ជនជាតិចិនចំនួន ១៤នាក់ និងកាំភ្លើងដែលពួកគេទុកប្រើប្រាស់ក្នុងការជំរិតទាប្រាក់។ រូបភាព៖ហ្វេសប៊ុករបស់កងរាជអាវុធហត្ថខេត្តព្រះសីហនុ

រយៈពេលប្រហែល១០ថ្ងៃក្នុងខែកញ្ញានេះ កម្លាំងកងរាជអាវុធហត្ថនិងនគរបាលខេត្តព្រះសីហនុ រឹបអូសបានកាំភ្លើងវែងខ្លីយ៉ាងហោចណាស់ចំនួន១០ដើម ពីក្រុមជនជាតិចិន ដែលបានប្រើប្រាស់សម្រាប់បង្ខាំងមនុស្សជំរិតទារប្រាក់ ការដកបាញ់គំរាមនៅតាមសណ្ឋាគារ និងការភ្ជង់គំរាមបាញ់សម្លាប់ជនជាតិចិនដូចគ្នាជាដើម។ សង្គមស៊ីវិលយល់ឃើញថា ការប្រើប្រាស់អាវុធខុសច្បាប់ទាំងនេះ កំពុងធ្វើឱ្យពលរដ្ឋមានការភ័យខ្លាចកាន់តែខ្លាំង។

កាលពីថ្ងៃទី១០កញ្ញា កម្លាំងកងរាជអាវុធហត្ថសហការជាមួយកម្លាំងនគរបាលខេត្ត បង្ក្រាបបានសំបុកក្រុមចាប់ជំរិតទារប្រាក់ជនជាតិចិនដ៏ធំមួយមានគ្នាចំនួន១៤នាក់ ដែលពួកមានអាវុធវែងខ្លីចំនួន៧ដើមសម្រាប់ប្រើប្រាស់ និងបានពួនសម្ងំលាក់ខ្លួនធ្វើសកម្មភាពនៅក្នុងអាគារកម្ពស់៩ជាន់មួយកន្លែង ស្ថិតនៅក្បែរកាស៊ីណូជីងកាង នៅម្ដុំចុងឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ។

ក្នុងបង្ក្រាបករណីចាប់ជំរិតនេះ គឺមានការផ្ទុះអាវុធពី៥ទៅ៦គ្រាប់ ខណៈសមត្ថកិច្ចបញ្ជាក់ថា ក្រុមចាប់ជំរិតជនជាតិចិនបានបាញ់មកសមត្ថកិច្ច ហើយបានគេចខ្លួនលើទៅក្នុងអាគារនោះ។ សមត្ថកិច្ចបញ្ជាក់ថា មានជនជាតិចិនជាចំណាប់ខ្មាំង២នាក់ត្រូវបានជួយសង្គ្រោះ ហើយបន្ទាប់មក ក៏បានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជាជនជាតិ១៤នាក់ មានស្រ្ដីម្នាក់ និងបានរកឃើញការលាក់ទុកអាវុធវែងខ្លីចំនួន៧ដើម រួមទាំងរកឃើញបន្ទប់បើកហ្គេមអនឡាញមួយចំនួន។

ដោយឡែកនៅថ្ងៃអង្គារ ទី១៤កញ្ញានេះ សមត្ថកិច្ចខេត្តព្រះសីហនុ ក៏បង្ក្រាបបានក្រុមជនជាតិចិនចំនួន៥នាក់ទៀត ដែលបានបង្ខាំងទុកជនជាតិចិនដូចគ្នានៅក្នុងផ្ទះល្វែង ដើម្បីជំរិតទារ។ នៅក្នុងករណីនេះ សមត្ថកិច្ចមិនបានរកឃើញការលាក់ទុកកាំភ្លើងនោះទេ។

ក្រៅពីករណីចាប់បង្ខាំងមនុស្សជំរិតទារប្រាក់នេះ គឺកាលពីថ្ងៃទី១កញ្ញា សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់ បន្ទាប់ពីជនទាំងនោះ បានដកកាំភ្លើងភ្ជង់ជនជាតិជាតិចិនដូចគ្នា និងត្រូវបានជនរងគ្រោះខលទៅប្ដឹងសមត្ថកិច្ច។ នៅក្នុងការឃាត់ខ្លួនជនជាតិទាំង៤នាក់នេះ សមត្ថកិច្ចបានរកឃើញអាវុធខ្លី២ដើមនិងគ្រាប់ចំនួន៣៧គ្រាប់ ដែលពួកគេលាក់នៅក្រោមកម្រាលជើងកៅអីរថយន្តខាងក្រោម។

ជាមួយគ្នានេះ កាលពីថ្ងៃទី២កញ្ញា  នគរបាលខេត្តព្រះសីហនុ ក៏បង្ក្រាបបានជនជាតិចិនម្នាក់ ដែលបានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ របាញ់ទៅលើទ្វារកញ្ចក់របស់សណ្ឋាគារ ស៊ីងហាវអ៊ីងហួយ ចំនួន២គ្រាប់ បណ្តាលឲ្យបែកកញ្ចក់អស់មួយផ្ទាំង រួចគេចខ្លួន។ ក្រោយឃាត់ខ្លួនបាន កាំភ្លើងនិងគ្រាប់កាំភ្លើងចំនួន៨គ្រាប់ ត្រូវបានដកហូត។ ក្រៅពីនេះក៏មានករណីបុរសជនជាតិខ្មែរម្នាក់ត្រូវបានឃុំខ្លួន បន្ទាប់ពីបានគំរាមបាញ់សម្លាប់ប្រពន្ធ បាញ់ឱពុកក្មេកឱ្យរងរបួស និងគំរាមបាញ់សម្លាប់ទាំងគ្រួសារ។ យោងតាមស្នងការនគរបាលខេត្តព្រះសីហនុ នៅដើមខែកញ្ញានេះ អាជ្ញាធរក៏បង្ក្រាបគ្រឿងញៀនជាច្រើនករណីដែរ។

លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១៤កញ្ញានេះថា ករណីបទល្មើសដែលបង្ក្រាបបានទាំងនេះ គឺខ្លះបន្ទាប់ពីស្នងការទទួលបានបណ្តឹង ហើយករណីជាក់ស្តែងខ្លះ ត្រូវការពេលវេលាស្រាវជ្រាវនិងបង្រ្កាប។ ក្នុងរយៈប៉ុន្មានថ្ងៃនៃខែកញ្ញានេះ លោកបន្តថា ការបង្ក្រាបទៅលើករណីប្រដាប់អាវុធមាន៣ករណី ក្នុងនោះរួមទាំងក្រុមជនជាតិចិនប្រើអាវុធចាប់បង្ខាំងជនជាតិចិនដូចគ្នាដើម្បីជំរិតទារប្រាក់។ 

លោកមានប្រសាសន៍ថា៖« ខ្ញុំគិតថាបទល្មើសព្រហ្មទណ្ឌពិភពលោក គឺជាបទល្មើសនៅក្នុងសង្គម។ អ្វីដែលកើតឡើង ហើយសមត្ថកិច្ចមិនស្រាវជ្រាវ មិនបង្រ្កាបបាន នោះទើបជាបញ្ហាធ្វើឱ្យមានអស្ថិរភាពសង្គម។ ប៉ុន្តែបើបទល្មើសកើតឡើងមានការសហការទប់ស្កាត់ ឬស្រាវជ្រាវបង្រ្កាប វាជាករណីទូទៅក្នុងពិភពលោកដែលតែងតែកើតមាន កុំឱ្យតែសមត្ថកិច្ចអសមត្ថភាព​ ហើយធ្វើ​ឱ្យអសន្តិសុខក្នុងតំបន់ទើបជារឿងពិបាក»។ 

ចំពោះវិធានការដើម្បីទប់ស្កាត់បញ្ហាទាំងនេះឱ្យមានប្រសិទ្ធភាព លោកអះអាងថា គ្មានអ្វីល្អជាងការចូលរួមពីសំណាក់ប្រជាពលរដ្ឋនោះទេ។ លោកបន្ថែមថា ដោយសារតែមានការចូលរួមពីប្រជាពលរដ្ឋច្រើន ទើបខេត្តព្រះសីហនុអាចរក្សាសុខសុវត្ថិភាពបាន ហើយលោកបានអំពាវនាវឱ្យមានការចូលរួមបន្តទៀត។

ចំណែកលោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូបានលើកឡើងថា ការគ្រប់គ្រងអាវុធជាតិផ្ទុះនៅកម្ពុជានៅមិនទាន់មានភាពពេញលេញនៅឡើយ ដែលជនខិលខូចមួយចំនួននៅតែអាចប្រើប្រាស់អាវុធដើម្បីប្រព្រឹត្តបទល្មើសផ្សេងៗដូចជា ឆក់ ប្លន់ និងជំរិតទាប្រាក់ជាដើម។  

លោកថា៖«ចំពោះការបាត់បង់សន្តិសុខសណ្តាប់ធ្នាប់វាមិនបាត់បង់ទេ គ្រាន់តែថាការដែលមានអាវុធក្នុងការកាន់កាប់ប្រព្រឹត្តនូវបទល្មើសនៃការចាប់ជំរិតជាដើមហ្នឹង វាបង្កជាការភ័យខ្លាចសម្រាប់ប្រជាពលរដ្ឋ ទោះបីជាសមត្ថកិច្ចបង្រ្កាបបានយ៉ាងណាក៏ដោយ ក៏បញ្ហាទាំងអស់នេះវានៅតែបង្កភាពអសន្តិសុខ និងភ័យខ្លាចសម្រាប់ប្រជាពលរដ្ឋ ដែលទាមទារឱ្យសមត្ថកិច្ចបន្ថែមនូវការគ្រប់គ្រងអាវុធជាតិផ្ទុះទៅលើបទល្មើសទាំងនេះ»។ លោកក៏បានលើកឡើងពីការកាន់កាប់អាវុធរបស់សមត្ថកិច្ចខ្លះដែលប្រើប្រាស់អាវុធខុសតាមគោលការណ៍ ដែលករណីខ្លះឈានដល់ការធ្វើអត្តឃាតដោយអាវុធ ដែលពួកគេប្រើប្រាស់អំឡុងពេលក្រៅបេសកកម្មជាដើម។ លោកក៏ស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធឱ្យគិតគូពីបញ្ហាទាំងនេះ និងទាមទាឱ្យមានការគ្រប់គ្រងឱ្យបានហ្មត់ចត់បំផុត៕