្ថាន​ជុំវិញ ដូចជាមនុស្ស សត្វ រុក្ខជាតិ ជីវចម្រុះ និងឆ្នេរសមុទ្រខេត្ត ព្រះសីហនុ។

លោកបន្តថា ប្រឈមបញ្ហាទាំងនេះ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា សហការជាមួយ រដ្ឋបាលខេត្ត បានសម្រេចសាងសង់ស្ថានីយប្រព្រឹត្តកម្មទី១ ទី២ និងទី៣ ក្នុងគោលបំណងដើម្បីបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយ ឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ ដោយប្រើបចេ្ចកវិទ្យាចុង MABR និងត្រូវបានទទួលស្គាល់ថាជាបច្ចេកវិទ្យាដែលមានស្ថេរភាព ប្រសិទ្ធភាពខ្ពស់ សន្សំសំចៃថាមពល គ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ។

ចំណែកលោក ជា សុផារ៉ា បានបញ្ជាក់ដែរថា មូលហេតុដែលត្រូវសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះឡើង គឺដើម្បីធ្វើឱ្យឆ្នេរសមុទ្រ​របស់កម្ពុជាក្លាយជាឆ្នេរស្អាត ទឹកសមុទ្រពណ៌ខៀវស្រងាត់ និងបរិស្ថានល្អគួរជាទីគយគន់ ប្រសិនបើវាមានក្លិនមិនល្អ នាំ​ឱ្យបាត់បង់ទេសចរ ថែមទាំងបាត់ឈ្មោះ និងកិត្តិយសជាឆ្នេរស្អាត។ លោកបញ្ជាក់ថា តាមការណែនាំពីសម្តេចនាយករដ្ឋមន្ត្រី គឺត្រូវថែរក្សាឆ្នេរសមុទ្រកម្ពុជាឱ្យនៅគង់វង្សដែលជាឱកាស និងមោទនភាពក្នុងការការពារថែរក្សា។ លោកអះអាងថា ការសាងសង់ស្ថានីយប្រព្រឹត្តកម្មនេះ ជាថវិការបស់រាជរដ្ឋាភិបាល និងចាត់ចែងអនុវត្តគម្រោង និងសាងសង់ដោយក្រុមហ៊ុន Xwater Technology Co,Ltd ។ ស្ថានីយប្រព្រឹត្តកម្មនេះជាដំណើរការដោយបច្ចេកវិទ្យាចុងក្រោយ របស់អ៉ីស្រាអែល MABR វាមានលទ្ធភាពដកអាម៉ូញាក់ កាបូនឌីអ៊ុកស៉ីត បាក់តេរី និងសារធាតុពុល ហើយទឹកដែលប្រព្រឹត្តកម្មរួច មិនមានជាតិពុលដល់បរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រ វាមានគុណភាពប្រកបដោយស្តង់ដារខ្ពស់ និងជាស្នាដៃរបស់កូនខ្មែរ គឺខ្មែរធ្វើបាន។

បើតាមលោក ឃាង ភារម្យ ដដែល គឺចំពោះស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ គឺមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិ​មាណ​៥,២00 ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៣ ដែលមានផ្ទៃដី ៣៦៤ហិកតា ស្ថិតក្នុងសង្កាត់លេខ៣ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧,២00 ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៤ ដែលមានផ្ទៃដី ៤៨៦ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។

ជាមួយគ្នានេះ ខេត្តព្រះសីហនុ នៅមានស្ថានីយបូមទឹកកខ្វក់ចំនួន៧ទីតាំងផ្សេងទៀត ក្នុងនោះ៤ទីតាំង ស្ថាបនាដោយគណៈ​កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និង៣ទីតាំងទៀត ស្ថាបនាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបូមទឹកកខ្វក់ទម្លាក់ទៅស្ថានីយច្រោះសម្អាតទឹកកាកសំណល់ ក្រុងព្រះសីហនុ១៦ហិកតា៕