រូបឯកសារ៖ ក្រុម​និស្សិត​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​កាន់​បដា​រូប​សកម្មជន​ថៃ​ដែល​បាន​បាត់​ខ្លួន​ ក្នុង​អំឡុង​ពេល​ធ្វើ​បាតុកម្ម​មួយ​នៅ​ឯ​សាកលវិទ្យាល័យ Thammasat នៅ​ខេត្តPathum Thani ភាគ​ខាង​ជើង​ទីក្រុង​បាងកក​ ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី១០ ខែ​សីហា ឆ្នាំ២០២០។ (AP)

បាងកក — សភា​ថៃ​កាលពី​ថ្ងៃ​ពុធ​បាន​ចាប់ផ្តើម​ជជែក​ដេញដោល​សេចក្តី​ព្រាង​ច្បាប់​ដែល​ចាត់ទុក​ជាការ​ខុសច្បាប់​ចំពោះ​ការធ្វើ​ទារុណកម្ម​និង​ការបាត់ខ្លួន​ដោយ​ការបង្ខំ បន្ទាប់ពី​ពន្យារពេល​អស់​ជា​ច្រើន​ឆ្នាំ​និង​ការខឹង​សម្បា​របស់​អង្គការ​សង្គម​ស៊ីវិល ​អំពី​ការចោទប្រកាន់​ពីការរំលោភ​ធ្វើ​បាប​និង​និទណ្ឌភាព​ក្នុង​ចំណោម​បុគ្គល​ពង្រឹងច្បាប់។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

សេចក្តី​ព្រាងច្បាប់​នេះ ធ្វើ​ឡើង​ដើម្បី​រារាំង​និង​ដាក់​ទណ្ឌកម្មលើពួក​មន្ត្រី​រដ្ឋ​ទុច្ចរិត​ដែល​បាន​ចាប់​ពង្រត់​និង​ធ្វើ​ទារុណកម្មទៅ​លើជន​សង្ស័យ។ សេចក្តី​ព្រាងច្បាប់​នេះ​បាន​ទទួល​ការអនុម័តជា​លើក​ដំបូង​ដោយគណៈរដ្ឋមន្ត្រី​ថៃ​នៅ​ក្នុងឆ្នាំ២០១៦ ក៏ប៉ុន្តែ​ការជឿនលឿន​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ បាន​ជាប់គាំង​នៅ​ក្នុង​សភា។

ប្រទេស​ថៃ​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ស្តីពី​ការការពារ​ពី​ការបាត់​ខ្លួន​ដោយ​ការបង្ខំ​នៅ​ឆ្នាំ២០១២ ក៏ប៉ុន្តែ មិន​បាន​ផ្តល់​សច្ចានុមតិ​លើ​សន្ធិសញ្ញា​នោះ​ឡើយ។

គណៈកម្មការ​របស់អង្គការ​សហប្រជាជាតិបាន​កត់ត្រា​ការបាត់​ខ្លួន​ដោយ​ការបង្ខំ​ចំនួន​៨២​ករណី​នៅ​ក្នុង​ប្រទេស​ថៃ​ចាប់តាំង​ពី​ឆ្នាំ១៩៨០​មក ខណៈដែល​ពួក​ប្រឆាំង​ថៃ​យ៉ាង​តិច​ណាស់​ក៏​៩​នាក់​ដែរ​ ដែល​បាន​រត់គេច​ខ្លួន​ពី​ការធ្វើ​បុក​ទុក​ម្នេញ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ បាន​ត្រូវ​គេ​ចាប់​ពង្រត់​នៅ​ក្នុង​បណ្តា​ប្រទេស​ជិត​ខាង។ នេះ​បើ​តាម​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក។

ការជឿនលឿន​នៃ​សេចក្តី​ព្រាងច្បាប់​ចុង​ក្រោយ​នេះ​ដែល​កាលពីពេល​មុន​ត្រូវ​បាន​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី​កាលពី​ខែ​មិថុនា ជួនពេល​មាន​ការចោទប្រកាន់ពី​ការ​ធ្វើ​ទារុណកម្ម​និង​ការសម្លាប់​ជន​សង្ស័យ​ជួញដូរ​ថ្នាំ​ញៀន​ម្នាក់​ដោយ​មន្ត្រី​ប៉ូលិស​៦នាក់​ដែល​ត្រូវ​ថត​បានដោយ​កាមេរ៉ាសុវត្ថិភាព​ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អនឡាញ​កាលពី​ខែ​មុន។ លោក Somsak Thepsutin រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ថៃ បាន​ប្រាប់​សភា​ថា «ការ​ធ្វើ​ទារុណកម្ម​និង​ការបាត់ខ្លួន​របស់​ពលរដ្ឋ​ដោយសារ​ពួក​មន្ត្រី​រដ្ឋ ជា​ការរំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​និង​មិន​អាច​ត្រូវ​បាន​ធ្វើ​នៅ​ក្រោម​កាលៈទេសៈ​ណា​ក៏ដោយ»។

ចំពោះ​ជន​ណា​ដែល​បាន​រកឃើញ​កំហុស​ពី​ការធ្វើ​ទារុណកម្ម​និង​ការបាត់​ខ្លួន​ដោយ​ការបង្ខំ ដែល​ត្រូវ​បាន​ស្នើ​ឲ្យ​ទទួល​ទណ្ឌកម្ម​រួមមាន​ការផាកពិន័យ​និង​ជាប់​ពន្ធនាគារ​ពី៥​ទៅ១៥​ឆ្នាំ បាន​ត្រូវ​បង្កើន​ពី១០​ទៅ២៥​ឆ្នាំ ប្រសិនបើ​ជនរងគ្រោះ រងរបួស​ស្នាម​ធ្ងន់ធ្ងរ និង​ជាប់​ពន្ធនាគារ​ពី ១៥ឆ្នាំ​ទៅ៣០ឆ្នាំ​ឬ​អស់​មួយ​ជីវិតបើ​មាន​ការបាត់បង់​អាយុ​ជីវិត​គេ៕