ដំណើរការចាក់វ៉ាក់សាំងឱ្យក្មេងនៅក្នុងប្រទេសចិន។ រូបភាព៖ People’s Daily

៩១%នៃសិស្សនៅក្នុងប្រទេសចិនដែលមានអាយុពី១២ទៅ១៧ឆ្នាំ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទាំងពីរដូស។ នេះបើតាមការចុះផ្សាយពីប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិន។ ថ្វីត្បិតមានអត្រាចាក់វ៉ាក់សាំងខ្ពស់ក្ដី ក៏ក្រសួងអប់រំចិនបានជំរុញឱ្យមានការប្រុងប្រយ័ត្ននៅតាមសាលារៀនអំពីមេរោគកូវីដនេះ។

កាលពីថ្ងៃពុធកាសែតរដ្ឋចិន People’s Daily បានផ្សាយថា អត្រាចាក់វ៉ាក់សាំងពីរដូសរបស់គ្រូបង្រៀននិងសិស្សដែលមានអាយុ​លើស​ពី១៨ឆ្នាំឡើង គឺមានចំនួន៩៥% ដែលខ្ពស់ជាងតួលេខអត្រាសិស្សមានអាយុក្រោម១៨ឆ្នាំ។ កាសែតរដ្ឋចិនដដែលនេះបានចុះផ្សាយនៅថ្ងៃព្រសហ្បតិ៍នេះបន្ថែមថា មនុស្សជាងមួយពាន់លាននាក់ហើយនៅក្នុងប្រទេសចិន បានចាក់វ៉ាក់សាំងទាំងពីរដូសដើម្បី​ប្រឆាំងជំងឺកូវីដ១៩ ឬវ៉ាក់សាំងជាង២១៦០លានដូសហើយ ត្រូវបានចាក់នៅក្នុងប្រទេសចិន។

សិស្សវិទ្យាល័យកំពុងរង់ចាំចាក់វ៉ាក់សាំងស៊ីណូវ៉ាកនៅទីក្រុងណានជីងកាលពីថ្ងៃទី២១សីហា។ រូបភាព៖AFP

គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិនបានព្រមានថា ការឆ្លងជំងឺកូវីដ១៩ កំពុងរីករាលដាលនៅសាលាបឋមសិក្សាមួយក្នុងទីក្រុង Putian ជាទីក្រុងមានប្រជាជនចំនួន៣លាននាក់នៅខេត្ត Fujian ភាគខាងកើតប្រទេសចិន។ តំបន់នេះបានកត់ត្រាករណី​ក្នុងស្រុកជាង១៥០ករណីក្នុងរយៈពេល៥ថ្ងៃ និងជំរុញឱ្យទីក្រុងមួយចំនួនក្នុងខេត្តផ្សេងទៀតរបស់ចិនបានចេញការព្រមានអំពីការធ្វើដំណើរទៅកាន់ទីក្រុងនេះ នៅអំឡុងថ្ងៃឈប់សម្រាកធំៗខាងមុខដ៏ខ្លីនេះ៕