គ្រូពេទ្យចុះយកសំណាកពលរដ្ឋនៅរាជធានីភ្នំពេញ (រូបភាពពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩)

នៅថ្ងៃទី១៦កញ្ញានេះ ក្រសួងសុខាភិបាលបានប្រកាសតួលេខអ្នកឆ្លងប្រចាំថ្ងៃថ្មីចំនួន៦៩៣នាក់ ស្លាប់១១នាក់ និងជាសះស្បើយ​៤៤៣នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់១០២,១៣៦នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសមានចំនួន​១៧,​៤២៨នាក់ ស្លាប់​សរុប២០៧៨នាក់ ជាសះស្បើយ៩៥,៨១០នាក់។ ក្នុងរយៈពេល២៧ថ្ងៃចុងក្រោយនេះ តួលេខឆ្លងប្រចាំថ្ងៃបាន​កើនឡើងវិញជាបន្តបន្ទាប់ ក្រោយពីបានធ្លាក់ក្នុងមួយថ្ងៃមានអ្នកឆ្លងត្រឹមជាង៤០០នាក់។

គិតត្រឹមថ្ងៃទី២១សីហាមកដលត្រឹមថ្ងៃទី៥កញ្ញា គឺក្នុងរង្វង់១៦ថ្ងៃនេះ ក្រសួងសុខាភិបាលបានប្រកាសតួលេខឆ្លងត្រឹមជាង៤០០​នាក់​​ប៉ុណ្ណោះក្នុងមួយថ្ងៃ ប៉ុន្តែចាប់ពីថ្ងៃ៦ដល់ថ្ងៃទី៩កញ្ញា តួលេខឆ្លងបានកើនដល់ជាង៥០០នាក់ក្នុងមួយថ្ងៃ និងចាប់ពីថ្ងៃទី១០​ដល់​ថ្ងៃទី១៦ បានកើនដល់ជាង៦០០នាក់ក្នុងមួយថ្ងៃ។ ការកើនឡើងនៃករណីឆ្លងប្រថ្ងៃនេះ គឺបានកើតឡើងស្របពេលរដ្ឋាភិបាលទើបបានចាប់ផ្ដើមបើកដំណើរការសាលារៀនមួយចំនួនឡើងវិញសម្រាប់ថ្នាក់ទី៩ដល់ទី១២។  

កាលថ្ងៃពុធម្សិលមិញ គ្រឹះស្ថានសិក្សាប្រមាណជាង២២៧កន្លែងចាប់ពីកម្រិតអនុវិទ្យាល័យដល់វិទ្យាល័យ នៅក្នុងរាជធានីភ្នំពេញ បានបើកឲ្យសិស្សជាង១៣ម៉ឺននាក់ឱ្យចូលរៀនឡើងវិញ ខណៈគ្រូបង្រៀន និងបុគ្គលិកអប់រំចំនួន២៤នាក់ ត្រូវបានធ្វើតេស្តរកវិជ្ជមានកូវីដ១៩ មុនបើកពេលបើកថ្នាក់សិក្សា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលារាជធានីភ្នំពេញកាលពីថ្ងៃទី​១៥​កញ្ញា​។

ជាមួយគ្នានេះ កាលពីថ្ងៃទី១៥កញ្ញា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសយុទ្ធនាការថ្មីចាក់វ៉ាក់សាំងលើកុមារអាយុចាប់ពី៦ឆ្នាំទៅ១១ឆ្នាំដែលមានចំនួនប្រហែល១លាន៨សែននាក់ដែលនឹងត្រូវចាប់ផ្ដើមនៅថ្ងៃសុក្រទី១៧កញ្ញានេះតទៅ ដើម្បី​ឈាន​​ទៅបើកសាលារៀនបឋមសិក្សាទូទាំងប្រទេសឡើងវិញ។

សម្ដេចថ្លែងថា៖« យើងបានសម្រចចិត្តថានឹងចាក់វ៉ាក់សាំងឲ្យក្មេងអាយុបី៦ដល់១២ឆ្នាំ ប្រសិនបើយើងមិនចាក់ឲ្យកុមារទាំងនោះទេ យើងមិនអាចឈានទៅបើកសាលាបឋមសិក្សាបានទេ។ ម្យ៉ាងទៀតវ៉ាក់សាំងគេក៏បានសិក្សានៅតាមប្រទេសនាៗហើយ គេក៏​បានចាក់លើក្មេងដែលមានអាយុក្រោម១២ឆ្នាំរួចមកហើយ។​ យើងមានវ៉ាក់សាំងនៅតាមមូលដ្ឋានមួយចំនួនរួចទៅហើយ ត្រូវប្រើប្រាស់វ៉ាក់សាំង ស៊ីណូវ៉ាក់សម្រាប់ការចាក់»។  

បើតាមក្រសួងអប់រំ ការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត នៅតាមក្រុង ស្រុកខណ្ឌដែលមានហា​និ​ភ័យ​ទាបត្រូវបន្តការរៀនតាមបណ្តុំ ដែលមានសិស្សចំនួនតិចជាង១៥នាក់និងឆ្លាស់វេន ឬការរៀនតាមបែបចម្រុះ ចំពោះតំបន់ប្រជុំជន និងទីក្រុង ដែលមានការឆ្លងតិចនិងមានការចាក់វ៉ាក់សាំងរួចហើយ និងត្រូវបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀនដោយ​មានការចូលរួមពីមាតាបិតា និងអាជ្ញាធរ មូលដ្ឋាន ដើម្បសម្រេចនៅកម្រិតសាលារៀនក្នុងការបើកឬផ្អាកដំណើរការសាលារៀន៕