អាជ្ញាធរស្វែងរកក្មុងប្រុសម្នាក់ដែលបាត់ខ្លួនក្នុងករណីលិចទូកនេសាទនៅស្រុកស្ទឹងហាវ( រូបភាព ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ)

នៅរសៀលថ្ងៃទី១៤កញ្ញានេះ មានករណីលិចទូកនេសាទមួយគ្រឿង ស្ថិតនៅក្រុម១ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះ​សីហ​នុ​ និងបានធ្វើឲ្យក្មេងអាយុ១៤ឆ្នាំម្នាក់បាត់ខ្លួន។

លោក រស់ កី អធិការនគរបាលស្រុកស្ទឹងហាវ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១៤កញ្ញានេះថា នៅម៉ោងប្រហែល១រសៀលមានករណីលិចទូកនេសាទមួយគ្រឿងនៅត្រង់ចំណុច ចុងអូរ ប្រមាណចំងាយ១០០ម៉ែត្រពីច្រាំង ហើយនៅលើទូកនោះមានមនុស្ស​២​នាក់ដែលត្រូវជាឱពុកនិងកូន។ រហូតមកដល់ម៉ោង៤:៣០នាទីល្ងាចនេះ ឱពុកត្រូវបានរកឃើញ និងជួយសង្រោះទាន់ពេលវេលា ចំណែក​កូននៅមិនទាន់រកឃើញនៅឡើយ។ 

ក្រសួងធនធានទឹកនិងឧតុនិយមបានលើកឡើងនៅក្នុងសេចក្ដីប្រកាសនៅថ្ងៃទី១៤កញ្ញានេះថា កម្ពុជាកំពុងទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបITCZ ដែលអូសបន្លាយកាត់ប្រទេសភូមា ថៃ ឡាវ និងវៀតណាម ហើយពីថ្ងៃទី១៧ដល់ថ្ងៃទី២១កញ្ញា នឹងបន្តទទួល​​ឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ។  

ក្រសួងបានព្យាករណ៍ថា អាកាសធាតុបែបនេះ នឹងធ្វើឱ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ប្រឈមការធ្លាក់ភ្លៀងក្នុងកម្រិត​​​ខ្សោយទៅបង្គួរ លាយឡំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។ ចំណែកបណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម៕