លោក Dolkun Isa ប្រធាន​សភា​ជនជាតិ​ Uyghur ពិភពលោក បង្កើត​ការ​តាំងបង្ហាញ​រូប​ថត​ជនជាតិ​​Uyghur ដែល​បាន​បាត់​ខ្លួន​ឬ​​រងការ​ចោទ​ប្រកាន់​ហើយ​ត្រូវជាប់​ឃុំ​នៅ​ជម្រំ​គ្រប់គ្រង​ដោយចិន​នៅ​តំបន់ Xinjiang ប្រទេស​ចិន​ នៅ​ខាង​មុខ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។ (REUTERS/Denis Balibouse)

វ៉ាស៊ីនតោន — កំណត់ត្រា​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ចិន​គឺ​ជា​ការ​ផ្តោត​សំខាន់​នៃ​ការ​វាយ​តម្លៃ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​នាពេល​ខាង​មុខ។

​មន្ត្រី​សិទ្ធិ​មនុស្ស​កំពូល​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​និយាយ​នៅ​ថ្ងៃចន្ទថា​ ការិយាល័យ​របស់​អ្នកស្រី​កំពុង​បញ្ចប់​របាយ​ការណ៍​ស្តីពី​ការ​ចោទ​ប្រកាន់​ពី​បទ​«រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ»​ នៅ​តំបន់​ Xinjiang ​ភាគ​ពាយ័ព្យ​ប្រទេស​ចិន​ បន្ទាប់ពី​ប្រទេស​ចិន​ចេញ​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​របស់​ចិន​ឆ្នាំ​២០២១-២០២៥ ​កាលពីថ្ងៃទី៩ ​ខែ​កញ្ញា។​

អ្នក​ស្រី​ Michelle Bachelet ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​បាន​មាន​ប្រសាសន៍​ថា​ «ខ្ញុំសោក​ស្តាយ​ដែល​ខ្ញុំ​មិន​អាច​រាយ​ការណ៍​អំពី​វឌ្ឍនភាព​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ខ្ញុំ​ក្នុង​ការ​វាយ​តម្លៃ​ដ៏មាន​ន័យ​អំពី​ជនជាតិ​ Uyghur​ នៅ​តំបន់​ស្វយ័តភាព​Xinjiang»។​

នៅ​ឯ​ការ​បើក​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្សអង្គការ​សហ​ប្រជាជាតិ​ អ្នកស្រី ​Bachelet​ បាន​និយាយ​ថា​ ការិយាល័យ​របស់​អ្នកស្រី​កំពុង​បញ្ចប់​ការ​ពិនិត្យ​ឡើង​វិញ​នូវ​ព័ត៌មាន​អំពី​ការ​ចោទ​ប្រកាន់​រឿង​រំលោភ​សិទ្ធិ​មនុស្ស​ ហើយ​ការិយាល័យ​នេះ​មាន​ផែនការ​ផ្សព្វផ្សាយ​របាយ​ការណ៍​នេះជា​សាធារណៈ។​

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ​ហើយ​និយាយ​ថា​ អ្វីដែល​ក្រុម​សិទ្ធិ​មនុស្ស​ហៅ​ថា​ ជំរំ​ឃុំឃាំង​នោះ​តាម​ពិត​ជា​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ដែល​ប្រជាជន​មកពី​ក្រុម​ជនជាតិ​ភាគតិច​ដែល​ខ្វះ​ចំណេះដឹង​ខាង​ភាសា​ និង​ជំនាញ​វិជ្ជាជីវៈ ទទួល​បាន​ជំនួយ​ខាង​អប់រំ។​ ប្រទេស​ចិន​ទទូច​ថា​ ប្រជាជន​នៅ​តំបន់ ​Xinjiang មាន​សេរីភាព​ក្នុង​ការ​ជ្រើសរើស​ការងារ​របស់​ពួកគេ។​

អ្នកស្រី​ Marta Hurtado ​អ្នក​នាំពាក្យ​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្សអ.ស.ប.​(OHCHR)​បាន​ប្រាប់​វីអូអេ​ថា​ ដំណើរ​ទស្សន​កិច្ច​ចុង​ក្រោយ​របស់​ឧត្តម​ស្នងការ​នេះ​ទៅ​កាន់​ប្រទេស​ចិន​គឺ​នៅ​ឆ្នាំ​២០០៥។​ អ្នកស្រី​បាន​និយាយ​ថា ​ឧត្តម​ស្នងការ​នេះបាន​ស្នើ​សុំ​ឱ្យរដ្ឋាភិបាលក្រុង​ប៉េកាំង​អនុញ្ញាតឱ្យ​ក្រុម​វាយ​តម្លៃ​ស្ថានភាព​ជនជាតិ​ Uyghur​ ឆ្នាំ​២០១៨ ទទួល​បាន​សិទ្ធិ​គ្មាន​កំហិត​ចូល​ទៅ​កាន់​តំបន់ ​Xinjiang ​ តែ​រដ្ឋាភិបាល​ប៉េកាំង​មិន​បានអនុញ្ញាត​ទេ៕