
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានស្នើទៅលោកស្រី Maryam Salim ដែលទើបតែងតាំងជាប្រធានធនាគារពិភពលោក(WB)ថ្មីប្រចាំកម្ពុជា ដើម្បីពិចារណានូវលទ្ធភាពជួយគាំទ្រលើគម្រោងសំខាន់ចំនួន៣របស់ក្រសួង ដែលរួមមាន ពង្រីកការផលិតបន្លែ ធ្វើទំនើបកម្មវិស័យកសិកម្ម និងអភិវឌ្ឍវិស័យវារីវប្បកម្ម។
ការស្នើសុំនេះ ធ្វើឡើងនៅក្នុងជំនួបមួយនៅថ្ងៃទី១៥កញ្ញានេះ។ បើយោងតាមការចុះផ្សាយនៅក្នុងទំព័រហ្វេសប៊ុកវេង សាខុន គឺគម្រោងទី១ដើម្បីពង្រឹងផលិតភាពផលិតកម្មបន្លែនៅទូទាំងប្រទេស និងដោយឡែកក្នុងតំបន់ជុំវិញរាជធានីភ្នំពេញ ដើម្បីធានាបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងតម្លៃ ដោយចងក្រងបណ្តុំផលិត តភ្ជាប់ជាមួយបណ្តាញទីផ្សារ កន្លែងប្រមូលផ្តុំ រចនាសម្ព័ន្ធស្តុក និងការដឹកជញ្ជូន។
ចំណែកគម្រោងទី២ គឺការបន្តធ្វើទំនើបកម្មវិស័យកសិកម្ម ដើម្បីលើកកម្ពស់ខ្សែច្រវាក់តម្លៃបន្ថែម កសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដែលបម្រើដល់ផលិតកម្មដំណាំផ្លែឈើ ការកែច្នៃ និងការនាំចេញ រួមទាំងការលើកកម្ពស់ការផ្តល់សេវាផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ការសិក្សាស្រាវជ្រាវ និងផលិតពូជ សំដៅបង្កើនទិន្នផល ការគ្រប់គ្រង និងការប្រើប្រាស់ជី ថ្នាំកសិកម្ម ព្រមទាំងកសាងនិងពង្រឹងសមត្ថភាពធនធានមនុស្ស និងសមត្ថភាពមន្ទីរពិសោធន៍ជាតិ។
រីឯគម្រោងទី៣ គឺការអភិវឌ្ឍវិស័យវារីវប្បកម្ម ដើម្បីលើកកម្ពស់ផលិតភាពផលិតកម្ម ធានាបានគុណភាព សុវត្ថិភាព និងពង្រីកការងារស្រាវជ្រាវ បង្កាត់ និងផ្សព្វផ្សាយពូជត្រី និងចំណីឲ្យបានទូលំទូលាយ រួមទាំងការបណ្តុះបណ្តាលធនធានមនុស្សផងដែរ។
លោករដ្ឋមន្រ្តីបញ្ជាក់ថា គម្រោងដែលក្រសួងចង់បាននេះ គឺដើម្បីបង្កើនផលិតភាពផលិតកម្ម លើកកម្ពស់គុណភាព សុវត្ថិភាព ពង្រឹងខ្សែច្រវាក់ផលិតកម្មកែច្នៃ ដើម្បីឆ្លើយតបតាមតាមស្តង់ដារនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ លោកស្រីMaryam Salim បានបញ្ជាក់ថា លោកស្រីនឹងយកសំណើនេះទៅពិនិត្យពិចារណាឲ្យបានលម្អិតជាមួយក្រុមជំនាញ និងដៃគូពាក់ព័ន្ធផ្សេងទៀត។
លោក វេង សាខុន បានប្រាប់សារព័ត៌មានខ្មែរណាស់យ៉ាងខ្លីតាមប្រព័ន្ធតេឡេក្រាមបន្ថែមថា លោកគ្រាន់តែលើកជាសំណូមពរទៅកាន់ភាគីធនាគារពិភពលោក ដើម្បីផ្តល់ការគាំទ្រប៉ុណ្ណោះ ប៉ុន្តែលោកមិនទាន់ដឹងថា ធនាគារនេះសម្រេចផ្តល់ការគាំទ្រនៅពេលណាឡើយ។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានឧបត្ថម្ភថវិកាចំនួន៣លាន៣សែនដុល្លារ និងផ្ដល់បច្ចេកទេសដល់ក្រសួងកសិកម្ម ដើម្បីអនុវត្តគម្រោង ដាំបន្លែមានតម្លៃសេដ្ឋកិច្ចខ្ពស់ ដូចជា ស្ពៃក្ដោប ស្ពៃបូកគោ ផ្កាខាត់ណា និងដំឡូងបារាំង នៅខេត្តមណ្ឌលគិរី ដើម្បីផ្គត់ផ្គង់ទីផ្សារកម្ពុជាឱ្យបានគ្រប់គ្រាន់ ខណៈក្នុងមួយឆ្នាំ កម្ពុជានាំចូលបន្លែទាំងនោះពីក្រៅប្រទេសរាប់ម៉ឺនតោន។ គម្រោងនេះមានផែនការអនុវត្ត៤៨ខែគឺចាប់ពីឆ្នាំ២០២១ទៅដល់ឆ្នាំ ២០២៤ ខាងមុខ៕
- ក្រុមការងារសម្របសម្រួល និងតំណាងអង្គការ Global Life Sharing របស់កូរ៉េ ចុះពិនិត្យមើលទីតាំងគម្រោងបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ - នៅថ្ងៃទី 13/07/2022
- សន្និសីទថ្នាក់ខេត្តរវាងអាជ្ញាធរតំណាងរដ្ឋាភិបាល យុវជន និងសហគ្រិនស្ត្រីមកពីខេត្តចំនួន៦នៅខេត្តសៀមរាប - នៅថ្ងៃទី 09/07/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា - នៅថ្ងៃទី 30/05/2022