នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក​ Scott Morrison ធ្វើ​សន្និសីទ​សារព័ត៌មាន​តាម​វីដេអូ​រួម​គ្នា​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson និង​ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden កាលពី​ថ្ងៃ​ទី១៦ ខែកញ្ញា ឆ្នាំ២០២១។ (AP)

សេតវិមាន — សហ​រដ្ឋ​អាមេរិក​ និង​ចក្រភព​អង់គ្លេស​នឹង​ជួយ​ប្រទេស​អូស្ត្រាលី​ផលិត​នាវា​មុជទឹក​ប្រើ​ថាមពល​នុយក្លេអ៊ែរ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​លោក ​Joe Biden​ នៅពេល​មេដឹក​នាំ​ទាំង​៣​បាន​ប្រកាស​ភាព​ជាដៃគូ​សន្តិសុខ​ត្រីភាគី​ថ្មី​ ដែល​ផ្តោត​លើ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។​

លោក​ Biden ​បាន​មាន​ប្រសាសន៍​ថា ​«យើង​ចាំបាច់​អាច​ឆ្លើយ​តប​ទាំង​បរិយាកាស​យុទ្ធសាស្ត្រ​បច្ចុប្បន្ន​នៅ​ក្នុង​តំបន់​ហើយ​ថា​ តើ​វា​អាច​វិវត្ត​យ៉ាង​ដូចម្តេច ​ ព្រោះ​អនាគត​នៃ​ប្រទេស​យើង​នីមួយៗ ​ហើយ​នឹងអនាគត​ពិភពលោក​អាស្រ័យ​លើ​សេរីភាព​ និង​ការ​បើក​ចំហ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ដែល​រឹង​មាំ​ និង​រីកលូតលាស់​ច្រើន​ទសវត្សរ៍​ទៅ​មុខ»។​

លោក​ Biden ​ នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក ​Scott Morrison ​និង​នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Boris Johnson ​បាន​បញ្ជាក់​ថា ​នាវា​មុជ​ទឹក​ប្រើ​ថាមពល​នុយក្លេអ៊ែរ​ទាំង​នោះ​នឹង​មិន​មាន​បំពាក់​អាវុធ​នុយក្លេអ៊ែរ​ទេ។​

រួម​ជាមួយ​សមភាគី​អាមេរិក​ និង​អង់គ្លេស លោក ​Morrison ​បាន​ថ្លែង​តាម​អនឡាញ​មក​កាន់​សេតវិមាន​ថា ​«ខ្ញុំ​សូម​បញ្ជាក់​ឲ្យ​ច្បាស់​ថា​ ប្រទេស​អូស្ត្រាលី​មិន​ចង់​បាន​អាវុធ​នុយក្លេអ៊ែរ​ ឬ​បង្កើត​សមត្ថភាព​ធ្វើ​អាវុធ​នុយក្លេអ៊ែរ​ទេ។ ​ហើយ​យើង​នឹង​បន្ត​អនុវត្ត​តាម​កាតព្វកិច្ច​របស់​យើង​ មិន​ផ្សព្វផ្សាយ​អាវុធ​នុយក្លេអ៊ែរ»។​

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​រដ្ឋបាល​លោក​ Biden ​ដែល​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​មុន​ការ​ប្រកាស​នោះ​ បាន​កំណត់​ពេល​វេលា​១៨​ខែ​សម្រាប់​ប្រទេស​ទាំង​៣​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​បង្កើត​ជម្រើស​ផលិត​នាវា​មុជ​ទឹក។ ​

លោក ​Johnson ​បាន​និយាយ​ថា ​ ប្រទេស​របស់​លោក​នឹង​ដើរ​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​ការចែក​រំលែក​ចំណេះ​ដឹង​ដល់​ប្រទេស​អូស្ត្រាលី​ ដែល​ជា​អតីត​អាណានិគម​ក្រោម​ប្រទេស​អង់គ្លេស​ ហើយ​ស្ថិត​នៅ​ក្នុង​សម្ព័ន្ធ​ប្រទេស​ ​Commonwealth ​ដែល​ដឹកនាំ​ដោយ​ព្រះ​មហា​ក្សត្រីយានី​Elizabeth ទី២។​

ភាព​ជាដៃគូ​ថ្មី​នេះ​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​ទាំង៣​ចែក​រំលែក​ព័ត៌មាន​ និង​ជំនាញ​កាន់តែ​ងាយ​ស្រួល​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​សំខាន់ៗ ​ដូចជា​បញ្ញានិមិ្មត ​ បច្ចេកវិទ្យា​អ៊ីនធឺណិត​ បច្ចេកវិទ្យា​ Quantum ​ឬ​សមាសភាព​វិទ្យុសកម្ម​ ប្រព័ន្ធ​ក្នុង​ទឹក​និង​សមត្ថភាព​វាយ​ប្រហារ​វង់​ប្រតិបត្តិ​ឆ្ងាយ។​

លោក ​Biden ​បាន​មាន​ប្រសាសន៍​ថា​ «គំនិត​ផ្តួចផ្តើម​នេះ​គឺ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ យើង​ម្នាក់ៗ​មាន​សមត្ថភាព​ទំនើប​គឺ​សមត្ថភាព​ទំនើប​បំផុត​ ដែល​យើង​ត្រូវការ​ដើម្បី​គ្រប់គ្រង​និង​ការពារ​ប្រឆាំងការ​គំរាម​កំហែង​ដែល​វិវត្ត​យ៉ាង​ឆាប់​រហ័ស»៕