លោក ទៀ សីហា អភិបាលខេត្តសៀមរាប។ រូបភាពដកស្រង់ចេញពីហ្វេសប៊ុករបស់លោក។

លោក ទៀ សីហា អភិបាខេត្តសៀមរាបបានព្រមានថា ទីក្រុងសៀមរាបនឹងដាក់ជាតំបន់ក្រហមក្នុងពេលឆាប់ៗនេះ ដោយសារប្រជាពលរដ្ឋមួយចំនួនមិនសហការ មិនអនុវត្តតាមការណែនាំ និងមិនចេះការពារខ្លួននិងក្រុមគ្រួសាររបស់ខ្លួន បន្តនាំឱ្យឆ្លងដល់អ្នកដទៃ ដែលមានការយល់ដឹងនិងប្រុងប្រយ័ត្នខ្ពស់។

លោកបានសរសេរបង្ហោះតាមហ្វេសប៊ុកនៅយប់ថ្ងៃទី១៦កញ្ញានេះថា៖«ខ្ញុំបាទសូមការយោគយល់ និងអធ្យាស្រ័យ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងក្រុងដែលតែងតែគាំទ្រ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និង រដ្ឋបាលខេត្ត»។

លោកក៏បានអំពាវនាវឱ្យពលរដ្ឋរស់នៅតាមបែបកន្លែង គឺត្រូវអនុវត្តវិធានការ៣ការពារ ដូចជាពាក់ម៉ាស់ លាងដៃ និងត្រូវរក្សាគម្លាត និងវិធានការ៣កុំ ដូចជាកុំនៅបន្ទប់បិទជិត កុំនៅកន្លែងកុះករ និងកុំប៉ះពាល់គ្នា។

កាលពីថ្ងៃទី១១កញ្ញា រដ្ឋបាលខេត្តសម្រេចកំណត់ជាតំបន់លឿងទុំនៅក្នុងភូមិសាស្ត្រក្រុងសៀមរាបរយៈពេល១សប្តាហ៍ គិតចាប់ពីថ្ងៃទី១១ខែកញ្ញា រហូតដល់ថ្ងៃទី១៨កញ្ញា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ចំណែកនៅថ្ងៃទី១៥កញ្ញា លិខិតរបស់រដ្ឋបាលខេត្តសៀមរាបបានចេញសេចក្ដីណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធខេត្តទាំងអស់ ត្រូវពង្រឹងបន្ថែមការអនុវត្តវិធានការប្រយុទ្ធប្រឆាំងកូវីដ ខណៈភូមិសាស្រ្ដដែលត្រូវដាក់ជាតំបន់ក្រហម គឺត្រូវហាមឃាត់បុគ្គលគ្រប់រូបចាកចេញពីលំនៅឋាន ទីកន្លែងអាជីវកម្ម និងសកម្មភាពការងារត្រូវផ្អាក៕