លោក ន្រេត ភក្ត្រា មន្ត្រីនាំពាក្យក្រសួងបរិស្ថានក្នុងពេលប្រគល់ដ្រូនជូនឱ្យមន្ត្រីឧទ្យានុរក្សខេត្តកំពត។ រូបភាព៖ក្រសួងបរិស្ថាន

មន្រ្តីក្រសួងបរិស្ថានបានលើកឡើងថា ក្រសួងបានផ្ដល់ឧបករណ៍ដ្រូនមួយគ្រឿងឱ្យមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពត កាលពីខែសីហាកន្លងទៅនេះ ដើម្បីទុកប្រើប្រាស់សម្រាប់ការពារ និងអភិរក្សធនធានធម្មជាតិ។

លោក ន្រេត ភក្ត្រា មន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១៥កញ្ញានេះថា យន្តដ្រូននោះ គឺបាន ផ្ដល់ទៅឱ្យមន្ត្រីឧទ្យានុរក្សចំនួន៤០នាក់ នៃមន្ទីរបរិស្ថានខេត្តកំពត ដើម្បីគ្រប់គ្រងរាល់ព័ត៌មាន ដែលបានកើតឡើងនៅក្នុងតំបន់ការពារធនធានធម្មជាតិ។ លោកបន្តថា កាលពីខែសីហា ក្រសួងក៏បានចែកវិទ្យុទាក់ទងចំនួន៥គ្រឿង ហើយកាលពីថ្ងៃទី១៣​កញ្ញានេះ ក៏បានប្រគល់ចំនួន៤០គ្រឿងទៀត ដល់មន្រ្តីឧទ្យានុរក្សទាំងនោះ។

លោកថ្លែងដូច្នេះថា៖«សំខាន់ទាំងដ្រូន ទាំងអាយគោមនេះ វាជាបច្ចេកវិទ្យាថ្មីមួយដែលយើងត្រូវប្រើប្រាស់​ ព្រោះវាគឺជាការកាត់បន្ថយកម្លាំង នៃការធ្វើដំណើរគ្រប់ច្រកល្ហកទៅលើហ្នឹង ប៉ុន្តែយើងអាចប្រើប្រាស់ដ្រូននេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងដោយសារពេលយើងឡើងទៅលើ គឺយើងអាចមើលលើកម្រិតផ្ទៃដីវាធំ។ ដូច្នេះ! អាចចំណេញពេលវេលាព្រោះថា មន្ត្រីឧទ្យានុរក្សម្នាក់ គឺគាត់អភិរក្សផ្ទៃដីជាមធម្យនៅស្រុកខ្មែរយើងប្រមាណជិត៦ ពាន់ហិកតា»។

លោកបន្តថា ចំណែកវិទ្យុទាក់ទងវិញអាចឱ្យមន្ត្រីទាក់ទងគ្នាក្នុងការចុះល្បាត និងបង្ក្រាបបទល្មើសបន្ទាន់ ព្រោះនៅក្នុងតំបន់ព្រៃគឺគ្មានសេវាសម្រាប់ទំនាក់ទំនងតាមទូរសព្ទនោះទេ។

លោកបន្ថែមថា៖«ជាពិសេសអាយគោម(វិទ្យុទាក់ទង) ក៏វាជាមធ្យេបាយមួយសម្រាប់មន្ត្រីឧទ្យានុរក្សការពារសុវត្ថិភាពទេសចរ ដែលចូលទៅទស្សនានៅតំបន់ការពារធម្មជាតិ ឬក៏អ្នកចូលចិត្តដើរភ្នំ ឡើងភ្នំអីហ្នឹងគាត់អាចចូលទៅក្នុងព្រៃ ពេលខ្លះគាត់អាចមិនសូវស្គាល់ផ្លូវ និងវង្វេង។ ដូច្នេះមន្ត្រីឧទ្យានុរក្សឈរជើងនៅកន្លែងនីមួយៗហ្នឹង អាចបោះដៃរកគ្នាដើម្បីការពារសុវត្ថិភាពសម្រាប់ភ្ញៀវ»។

ក្នុងការងារកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនេះ មន្ត្រីនាំពាក្យរូបបានបញ្ជាក់ថា ក្រសួងក៏បានប្រើបច្ចេកវិទ្យាទំនើប ដូចជាការភ្ជាប់ប្រព័ន្ធ GPS និងផ្កាយរណប រវាងមន្ត្រីចុះល្បាត ជាមួយមន្ត្រីនៅមន្ទីរ ហើយប្រសិនក្នុងករណីមានបទល្មើស និងបញ្ហាផ្សេងទៀត​ គឺមន្ត្រីចុះល្បាតអាចផ្តល់ព័ត៌មានភ្លាមៗមកឱ្យខាងមន្ទីរ ដើម្បីងាយចាប់ទីតាំង។

លោកថ្លែងថា៖«ជួនកាលយើងមើលពីផ្កាយរណបទៅ យើងអាចនឹងឃើញទីតាំងប្រព្រឹត្តបទល្មើស។ ដូច្នេះយើងផ្តល់ព័ត៌មាន និងនិយាមកាមឱ្យទៅមន្ត្រីរបស់យើង។ នេះជាកិច្ចការដែលយើងបានធ្វើនៅក្នុងតំបន់ព្រៃឡុង និងជុំវិញព្រៃឡង់។ យើងបានបោះមួយជំហានទៅលើការប្រើប្រាស់បច្ចេកវិទ្យា។ ចំណែកតំបន់ផ្សេងៗទៀតយើងបាននឹងកំពុងតែបន្ថែមបច្ចេកវិទ្យាហ្នឹង ដើម្បីឱ្យការងារការពារអភិរក្សឱ្យមានប្រសិទ្ធភាពខ្ពស់»។

បើ់តាមក្រសួងបរិស្ថាន កម្ពុជាមានមន្ត្រីឧទ្យានុរក្សចំនួន ១២៦០ នាក់ ដែលកំពុងការពារ និងអភិរក្សទៅលើផ្ទៃដីប្រមាណ ៧,៣ លានហិកតាស្មើប្រមាណ ៤១%នៃផ្ទៃដីប្រទេសកម្ពុជា ដែលក្នុងមន្ត្រីឧទ្យានុរក្សម្នាក់ ជាមធ្យមត្រូវការពារ និងអភិរក្សផ្ទៃដីជិត ៦ពាន់ហិកតា៕