រូបភាពពីលោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញ

ក្រសួងអប់រំ សម្រចផ្អាកដំណើរការថ្នាក់រៀនចំនួន១៥នៅតាមវិទ្យាល័យចំនួន៥ក្នុងរាជធានីភ្នំពេញរយៈពេល១៤ថ្ងៃ ក្រោយរកឃើញ​សិស្សមួយចំនួនឆ្លងកូវីដនិងជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ។ 

លោក​ ហែម​ ស៊ីណារ៉េត​ ប្រធានមន្ទីរអប់រំយុវជន​ និងកីឡារាជធានីភ្នំពេញ​ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១៧កញ្ញានេះ​ថា មកដល់ពេលនេះគ្មានករណីឆ្លងក្នុងសាលារៀននោះទេ ប៉ុន្តែការសម្រេចផ្អាកថ្នាក់រៀនមួយចំនួននេះ គឺដោយសារមានសិស្សមួយចំនួនបានទៅយកសំណាកនៅតាមតំបន់ដែលពួកគេរស់នៅរកឃើញវិជ្ជមានកូវីដ១៩ ទើបក្រសួងអប់រំសម្រេចឲ្យអ្នកពាក់ព័ន្ធ​ទាំងនោះធ្វើចត្តាឡីស័ក១៤ថ្ងៃ។ 

លោកថ្លែងថា៖«គ្មានការចម្លងនៅក្នុងថ្នាក់សាលាទេ ហើយការមិនដំណើរការថ្នាក់រៀនហ្នឹង គឺដោយសារខាងអាជ្ញាធរមូលដ្ឋានហ្នឹង​! គាត់មានយុទ្ធនាការមួយយកសំណាកប្រជាពលរដ្ឋ ហើយក៏មានសិស្សនុសិស្សមួយចំនួនបានទៅយកសំណាកដែរក៏ចេញលទ្ធអ៊ីចឹង(វិជ្ជមាន) ក្នុងនោះមានប៉ុន្មាននាក់ប្រាប់ថាគាត់ហៀរសម្បោរអ៊ីចឹងទៅ យើងក៏បានឱ្យពួកគាត់ដាក់ឲ្យសម្រាកព្យាបាលនៅផ្ទះហើយ»។

បើតាមក្រសួងអប់រំ ការផ្អាកថ្នាក់រៀនក្នុងវិទ្យាល័យចំនួន៥នោះរួមមាន វិទ្យាល័យ ហ៊ុន សែន ពញាពន់ បិទ១ថ្នាក់ វិទ្យាល័យបឹងប្រិយ៍ បិទ៣ថ្នាក់ វិទ្យាល័យបឹងធំ បិទមួយថ្នាក់ វិទ្យាល័យវត្តភ្នំ បិទ៩ថ្នាក់​ និងវិទ្យាល័យវត្តកោះបិទមួយថ្នាក់៕ 

កាលពីថ្ងៃទី១៥កញ្ញា ក្រសួងអប់រំបានដំណើរការបើកសាលារៀននៅទូទាំងប្រទេសឡើងវិញចំនួន២៦៤១កន្លែង ក្នុងនោះកម្រិត​មតេយ្យសិក្សាមាន១៥៣កន្លែង កម្រិតបឋមសិក្សាមាន១៥០០កន្លែង អនុវិទ្យាល័យមាន៧១៦កន្លែង និងវិទ្យាល័យមាន​២៧២​កន្លែង​។​ 

សម្ដេច ហ៊ុន សែន បានប្រកាសនៅថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងឱ្យក្មេងអាយុ៦ឆ្នាំដល់១២ឆ្នាំនៅថ្ងៃទី១៧កញ្ញានេះថា តំបន់ដែលមានហានិភ័យទាប គឺអនុញ្ញាតឱ្យគ្រឹះស្ថានអប់រំគ្រប់កម្រិតអាចបើកដំណើរការឡើងវិញ ហើយតំបន់ដែលមានហានិភ័យមធ្យម​ អនុញ្ញាតឱ្យបើកត្រឹមថ្នាក់ទី៩និងថ្នាក់ទី១២ និងតំបន់ដែលមានហានិភ័យខ្ពស់ ត្រូវបន្តឱ្យសិក្សារៀនតាមអនឡាញ៕