មនុស្សម្នា​មើល​ទូរទស្សន៍​បង្ហាញ​ព័ត៌មាន​រាយការណ៍​អំពី​មីស៊ីល​របស់​កូរ៉េខាង​ជើង​ កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នៅ​ក្នុង​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េខាងត្បូង។ (AP)

ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង — ប្រទេស​កូរ៉េ​ខាងជើង​បាន​និយាយ​ថា ​មីស៊ីល​ផ្លោង​ដែល​បាញ់​កាលពី​ថ្ងៃ​ពុធ​គឺបាញ់​ចេញ​ពី​រថភ្លើង។ ​នេះ​ជាលើក​ទីមួយ​ ដែល​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ​នេះ​ បាន​បាញ់​សាក​ល្បង​ចេញ​ពី​ជើង​ទម្រ​លើ​ផ្លូវ​ដែក​ ហើយ​នេះ​ជា​ការ​បាញ់​លើក​ទី២​ ​ក្នុង​រយៈ​ពេល​មិនដល់​មួយ​សប្តាហ៍​ផង​ ខណៈ​ប្រទេស​នេះបង្កើន​សម្ពាធ​លើ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​ចរចា​នុយក្លេអ៊ែរ​ដែល​ជាប់គាំង។

រូបភាព​ដែល​ត្រូវបាន​បង្ហោះ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយរដ្ឋ​កុម្មុយនីស្ត​នេះ​នៅថ្ងៃ​ព្រហស្បតិ៍​បង្ហាញ​កាំជ្រួច​ពណ៌​បៃតង​ចាស់​បាញ់​ចេញ​ពី​ទូរថភ្លើង​ដែល​ចត​នៅ​ជិត​ផ្លូវ​រូង​ក្រោមដី​ក្នុង​តំបន់​ភ្នំ​ដែល​ពោរពេញ​ទៅ​ដោយ​ផ្សែង​ពណ៌​ទឹកក្រូច​ចេញពី​ការ​បាញ់​នោះ។

ទីភ្នាក់ងារ​ព័ត៌មាន​មជ្ឈិម​កូរ៉េខាង​ជើង​ (Korean Central News Agency)​និយាយ​ថា​ ការ​សាកល្បង​ដែល​ពាក់​ព័ន្ធ​កង​វរសេនា​តូច​មីស៊ីល​ចល័ត​ផ្លូវដែកកូរ៉េ​ខាងជើង​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​កាន់តែ​ខ្លាំង​ដើម្បីឱ្យ​ប្រទេស​នេះ​«ធ្វើ​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្នុង​ពេល​តែ​មួយ​ទៅ​លើ​កង​កម្លាំង​ដែល​កំពុង​គំរាម​កំហែង​នៅ​កន្លែង​ជាច្រើន»។

ការ​បាញ់​ពី​ជើង​ទម្រ​លើ​ផ្លូវ​រថភ្លើង​ផ្តល់​ឱ្យ​កូរ៉េ​ខាងជើង​នូវ​ជម្រើស​មួយ​ផ្សេង​ទៀត​គឺ​ការ​បាញ់ប្រហារ​ និង​ការពារ​ឃ្លាំង​អាវុធ​មីស៊ីល​ដែល​កំពុង​ពង្រីក​យ៉ាង​ឆាប់​រហ័ស។​

កាលពី​ថ្ងៃពុធ ​ជាថ្ងៃ​ដែល​កូរ៉េ​ខាងជើង​បាញ់​មីស៊ីល​ផ្លោង​នោះ​ កូរ៉េ​ខាងត្បូង​បាន​ប្រកាស​ថា​ ខ្លួន​បាន​ធ្វើ​ការ​សាកល្បង​មីស៊ីល​ផ្លោងបាញ់​ចេញពី​នាវា​មុជទឹក​ជា​លើក​ដំបូង។ ​ការ​សាក​ល្បង​នេះ​ធ្វើ​ឱ្យ​កូរ៉េ​ខាងត្បូង​ក្លាយ​ជា​ប្រទេស​ទី៧​មាន​មីស៊ីល​បែប​នេះ​ផលិត​ក្នុង​ស្រុក។​

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​ Moon Jae-in ​ដែល​បាន​សង្កេត​មើល​ការ​សាកល្បង​នេះ​បាន​និយាយ​ថា ​ សមត្ថភាព​មីស៊ីល​ប្រសើរ​ឡើង​របស់​ប្រទេស​របស់​លោកអាច«កម្លា​ការ​បង្កហេតុ​ដោយ​កូរ៉េ​ខាងជើង»។ ​អ្នកស្រី​ ​ Kim Yo Jong ​ប្អូនស្រី​ដ៏មាន​ឥទ្ធិពល​ខាង​នយោបាយ​របស់លោក​គីម ជុងអ៊ុន មេ​ដឹកនាំ​កូរ៉េ​ខាងជើង​នោះ ​បាន​ប្រតិកម្ម​នឹង​សម្តី​របស់​លោក​ Moon ។ អ្នកស្រី​បាន​ទទូច​ថា​ ​ការ​បាញ់​កាំជ្រួច​របស់​កូរ៉េ​ខាង​ជើង​មិនមែន​ជា​«ការ​បង្កហេតុ​ទេ» ​ ប៉ុន្តែ​«ជាផ្នែក​មួយ​នៃ​សកម្មភាព​ធម្មតា ​និង​ការពារ​ខ្លួន»។

ប្រទេស​កូរ៉េ​ខាងជើង​បាន​លើក​ឡើង​ម្តង​ហើយ​ម្តងទៀត​ថា ការ​បង្កើន​កម្លាំង​យោធាកូរ៉េ​ខាង​ត្បូង​ និង​វត្តមាន​របស់​កងទ័ព​អាមេរិក​នាំ​ឱ្យ​កូរ៉េ​ខាង​ជើង​ពង្រីក​អាវុធ​របស់​ខ្លួន៕