ប្រពៃណីសម្លាប់សត្វផ្សោតនៅកោះFaroeកាលពីថ្ងៃអាទិត្យ។ រូបភាព៖ DW

ការអនុវត្តតាមប្រពៃណីសម្លាប់សត្វផ្សោតនៅកោះ Faroe ស្ថិតនៅក្នុងប្រទេសដាណឺម៉ាក កំពុងស្ថិតក្នុងការខឹងសម្បារនិងការត្រួតពិនិត្យ បន្ទាប់ពីមានសត្វផ្សោតចំនួន១៤២៨ក្បាល ត្រូវបានសម្លាប់កាលពីយប់ថ្ងៃអាទិត្យ និងត្រូវបានគេជឿជាក់ថា គឺជាការសម្លាប់សត្វផ្សោតដ៏ច្រើនបំផុតមិនធ្លាប់មាន។

សារព័ត៌មាន BBC បានចុះផ្សាយថា សត្វផ្សោតទាំងនោះ ត្រូវបានសម្លាប់កាប់នឹងកាំបិត បន្ទាប់ពីក្រុមអ្នកប្រមាញ់បានប្រើទូក​អូស​ពីទឹកជ្រៅឡើងមកទឹករាក់ ដើម្បីយកទៅចែកចាយទៅឱ្យអ្នកស្រុកយកទៅបរិភោគ។ វីដេអូនៃការបរបាញ់បានបង្ហាញ​ពី​ឈាមអណ្ដែតលើទឹកសមុទ្រក្រហមឆ្អិនឆ្អៅ ខណៈសាកសពសត្វផ្សោតជាច្រើនក្បាលដែលកាប់សម្លាប់ហើយ ត្រូវបានអូសមកដាក់លើឆ្មេរសមុទ្រ។

ប្រពៃណីសម្លាប់ថនិកសត្វសមុទ្រនេះ ត្រូវបានអនុវត្តអស់រាប់រយឆ្នាំមកហើយនៅលើកោះ Faroe ដ៏ដាច់ស្រយាលនៅក្នុងប្រទេស​ដាណឺម៉ាកនេះ។

ក្រុមអ្នកអភិរក្សបានថ្កោលទោសចំពោះការសម្លាប់សត្វផ្សោតដ៏ច្រើនបែបនេះ។ ពលរដ្ឋនៅក្នុងតំបន់បានលើកឡើងថា ជារៀងរាល់ឆ្នាំ មានត្រីបាឡែនប្រហែល៦០០ក្បាលត្រូវបានចាប់មកសម្លាប់ ហើយត្រីផ្សោតគឺមានចំនួនតិចតួចប៉ុណ្ណោះ គឺកាលពីឆ្នាំ​២០​២០ មានផ្សោតត្រឹម៣៥ក្បាល និងនៅឆ្នាំ២០១៩មានត្រឹម១០ក្បាល ដែលត្រូវបានគេចាប់យមកមសម្លាប់។

ក្រុមអ្នកគាំទ្រអនុវត្តប្រពៃណីសម្លាប់សត្វផ្សោតទាំងនេះបានលើកឡើងថា វាជាវិធីប្រកបដោយនិរន្តរភាពនៃការប្រមូលអាហារពីធម្មជាតិ និងជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណវប្បធម៌របស់ពួកគេ។ ប៉ុន្តែសកម្មជនការពារសិទ្ធិសត្វ មិនបានយល់ស្របជាយូរ​មក​ហើយ ដោយចាត់ទុកថា ជាអំពើឃោរឃៅនិងមិនចាំបាច់។

ជុំវិញការសម្លាប់សត្វផ្សោតដ៏ច្រើនបែបនេះ ក៏បានធ្វើឱ្យតក់ស្លុតចំពោះពលរដ្ឋរស់នៅលើកោះនោះដែរ។ អ្នកជីវវិទូសមុទ្រមក​ពី​កោះបានអះអាងថា នេះគឺជាការសម្លាប់សត្វផ្សោតដ៏ច្រើនបំផុតនៅលើកោះ Faroe ជាតំបន់ស្វយ័តមួយនៅក្នុងប្រទេស​ដា​ណឺម៉ា​ក​។ លោកបញ្ជាក់ថា កំណត់ត្រាច្រើនបំផុតនៃការសម្លាប់សត្វផ្សោតកាលពីពេលមុន គឺនៅក្នុងឆ្នាំ១៩៤០ មានសត្វផ្សោត​១២០០​ក្បាល​ត្រូវបានសម្លាប់ និង៩០០ក្បាលនៅឆ្នាំ១៨៧៩ ចំនួន៨៥៦ក្បាលនៅឆ្នាំ១៨៧៣ និងចំនួន៨៥៤ក្បាលនៅឆ្នាំ១៩៣៨៕