ការធ្វើសន្និសីទសារព័ត៌មានរបស់ សម្ដេច ហ៊ុន សែន ក្នុងពិធីបើកយុទ្ធនាការ ចាក់ថ្នាំបង្ការជម្ងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់ អាយុក្រោម១២ឆ្នាំ នៅវិមានសន្តិភាព

នាយករដ្ឋមន្រ្តីកំពុងពិចារណារបើកឲ្យភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់រួច អាចមកកម្សាន្តនៅកម្ពុជាដោយពុំចាំបាច់ធ្វើ​ចត្តាឡីស័កក្នុងសណ្ឋាគារឡើយ។ 

នៅក្នុងពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យកុមារអាយុ៦ឆ្នាំដល់១២ឆ្នាំនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១៧កញ្ញានេះ សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា លោកចង់ឲ្យក្រសួងទេសចរណ៍ និងមន្រ្តីពាក់ព័ន្ធរៀបចំផែនការ «ទេសចរណ៍វ៉ាក់សាំង​» ដើម្បីឈានដល់ការបើកឲ្យភ្ញៀវទេសចរបរទេសអាចមកលេងប្រទេសកម្ពុជាឡើងវិញក្នុងបរិបទកូវីដ១៩នេះ។  

សម្ដេចលើកឡើងថា ភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចហើយ ត្រូវធ្វើចត្តាឡីស័ក៧ថ្ងៃ ប៉ុន្តែមិនមែននៅក្នុងបន្ទប់សណ្ឋាគារនោះទេ គឺក្នុងអំឡុងពេលធ្វើចត្តាឡីស័ក៧ថ្ងៃ  ពួកគេអាចដើរទស្សនាទីក្រុង ទៅលេងប្រាសាទ ឬងូតទឹកសមុទ្រ ក្នុងក្រប​ខេត្តឬតំបន់។  

លោកថ្លែងថា៖«អ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ អាចមកទស្សនកិច្ចនៅកម្ពុជាបាន។ ពេលមកដល់ ត្រូវធ្វើចត្តាឡីស័ក៧ថ្ងៃ ប៉ុន្តែ​៧ថ្ងៃហ្នឹង មិនមែននៅក្នុងបន្ទប់ទេ គឺ៧ថ្ងៃនេះអ្នកឯងអាចដើរមើលទីក្រុងដែលអ្នកឯងចុះចតដែលនៅក្នុងខេត្តហ្នឹង។ ឧទាហរណ៌​ ក្នុងខេត្តសៀមរាប គឺយើងមិនអាចឲ្យធ្វើចត្តាឡីស័កនៅក្នុងសណ្ឋានគារសៀមរាបបានទេ។ យើងអនុញ្ញាតឲ្យគាត់ធ្វើ​ចត្តាគឡីស័កនៅក្នុងក្របខណ្ឌខេត្ត ឬតំបន់ហ្នឹង! អ៊ីចឹង ចត្តាឡីស័កមែនតែគាត់អាចទៅមើលប្រាសាទបាន»។ 

សម្ដេច អះអាងថា ការចំណាយលុយរាបលានដុល្លារដើម្បីទិញវ៉ាក់សាំងចាក់ឲ្យពលរដ្ឋនេះ ​គឺដើម្បីឈានដល់ការបើកសេដ្ឋកិច្ចសង្គមឡើងវិញ។ 

លោកថ្លែងបន្តថា៖«ការដោះស្រាយបញ្ហាវ៉ាក់សាំងមិនមែនគ្រាន់តែការពារអាយុជីវិតប្រជាជននោះទេ តែរឿងបញ្ហាសេដ្ឋកិច្ច ការ​បើក​សេដ្ឋកិច្ចសង្គមឡើងវិញគឺជារឿងចាំបាច់។​ យើងសុខចិត្តចំណាយរាប់រយលានដុល្លាររកវ៉ាក់សាំងយកមកចាក់ ដើម្បី​ទាញ​យកមកវិញរាប់ពាន់លានដុល្លារសម្រាប់សេដ្ឋកិច្ចកម្ពុជា»។  

បើត្រឹមថ្ងៃទី១៦កញ្ញា កម្ពុជាបានចាក់វ៉ាក់សាំងឲ្យពលរដ្ឋខ្លួនបានប្រមាណ១០លាននាក់ និងចាក់ឲ្យក្មេងអាយុពី១២ឆ្នាំដល់១៨ឆ្នាំជិត២លាននាក់។ ជាងនេះទៀត រដ្ឋាភិល បានដាក់គោលដៅចាក់វ៉ាក់សាំងលើកុមារអាយុចាប់ពី៦ឆ្នាំទៅ១១ឆ្នាំដែលមានចំនួនប្រហែល​១លាន៨សែននាក់ ដើម្បី​ឈាន​​ទៅបើកសាលារៀនបឋមសិក្សាទូទាំងប្រទេសឡើងវិញ៕