ក្មេងជំទង់នៅទីក្រុងDublinប្រទេសអៀរឡង់ ចាក់វ៉ាក់សាំងកូវីដ១៩។ រូបភាព៖BBC

សារព័ត៌មាននៅអង់គ្លេសBBCបានចុះផ្សាយនៅថ្ងៃទី១៤កញ្ញានេះ ដោយបង្ហាញពីប្រទេសមួយចំនួន ដែលកំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារនិងក្មេងជំទង់ ហើយប្រទេសខ្លះ គឺសម្រេចចាក់វ៉ាក់សាំងតែមួយដូសប៉ុណ្ណោះសម្រាប់កុមារ ដែលខុសពីមនុស្សវ័យកណ្ដាលនិងមនុស្សចាស់ ដែលត្រូវចាក់ចំនួន២ដូស ទើបមានភាពស៊ាំគ្រប់គ្រាន់ប្រឆាំងនឹងជំងឺកូវីដ។

ដូចជាក្មេងអាយុ១២ទៅ១៥ឆ្នាំនៅក្នុងប្រទេសអង់គ្លេស គឺអនុញ្ញាតឱ្យចាក់វ៉ាក់សាំងPfizerតែមួយដូសប៉ុណ្ណោះ ដែលនេះគឺជាការអនុវត្តតាមសេចក្ដីសម្រេចរបស់ប្រធានក្រុមមន្ត្រីវេជ្ជសាស្រ្ដរបស់ប្រទេសនេះ។ រីឯប្រទេសផ្សេងៗទៀត ក៏បានសម្រេចចាក់វ៉ាក់សាំងឱ្យក្មេងដែរ ប៉ុន្តែប្រើប្រាស់វិធីសាស្រ្ដផ្សេងគ្នា។

កាលពីខែឧសភា ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) បានអនុម័តវ៉ាក់សាំង Pfizer សម្រាប់ចាក់ឱ្យក្មេងអាយុពី១២ទៅ១៥ឆ្នាំ។ ចាប់តាំងពីពេលនោះមក បណ្តាប្រទេសសហភាពអឺរ៉ុប បាននាំគ្នាសម្រុកចាក់វ៉ាក់សាំងឱ្យក្មេងបានយ៉ាងឆាប់រហ័ស។ ក្មេងដែលមានអាយុចាប់ពី១២ទៅដល់១៥ឆ្នាំនៅប្រទេសដាណឺម៉ាក និងក្មេងមានអាយុពី១២ទៅដល់១៩ឆ្នាំនៅក្នុងអេស្បាញ គឺមានអត្រាភាគច្រើនបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់បានមួយដូស។ ចំណែកប្រទេសបារាំងក៏បានធ្វើដំណើរបានយ៉ាងឆាប់រហ័សដែរ គឺក្មេងបារាំងអាយុ១២ទៅ១៧ឆ្នាំប្រហែល៦៦%បានចាក់វ៉ាក់សាំងដូសទី១ និងប្រហែល៥២% បានចាក់វ៉ាក់សាំងពេញលេញឬបានពីរដូស។ នៅត្រឹមចុងខែតុលាខាងមុននេះ ការសម្រេចមួយ នឹងត្រូវអនុម័តដើម្បីកំណត់ថា ក្នុងចំណោមមនុស្សអាយុក្រោម១៨ឆ្នាំ គឺត្រូវបង្ហាញកាតចាក់វ៉ាក់សាំងឬការតេស្តកូវីដអវិជ្ជមាន មុនចូលទៅក្នុងកន្លែងមួយចំនួន ដូចជារោងកុន សារមន្ទីរ ភោជនីយដ្ឋាន និងផ្សារទំនើបលក់ទំនិញជាដើម។

កាលពីខែមិថុនា ទីប្រឹក្សាវិទ្យាសាស្ត្ររបស់ប្រទេសអាល្លឺម៉ង់ ក៏បានផ្តល់អនុសាសន៍ថា វ៉ាក់សាំងកូវីដគួរតែត្រូវបានចាក់ឱ្យកុមារអាយុពី១២ទៅ១៥ឆ្នាំ ចំពោះតែកុមារដែលប្រឈមហានិភ័យខ្ពស់ឬកុមារកំពុងមានជំងឺប្រចាំកាយ ប៉ុន្តែនៅក្នុងខែសីហានេះ បន្ទាប់​ពីមានការរីករាលដាលជំងឺបំប្លែងថ្មីដែលតា ប្រទេសនេះក៏បានចាប់ផ្ដើមចាក់វ៉ាក់សាំងសម្រាប់មនុស្សទូទៅដែលមានអាយុ​លើសពី១២ឆ្នាំឡើង។ នៅប្រទេសស៊ុយអែត ក៏បានសម្រេចចាក់វ៉ាក់សាំងឱ្យកុមារអាយុពី១២ទៅ១៥ឆ្នាំដែរ ប៉ុន្តែចាក់សម្រាប់តែកុមារមានជំងឺសួត ជំងឺហឺតធ្ងន់ធ្ងរ ឬស្ថានភាពសុខភាពដែលមានហានិភ័យខ្ពស់ទៅនឹងជំងឹកូវីដ១៩។ នៅប្រទេសន័រវែស ក៏បានចាប់ផ្ដើមចាក់ឱ្យកុមារអាយុពី១២ទៅ១៥ឆ្នាំដែរ ប៉ុន្តែឱ្យចាក់តែមួយដូសប៉ុណ្ណោះ ហើយការចាក់ដូសទី២នឹងត្រូវសម្រេចនៅពេលក្រោយទៀត។

