សិស្សនៅហ្វីលីពីនឡើងលើដំបូងផ្ទះ ដើម្បីទទួលបានសេវាអ៊ិនធឺណិតរៀនតាមអនឡាញ។ រូបភាព៖ Reuters

ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ យូនីសេហ្វ បានជំរុញឱ្យបើកសាលារៀនឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នៅក្នុងប្រទេសដែលមានសិស្សរាប់លាននាក់ តែមិនទាន់ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់មកថ្នាក់រៀនវិញនៅឡើយក្នុងរយៈពេល១៨ខែមកនេះ ដោយសារជំងឺរាតត្បាតកូវីដ១៩ ។

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយអង្គការយូនីសេហ្វនៅថ្ងៃព្រហស្បតិ៍ទី១៦កញ្ញាបញ្ជាក់ថា សាលារៀននៅប្រទេសចំនួន​១៧ នៅតែបន្តបិទទ្វារទាំងស្រុង ខណៈសាលារៀននៅក្នុងប្រទេសចំនួន៣៩ បានបើកដំណើរការបានខ្លះ។ ក្នុងចំណោមសាលាដែលស្ទើរតែបិទទាំងស្រុងទាំងនោះ គឺជាសាលារៀនដែលមានសិស្សជិត៧៧លាននាក់ នៅក្នុងប្រទេសហ្វីលីពីន បង់ក្លាដែស វ៉េណេស៊ុយអេឡា អារ៉ាប៊ីសាអូឌីត ប៉ាណាម៉ា និងប្រទេសគុយវ៉ែត ហើយស្ទើរតែមួយភាគបីនៃតួលេខនេះ គឺកុមារនៅក្នុងប្រទេសហ្វីលីពីន ជាប្រទេសផ្ទុះឡើងនៃជំងឺកូវីដ១៩ដ៏អាក្រក់បំផុតមួយនៅអាស៊ី និងជាប្រទេសដែលឆ្នាំសិក្សាថ្មីទើបបានចាប់ផ្តើមនៅសប្តាហ៍នេះ។

អង្គការនេះបន្តថា សិស្សនៅក្នុងប្រទេសចំនួន៦ទាំងនេះ ដែលតំណាងឱ្យជាងពាក់កណ្ដាលនៃចំនួនសិស្ស១៣១លាននាក់នៅទូទាំង​ពិភពលោក គឺបានខកខានជាង៣ភាគ៤នៃការរៀនសូត្រផ្ទាល់ជាមួយគ្រូ។ លោក Henrietta Fore នាយកប្រតិបត្តិអង្គការយូនីសេហ្វបានលើកឡើងថា វិបត្តិអប់រំនៅតែមាន ហើយជារៀងរាល់ថ្ងៃបន្ទប់រៀននៅតែងងឹត ការប៉ះពាល់កាន់តែអាក្រក់ទៅៗ។

សិស្សអាចមានសុវត្ថិភាពនៅផ្ទះ ប៉ុន្តែការមានកុំព្យូទ័រ ទូរសព្ទដៃ និងអ៊ិនធឺណិត និងគុណភាពនៃការអប់រំមិនស្មើគ្នា គឺស្ថិតក្នុងចំណោមបញ្ហាប្រឈមដែលសិស្សបន្តជួបប្រទះ។ ជាក់ស្ដែងនៅប្រទេសហ្វីលីពីន ក្មេងៗខ្លះត្រូវបានបង្ខំឱ្យឡើងលើដំបូលផ្ទះដើម្បីទទួលមានសញ្ញាអ៊ីនធឺណិតសម្រាប់រៀនតាមអនឡាញ។ កាលពីខែមិថុនា លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន បានច្រានចោលសំណើមួយដើម្បីអនុញ្ញាតឱ្យបើកថ្នាក់រៀនឡើងវិញនៅក្នុងតំបន់ខ្លះ ដោយបាននិយាយថា លោកមិនអាចយកសុខភាពរបស់កុមារមកធ្វើជាល្បែងលេងនោះទេ។

នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីខែមេសា ធនាគារអភិវឌ្ឍន៍អាស៊ី បានប៉ាន់ប្រមាណថា ការបិទសាលារៀនដែលមានរយៈពេលជាងមួយឆ្នាំ គឺអាចកាត់បន្ថយប្រាក់ចំណូលនាពេលអនាគតក្នុងចំណោមសិស្សក្នុងតំបន់ រហូតដល់១,២៥ទ្រីលានដុល្លារអាមេរិក ឬស្មើនឹង៥,៤ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២០៕