ប្រធានាធិបតីបារាំងលោក Emmanuel Macron។ រូបភាពពីអ៊ិនធឺណិត

រដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំងលោក Olivier Veran បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី១៦កញ្ញានេះថា បុគ្គលិកសុខាភិបាលរាប់ពាន់នាក់នៅទូទាំងប្រទេស ត្រូវបានព្យួរការងារដោយមិនទទួលបានប្រាក់ខែឡើយ ដោយសារពួកគេខកខានមិនបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ មុនថ្ងៃកំណត់នៅសប្តាហ៍នេះ។

លោកបានប្រាប់វិទ្យុបារាំងRTLថា ការព្យួរការងារបុគ្គលិកសុខាភិបាលចំនួន៣,០០០នាក់នៅតាមមណ្ឌលសុខភាពនិងគ្លីនិក ត្រូវបានជូនដំណឹងកាលពីម្សិលមិញ ដោយសារពួកគេមិនទាន់បានចាក់វ៉ាក់សាំងនៅឡើយ។ លោកបន្តថា បុគ្គលិកសុខាភិបាលរាប់សិបផ្សេងទៀត គឺបានសុខចិត្តដាក់ពាក្យសុំឈប់ពីការងារដោយសារមិនចង់ចាក់វ៉ាក់សាំង។

ទោះជាយ៉ាងណា រដ្ឋមន្រ្តីសុខាភិបាលរូបនេះអះអាងថា បារាំងមានបុគ្គលិកសុខាភិបាលសរុបចំនួន២លាន៧សែននាក់ ដូច្នេះការថែទាំអ្នកជំងឺនៅតែធានាបាន ថ្វីត្បិតមានអ្នកព្យួរពីការងារនិងដាក់ពាក្យឈប់ពីការងារ។

កាលពីខែកក្កដា លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង បានផ្តល់ឱកាសឱ្យបុគ្គលិកនៅតាមមន្ទីរពេទ្យ អ្នកធ្វើការងារតាមផ្ទះ និងអ្នកពន្លត់អគ្គីភ័យ គឺយ៉ាងហោចណាស់ត្រូវចាក់វ៉ាក់សាំងឱ្យបានមួយដូសត្រឹមថ្ងៃទី១៥ខែកញ្ញា បើពុំដូច្នេះទេ ពួកគេនឹងប្រឈមមុខការព្យួរការងារដែលមិនទទួលបានប្រាក់ខែ។

បុគ្គលិកសុខាភិបាលបារាំង ដែលមិនព្រមចាក់វ៉ាក់សាំង ដោយសារពួកគេបារាំងអំពីសុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំង ដែលអាចបណ្ដាឱ្យមានហានិភ័យ និងជាមូលហេតុដែលត្រូវបានចាត់ទុកថា ធ្វើឱ្យដំណើរការចាក់វ៉ាក់សាំងរបស់បារាំងត្រូវជាប់គាំង។ កាលពីសប្ដាហ៍មុន ​ទីភ្នាក់ងារសុខភាពសាធារណៈជាតិរបស់បារាំងបានប៉ាន់ប្រមាណថា ប្រហែល១២ភាគរយនៃបុគ្គលិកនៅមន្ទីរពេទ្យ និងប្រហែល៦ភាគរយនៃក្រុមវេជ្ជបណ្ឌិត ដែលបម្រើការក្នុងវិស័យឯកជន ពុំបានចាក់វ៉ាក់សាំងឡើយ។

គិតមកដល់ពេលនេះ បារាំងមានអ្នកចាក់វ៉ាក់សាំងពីរដូសឬពេញលេញចំនួន៧០% ហើយអ្នកដែលបានចាក់វ៉ាក់សាំងបានមួយដូសត្រឹម៧៤% ដែលនេះមានន័យថា ពលរដ្ឋបារាំងជាច្រើនទៀត បានប្រឆាំងជំទាស់នឹងការចាក់វ៉ាក់សាំង៕