មន្ត្រីខេត្តបន្ទាយមានជ័យបានលើកឡើងថា ជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ បានធ្វើឱ្យប៉ះពាល់ស្រុកចំនួន៣ គឺស្រុកមង្គលបូរី ក្រុងសិរីសោភ័ណ និងស្រុកម៉ាឡៃ និងបានបណ្ដាលឱ្យលិចផ្ទះប្រជាពលរដ្ឋជាង២០០គ្រួសារ ក្នុងក្រុងសិរីសោភ័ណ។

លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យបានប្រាប់សារព័ត៌មានខ្មែរណាស់នៅព្រឹកថ្ងៃទី១៦កញ្ញានេះថា កាលពីយប់ថ្ងៃទី១៤កញ្ញា ភ្លៀងធ្លាក់ខ្លាំងរយៈពេល៣ម៉ោង បណ្តាលឱ្យលិចស្រុកទាំងបី ប៉ុន្តែមិនបានធ្វើឱ្យប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធច្រើននោះទេ គ្រាន់តែធ្វើឱ្យប៉ះពាល់ផ្លូវគ្រួសក្រហមជនបទមួយចំនួន ដែលមានទឹកហូរកាត់។

លោកបន្តថា ពលរដ្ឋជាង២០០គ្រួសារនៅក្រុងសេរីសោភ័ណដែលបានជន់លិចដោយសារជំនន់ទឹកភ្លៀង ដោយសារផ្ទះពួកគាត់ស្ថិតនៅតាមមាត់ស្ទឹង ប៉ុន្តែមិនត្រូវបានជម្លៀសចេញពីលំនៅឋានឡើយ ថ្វីត្បិតទឹកមិនទាន់ស្រកទៅវិញអស់ក្ដី។

លោកថ្លែងដូច្នេះថា៖«ជាទូទៅ ផ្ទះទាំងនោះមិនមែនហៅថារងគ្រោះដោយទឹកជំនន់ទេឱ្យតែរដូវវស្សាគាត់លិចហើយ ផ្ទះគាត់នៅមាត់ស្ទឹងហើយនឹងផ្ទះប្រជាពលរដ្ឋមួយចំនួនទៀតក្នុងស្រុកមង្គលបូរី។បើស្ថានភាពថាប្រកាសអាសន្នមិនទាន់ប្រកាសអាសន្នទេគ្រាន់តែគេត្រៀមរកទីទួលសុវត្ថិភាពសម្រាប់ពួកគាត់»។

​លោកបន្ថែមថា នៅក្នុងខេត្តបន្ទាយមានជ័យកាលពីឆ្នាំ២០១៩ និង២០២០នៅពេលមានស្ថានភាពទឹកជំនន់កាន់តែធ្ងន់ធ្ងរ រដ្ឋបាលខេត្តមានទីទួលសុវត្ថិភាពដោយយកផ្លូវវាងក្រុងដែលមានទំហំធំ សម្រាប់ឱ្យពលរដ្ឋរងផលប៉ះពាល់ខ្លាំងស្នាក់នៅ​​​​​​​បណ្តោះអាសន្ន ហើយផ្លូវនោះអាចដាក់បានចំនួនជាង៤០០គ្រួសារ។

ជាមួយគ្នានេះលោកបញ្ជាក់ថា ចំណែកដំណាំស្រូវមិនរងផលប៉ះពាល់នោះទេ ព្រោះកសិករភាគច្រើនដាំតែស្រូវប្រាំងនិងបានប្រមូលផលអស់ហើយ ខណៈដំណាំមួយចំនួនទៀត ដូចជាត្រសក់ សណ្តែក និងត្រឡាចមិនបានលិចលង់នោះទេ ព្រោះកសិករដាំនៅតាមទីទួលនិងតាមចង្កេះភ្នំ។

មន្ត្រីខេត្តរូបនេះបញ្ជាក់ទៀតថា អាជ្ញាធរត្រៀមបើកទំបន់អាងអូរខៃដន ដែលស្ថិតក្រុងប៉ោយប៉ែត នៅពេលដែលប្រទេសថៃមានភ្លៀងខ្លាំង និងមានទឹកជំនន់ ដើម្បីបញ្ញៀសការលិចលង់ក្នុងក្រុងបោយប៉ែត។

លោកថា៖«នៅពេលដែលបើកទ្វាទឹកទម្លាក់មកប្រជាពលរដ្ឋរស់នៅស្រុកអូរជ្រៅមួយចំនួន ផ្លូវលំមួយចំនួន នឹងត្រូវទឹកហូរកាត់»។

លោក អែម សុខា អភិបាលស្រុកថ្មពួកបានប្រាប់ដែរថា ជំនន់ទឹកភ្លៀងបានធ្វើឱ្យទំនប់អន្លង់ត្រាចបាក់ ប៉ុន្តែមិនបាក់ទាំងស្រុងនោះទេ ព្រោះវាជាទំនប់ចាស់ ពេលដែលទឹកហូរកាត់ធ្វើឱ្យដាច់ រិចរិលតាមទឹក ក្រោយមានភ្លៀង៣មេ កាលពីប៉ុន្មានថ្ងៃមុន។ លោកថាការបាក់នេះមិនបានធ្វើឱ្យប៉ះពាល់ ព្រោះទឹកបានហូរចូលស្រែ និងហូរបន្តចូលក្នុងអាងស្ដុកទឹក។

 លោកថ្លែងថា៖«ក្រោយពីច្រោះទឹកអស់ទៅឥឡូវធនធានទឹកគាត់មកកាយទប់វិញហើយ»។

 ចំណែកលោក សឿម ប៊ុនរិទ្ធី មន្ត្រីនាំពាក្យខេត្តបាត់ដំបងបានឱ្យដឹងដែរថា កាលពីរសៀលម៉ោង៣ ថ្ងៃទី១៥ កញ្ញា មានភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យលិចផ្លូវក្នុងក្រុងបាត់ដំបង ហើយស្រកវិញក្រោយរាំងភ្លៀងរយៈពេល១ម៉ោង។ លោកថា វាគ្រាន់តែជំនន់ទឹកភ្លៀងហើយស្រកទៅវិញមិនបានធ្វើឱ្យលិចលង់ ខូចខាត និងប៉ះពាល់នោះទេ។

លោកថ្លែងដូច្នេះថា៖«តាមស្រុកភ្លៀងតិចៗទេ មានតែភ្លៀងនៅក្រុងទេច្រើន ដែលអ្នកបច្ចេកទេសខាងមន្ទីរធនធានទឹកថាប្រហែល៥៥ មីលីម៉ែត្រភ្លៀងខ្លាំងនៅក្រុង»។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៤ កញ្ញា បាន​ឱ្យដឹង​ថា ប្រទេសកម្ពុជានឹង​ទទួល​ឥទ្ធិពលប្រ​ព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយកាត់លើប្រទេសចំនួន៤ រួមមាន ប្រទេសភូមា ថៃ ឡាវ និងវៀតណាម​ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី​២១ ខែកញ្ញា។ បន្ថែម​លើនេះ ក្រសួងថា កម្ពុជាក៏នឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបមួយទៀតពីប្រទេសឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយផងដែរ។

ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្ដាខេត្តមួយចំនួននៅ​តំបន់​វាលទំនាបកណ្ដាល មានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ចំណែកនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម៕