ពលរដ្ឋនៅសង្កាត់ផ្សារតូចបណ្តើរម៉ូតូរបស់ពួកគេក្នុងទីតាំងដែលមានការជន់លិចខ្លាំងក្រោយភ្លៀងមួយមេធំកាលពីថ្ងៃទី ១៥កញ្ញា។ រូបភាព៖ផ្តល់ដោយពលរដ្ឋ

ពលរដ្ឋនៅក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវបានត្អួញត្អែរពីបញ្ហាទឹកភ្លៀងជន់លិចផ្លូវនិងលិចចូលទៅក្នុងផ្ទះ ក្រោយពីភ្លៀងធ្លាក់ខ្លាំង ខណៈបញ្ហានេះបានបន្តអូសបន្លាយជាង១០ឆ្នាំហើយ ហើយការលិចលង់ក៏កាន់តែមានលក្ខណៈធ្ងន់ធ្ងរឡើង ដែលរំខានដល់ការធ្វើដំណើរនិងការរស់នៅរបស់ពួកគាត់។

ពលរដ្ឋម្នាក់ដែលសុំមិនបញ្ចេញឈ្មោះនៅក្នុងភូមិផ្សារតូចបានលើកឡើងថា ទីតាំងដែលលិចទាំងនោះគ្រាន់តែលិចរយៈពេល២ទៅ៣ថ្ងៃស្រកទៅវិញ ប៉ុន្តែលោកថា វាហាក់បីដូចជាជំងឺរ៉ាំរ៉ៃមួយដែលកើតឡើងជាច្រើនឆ្នាំមកហើយ និងមិនទាន់មានដំណោះស្រាយណាមួយឡើយ។

លោកក៏បានទាក់ទងទៅកាន់រដ្ឋបាលខណ្ឌដើម្បីជួយដោះស្រាយបញ្ហានេះដែរ ប៉ុន្តែនៅមិនទាន់ឃើញមានមន្ត្រីណាម្នាក់ចុះមកពិនិត្យទីតាំងនោះនៅឡើយទេ។

លោកថា​៖« សំខាន់ខ្ញុំក៏បានផ្ញើរសារចូលទៅផេករដ្ឋបាលខណ្ឌឫស្សីកែវ ហើយគាត់ក៏បានថានឹងមានដំណោះស្រាយ ដោយឱ្យឡានមកបូម ប៉ុន្តែមិនទាន់ឃើញឡានមកបូមទេ បើបូមគឺបូមទៅកន្លែងផ្សេង វាមិនមែនជាកន្លែងដែលពួកខ្ញុំលិច ហើយខ្ញុំក៏អត់ដឹងថា យុទ្ធសាស្ត្រដែលគាត់ធ្វើគឺបូមលូមេឬយ៉ាងម៉េង យើងក៏មិនដឹងដែរ»។

លោកបន្ថែមថា ទីតាំងរបស់លោកលិចក្នុងជម្រៅលើសក្បាលជង្គង់ ខណៈម៉ូតូលិចជិតដល់កែប។​ ប្រជាពលរដ្ឋនៅទីតាំងនេះ ភាគច្រើនសាងសង់ផ្ទះធ្វើយ៉ាងណាឱ្យផុតកម្ពស់ទឹកលិច ជាក់ស្តែងផ្ទះរបស់លោក បានជួសជុលច្រើនលើកមកហើយដើម្បីបញ្ចៀសពីការលិចទឹក។

នៅក្នុងសារមួយដែលរដ្ឋបាលខណ្ឌឫស្សីកែវបានឆ្លើយតបជាមួយពលរដ្ឋរូបនេះ បានបញ្ជាក់ថា ក្រុមការងាររបស់ខណ្ឌបានចុះត្រួតពិនិត្យជាបណ្តើរហើយ ដោយមានលោក ឯក ឃុនឌឿន អភិបាលខណ្ឌឫស្សីកែវ សហការជាមួយមន្ទីរសាធារណការ​ និងដឹកជញ្ជូន កាលពីថ្ងៃទី ១៥កញ្ញា ដើម្បីធ្វើការបូមទឹកលូដែលស្ទះលិចផ្លូវនៅចំណុចមួយចំនួននៅក្នុងសង្កាត់ទួលសង្កែទី១ ដោយប្រើរថយន្តចំនួន ២គ្រឿង​និងជាលទ្ធផលទឹកក៏បានស្រកជាបន្តបន្ទាប់។

ជាមួយគ្នានេះ លោក រាជ ថាវឿន ចៅសង្កាត់ទួលសង្កែទី១ បានលើកឡើងថា អាជ្ញាធរកំពុងស្វះស្វែងណាស់ក្នុងការបូមទឹកចេញ និងស្តារលូដើម្បីបញ្ជៀសទឹក ប៉ុន្តែទីតាំងចំណុចផ្សារតូចនេះ លោកមិនធានាថាអាចរំដោះទឹកបានអស់នោះទេ ព្រោះទីតាំងនេះប្រៀបបានទៅនឹងបាតខ្ទះទៅហើយ។

លោកថា៖«ផ្សារតូចហ្នឹងវាបាតខ្ទះ ហើយលូក៏យើងមានច្រើនដែរ តែវាយូរឆ្នាំអាចមានការកកស្ទះ។ រយៈពេលជាង ២ថ្ងៃនេះយើងខំស្តារលូ មិនមែនអាចធ្វើបានដូចចិត្តនោះទេ ព្រោះយើងនៅបាតខ្ទះ ទាល់តែទឹកនៅក្នុងអូរវែងហូរចេញទៅក្រៅអស់ ទើបអាចំណុចទាបនេះហូរទៅតាមក្រោយ មិនមែនគេមិនយកចិត្តទុកដាក់ទេ ប៉ុន្តែឱ្យធ្វើយ៉ាងម៉េច?​ ប៉ុន្តែទោះជាស្តាលូរយ៉ាងណា ក៏យើងមិនធានាថាកន្លែងនោះស្រកបានដែរ ព្រោះទីតាំងនោះទំនាបខ្លាំង»។

លោកបន្ថែមថា គ្រប់ពេលដែលមានការជន់លិច ប្រជាពលរដ្ឋតែងតែបន្ទោសអាជ្ញាធរ ប៉ុន្តែពួកគេមិនដែលគិតពីកំហុសរបស់ពួកគេដែលនាំគ្នាលុបលូ និងអ្នកខ្លះទៀតធ្វើផ្ទះពីលើលូឬប្រឡាយ ដែលជាហេតុបង្ករឱ្យមានការពិបាកដល់អាជ្ញាធរទៅវិញ។ លោកថា ពលរដ្ឋគួរតែនាំគ្នាជួយថែរក្សា និងសហការជាមួយអាជ្ញាធរ ជាជាងពេលមានបញ្ហាចាំតែបន្ទោសអាជ្ញាធរតែម្នាក់៕