នៅខែឧសភានិយតករអាមេរិកនិងកាណាដាគឺ គឺបានយល់ព្រមឱ្យប្រើវ៉ាក់សាំងPfizerសម្រាប់ចាក់លើកុមារចាប់ពីអាយុ១២ឆ្នាំឡើងទៅ។ បន្ទាប់មក ដំណើរការចាក់វ៉ាក់សាំងលើក្មេងនេះ បានធ្វើឡើងនៅទូទាំងសហរដ្ឋអាមេរិក ដោយដូសទី១និងដូសទី២ ត្រូវចាក់មានគន្លាតពីគ្នាចំនួន៣សប្ដាហ៍។ គិតត្រឹមចុងខែកក្កដា ៤២%នៃក្មេងអាយុពី១២ទៅ១៧ឆ្នាំនៅសហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងដូសទី១ ហើយ៣២%បានចាក់វ៉ាក់សាំងដូសទី២ គឺវ៉ាក់សាំងPfizerឬModerna។ ដំណើរការចាក់វ៉ាក់សាំងលើក្មេងនៅសហ​រដ្ឋ​អាមេរិកនេះ បានកើតឡើងបន្ទាប់ពីមានការកើនឡើងករណីឆ្លងជំងឺកូវីដបំប្លែងថ្មីដែលតា។

មកដល់ប្រទេសចិនវិញ គឺប្រទេសនេះបានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងស៊ីណីវ៉ាក់ចាក់ឱ្យក្មេងមានអាយុចាប់ពី៣ឆ្នាំទៅ១៥ឆ្នាំតាំងពីខែមិថុនា និងក្លាយប្រទេសដំបូងគេ ដែលបានចាក់វ៉ាក់សាំងឱ្យក្រុមមនុស្សដែលមានវ័យក្មេងបំផុត។ ប្រទេសចិនបានដាក់គោលដៅចាក់វ៉ាក់សាំងឱ្យបាន៨០%នៃចំនួនប្រជាជនសរុបរបស់ខ្លួនដែលមានចំនួន១៤០០លាននាក់នៅត្រឹមចុងឆ្នាំ​២០​២១​នេះ។ វ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិននេះ ក៏ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូឡាយនៅតំបន់អាស៊ី អាហ្វ្រិក និងអាមេរិកខាងត្បូង។ រីឯប្រទេសកម្ពុជា ក៏ទើបបានប្រកាសពង្រីកការចាក់វ៉ាក់សាំងទៅដល់ក្មេងដែលមានអាយុចាប់ពី៦ឆ្នាំឡើងនៅក្នុងសប្ដាហ៍នេះ ដើម្បី​ឈាន​ទៅដល់ការបើកសាលាបឋមសិក្សាឡើងវិញ។

ឥណ្ឌា គឺជាប្រទេសដែលត្រូវអង្គការយូនីសេហ្វចាត់ទុកថា មានប្រជាជនវ័យជំទង់ច្រើនគេបំផុតនៅលើពិភពលោក គឺប្រមាណ​២៥៣​លាននាក់ ហើយបើទិន្នន័យចុងក្រោយពីការស្ទង់មតិជាតិបានបង្ហាញថា ប្រហែល៦០%នៃកុមារឥណ្ឌាបានប្រឈមនឹងមេរោគឆ្លងកូវីដ១៩ចាប់តាំងចពីមានជំងឺរាតត្បាតនេះ។ នៅខែសីហា និយតករឱសថរបស់ឥណ្ឌាបានយល់ព្រមឱ្យការប្រើប្រាស់ជាបន្ទាន់ចំពោះវ៉ាក់សាំងថ្មីមួយដែលបង្កើតឡើងដោយក្រុមហ៊ុនឱសថក្នុងស្រុក ដើម្បីចាក់ទៅឱ្យក្មេងដែលមានអាយុចាប់ពី១២ឆ្នាំឡើង៕